កីឡាអន្តរជាតិ
អន្តរជាតិ
ស្មើ Man Utd លោក ​Klopp សុំអ្នកគាំទ្រ Liverpool អត់ធ្មត់ ព្រោះមិនទាន់អស់ឱកាសប្រជែងពាន
08, Apr 2024 , 11:19 am        
រូបភាព
​ក្រុម Liverpool បានវាយបកតាមស្មើ  Manchester United ក្នុងលទ្ធផល ២-២ ក្នុងការប្រកួតក្របខណ្ឌលីគកំពូលអង់គ្លេស Premier League នាថ្ងៃទី៧ ខែមេសា។ រកបានតែ១ពិន្ទុក្រៅដី លោក Jurgen Klopp សុំអ្នកគាំទ្រមានភាពអត់ធ្មត់ ដ្បិតមិនទាន់របូតឱកាសប្រជែងពាននៅឡើយ។



«សូមអ្នកគាំទ្រ Liverpool ទាំងមូលរក្សភាពអត់ធ្មត់។ យើងខ្ញុំតែស្ថិតនៅទីកន្លែងដែលយើងបានប៉ងស្រម៉ៃ ហើយនឹងបន្តធ្វើតាមគម្រោងឆ្ពោះទៅមុខ។ តើខ្ញុំត្រូវតែមានក្តីរំពឹងថាយើងនឹងមានគម្លាត ១០ពិន្ទុដាច់ឬ?។ យើងកំពុងស្ថិតនៅកន្លែងដែលចង់បាន ហើយក៏យើងបន្តស្ថិតក្នុងការប្រជែងដូចគ្នា។»។ លោក Klopp បាននិយាយប្រាប់អ្នកកាសែតក្រោយចប់ការប្រកួតបែបនេះ។
 
ទោះស្ថិតនៅចំណាត់ថ្នាក់លេខ ២ នែតារាងពិន្ទុ EPL ​ក្រុមរហស្សនាមហង្សក្រហមមានពិន្ទុចំនួន ៧១ពិន្ទុ ស្មើនឹងក្រុមកំពូលតារាង Arsenal និងនាំមុខក្រុមការពារជើងឯក Manchester City ចំនួន១ពិន្ទុ ស្របពេលការប្រកួតនៅសល់ ៧លើកទៀត នឹងបញ្ចប់រដូវកាល។
 
ដោយឡែកក្នុងការប្រកួតនោះ ក្រុមភ្ញៀវបានបើកឆាកនាំមុខមុន នៅនាទី២៣ ដែលជាការស៊ុតពីកីឡាករ Luis Diaz សហការគ្នាបានយ៉ាងល្អជាមួយនឹងមិត្តរួមក្រុម Darwin Nunez។ 
 
យ៉ាងការប្រកួតចូលវគ្គទី២ ប្រធានក្រុម​ Bruno Fernandes បានស៊ុតបាល់តាមស្មើ ១-១ មកវិញនៅនាទី៥០ មុនពេលដែលកីឡាករវ័យក្មេងកំពុងផ្ទុះសមត្ថភាព Kobbie Mainoo ស៊ុតគ្រាប់ទី២ នាទី៦៧។ បិសាចក្រហមភ្លាត់ស្នៀតបង្កកំហុសនៅនាទី៨៤ បានផ្តល់ឱកាសដល់ខ្សែប្រយុទ្ធ Mohamed Salah ស៊ុតបាល់ពិន័យ ១១ម៉ែត្រ តាមស្មើលទ្ធផល ២-២។
 
ក្រឡែកទៅការប្រកួតគូដទៃ Sheffield United បានក៏មានការប្រកួតវាយបករហូតអាចដណ្តើមបាន ១ពិន្ទុ ពីលទ្ធផលស្មើ ២-២ មកវិញពីក្រុម Chelsea ដែលកំពុងស្រែកឃ្លានជ័យជម្នះ។ ស្មើការប្រកួត Chelsea កើនពិន្ទុតិចតួចឡើងឈរចំណាត់ថ្នាក់លេខ ៩ ក្នុងតារាង ខណៈ Sheffield United បន្តឈរបាតតារាងមានត្រឹម ១៦ពិន្ទុ។
 
​ចំណែក Tottenham Hotspur បានបំបាក់ក្រុម Nottingham Forest លទ្ធផលការប្រកួត ៣-១ ដើម្បីឡើងមកឈរនៅចំណាត់ថ្នាក់លេខ ៤ ទម្លាក់ក្រុម Aston Villa ទៅលេខ ៥ ​មាន ៦០ពិន្ទុស្មើគ្នា ក្នុងតារាង Premier League។ ក្រុម Nottingham Forest រងបរាជ័យធ្វើឱ្យខ្លួនបន្តឈរនៅចំណាត់ថ្នាក់លេខ ១៧ មាន ២៥ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួតចំនួន ៣២លើក ហើយមានគម្លាតពីក្រុមកាត់ចោល Luton Town ត្រឹមតែ ២គ្រាប់ប៉ុណ្ណោះ ខណៈពិន្ទុ ២៥ស្មើគ្នា៕

Tag:
 Jurgen Klopp
  Liverpool
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com