ភ្នំពេញ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន លោក កើត សារ៉ាយ ពីបទ«មិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម» និងបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
បើតាមសាលាដំបូងរាជធានីភ្នំពេញ លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ននិស្សិតបញ្ញវន្តខ្មែរ
និងគូកន កាលពីអំឡុងខែមីនា បានរៀបចំផែនការ អូសទាញប្រជាពលរដ្ឋ ឱ្យប្រព្រឹត្តអំពើកាប់ទន្ទ្រានដីខុសច្បាប់ និងចេញប្រឆាំងដោយហិង្សាជាមួយអាជ្ញាធរ។
អ្នកនាំពាក្យតុលាការ បានសង្កត់ធ្ងន់លើលោក កើត សារ៉ាយ ថា៖ «បំផុសឱ្យពលរដ្ឋមានការភ័យខ្លាច រត់ភៀសខ្លួនចូលព្រៃ និងរៀបចំរូបភាពជាការភ័យខ្លាចមកលើអាជ្ញាធរ និងទុក្ខលំបាកវេទនា បើទោះបីជាអាជ្ញាធរខេត្តព្រះវិហារសុំឱ្យសហការដើម្បីជួយប្រជាពលរដ្ឋ ក៏ក្រុមជនសង្ស័យមិនព្រមទទួលយកជំនួយពីអាជ្ញាធរខេត្តដែរ»។
កាលពីថ្ងៃទី២១ មីនា ប្រធានសមាគមសម្ព័ននិស្សិតបញ្ញវន្តខ្មែរ បានដឹកនាំយុវជន៤រូបទៀត ទៅជួបពលរដ្ឋមានវិវាទដីធ្លីក្នុងស្រុកគូលែន ខេត្តព្រះវិហារ ដែលរត់ចូលក្នុងព្រៃ និងបានធ្វើបទសម្ភាស រួមទាំងថតសកម្មភាពពលរដ្ឋរស់នៅក្នុងព្រៃទៀតផង។ សកម្មភាពទាំងនេះ លោក សារ៉ាយ ក៏បានផ្សាយលើគណនីហ្វេសប៊ុកដែរ។
អ្នកនាំពាក្យតុលាការបានឱ្យដឹងថា ក្រុមជនសង្ស័យខាងលើនេះ បានផ្ញើរូបភាពមួយចំនួន ទៅឱ្យបណ្ដាញផ្សព្វផ្សាយក្រៅប្រទេស ដែលជាហេតុបង្កឱ្យសាធារណជន ភ័ន្តច្រឡំ លើរដ្ឋាភិបាល។ ករណីនេះ តុលាការបានដាក់បន្ទុកលើ លោក សារ៉ាយ ថា៖ «បានធ្វើការអះអាងផ្សព្វផ្សាយជាសាធារណៈដោយបំភ្លៃព័ត៌មានមិនពិត ក្នុងចេតនាបញ្ជោះកំហឹង ពលរដ្ឋឱ្យមានការថ្នាំងថ្នាក់ជាមួយរដ្ឋាភិបាល»។
តាមរយៈហេតុផលទាំងនេះ តុលាការបានសម្រេចចោទប្រកាន់លើជនសង្ស័យ កើត សារ៉ាយ និងគូកន ពីបទ «មិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម» និងបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា ៨៨ ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។
យោងតាមមាត្រា៨៨ នៃក្រមព្រហ្មទណ្ឌ ចែងថា រយៈពេល៥ឆ្នាំ បើបុគ្គលណាមិនរាងចាលក្នុងការប្រព្រឹត្តបទមជ្ឈិម បន្ទាប់ពីការផ្ដន្នាទោសជាស្ថាពររួចពីបទមជ្ឈិម គឺទោសថ្មី ត្រូវទ្វេឡើង។
សូមជម្រាបថា ប្រធានសមាគមសម្ព័ននិស្សិតបញ្ញវន្តខ្មែរ ត្រូវសមត្ថកិច្ចចាប់ខ្លួន ហើយបញ្ជូនទៅតុលាការនៅថ្ងៃទី៦ មេសា។
កន្លងមក លោក កើត សារ៉ាយ ធ្លាប់បានតុលាការរាជធានីភ្នំពេញ សម្រេចឱ្យជាប់ពន្ធនាគារ២០ខែ និងពិន័យប្រាក់ពីរលានរៀល ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ តែលោក អនុវត្តទោសនោះ តែ១៤ខែប៉ុណ្ណោះ។ ចំណែកទោសនៅសល់ត្រូវព្យួរសាកល្បង រយៈពេល២ឆ្នាំ។ នេះបើតាមសាលក្រមព្រហ្មទណ្ឌចេញថ្ងៃទី២៦តុលា ឆ្នាំ២០២១៕