ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនចិន Sunwah មានបំណងវិនិយោគបន្ថែមលើវិស័យសំខាន់ៗនៅកម្ពុជា​
08, Apr 2024 , 8:59 pm        
រូបភាព
លោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group ចាប់ដៃជាមួយសម្តេច ហ៊ុន ម៉ាណែត ក្នុងឱកាសជួបពិភាក្សាការងារនៅវិមានសន្តិភាព នាថ្ងៃទី៨មេសា ឆ្នាំ២០២៤។ រូបថត៖ STPM
លោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group ចាប់ដៃជាមួយសម្តេច ហ៊ុន ម៉ាណែត ក្នុងឱកាសជួបពិភាក្សាការងារនៅវិមានសន្តិភាព នាថ្ងៃទី៨មេសា ឆ្នាំ២០២៤។ រូបថត៖ STPM
Sunwah Group​ ជាក្រុមហ៊ុនចិន បានបោះទុនរកស៊ីនៅកម្ពុជាតាំងពីឆ្នាំ១៩៩៤មក ដែលផ្តោតសំខាន់លើការបង្កើតរោងចក្រកែច្នៃគ្រឿងសមុទ្រនាំចេញទៅទីផ្សារបរទេស។ បច្ចុប្បន្ន​ ក្រុមហ៊ុនលំដាប់ពិភពលោកមួយនេះ មានបំណងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមនៅទឹកដីកម្ពុជា លើវិស័យសំខាន់ៗមួយចំនួន។​

 
ក្រុមហ៊ុន Sunwah Group​ កំពុងសម្លឹងការវិនិយោគបន្ថែមទៀតនៅកម្ពុជា លើការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ), ការកសាងអគារពាណិជ្ជកម្ម និងលំនៅឋានខុនដូ និងវិនិយោគលើវិស័យទេសចរណ៍។​ ក្រុមហ៊ុនចិនមួយនេះ ក៏មានបំណងវិនិយោគលើការដំឡើងស្ថានីយសាកថាមពលយានយន្តអគ្គិសនី (EV Charging Station) និងការកសាងស្ថានីយបណ្តាញទូរគមនាគមន៍ 5Gផងដែរ។ 
 
គោលបំណងនៃដាក់ទុនវិនិយោគបន្ថែមលើវិស័យខាងលើ ត្រូវបានលើកឡើងដោយលោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group នៅចំពោះមុខប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព នាថ្ងៃទី៨មេសា។​  ជុំវិញនៃបំណងនេះ សម្តេច ហ៊ុន ម៉ាណែត បាន​ស្វាគមន៍ និងបញ្ជាក់ទៅកាន់ប្រធានក្រុមហ៊ុ​ន Sunwah ថា​ រដ្ឋាភិបាលគឺមានចក្ខុវិស័យច្បាស់លាស់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ការប្តេជ្ញាចិត្តកន្លងមកនេះ ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើន និងរក្សាបាននូភាពធន់ ដោយសម្រេចបានកំណើន៥​,៦ភាគរយក្នុងឆ្នាំ២០២៣ ។ បើតាមការព្យាករកំណើននេះ សេដ្ឋកិច្ចកម្ពុជា នឹងដល់៦,៦ភាគរយ ក្នុងឆ្នាំ២០២៤។​
 
« ជាមួយគ្នានេះ ដើម្បីធានាបាននូវបរិយាកាសនៃការប្រកួតប្រជែង និងការធ្វើធុរកិច្ច រដ្ឋាភិបាលកម បន្តយកចិត្តទុកដាក់លើការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ក្នុងការផ្តល់ជំនឿទុកចិត្តដល់វិនិយោគិន»។ នេះជាការរៀបរាប់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត  ដែលបានខិតខំជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ផ្លូវលឿន និងកំពង់ផែទឹកជ្រៅ ព្រមទាំងដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗជាច្រើនទៀត ដើម្បីគាំទ្រដល់ការវិនិយោគនៅកម្ពុជា ដូចជាគំរូថ្មីនៃតំបន់សេដ្ឋកិច្ចពិសេស តាមប្រភេទឧស្សាហកម្ម និងតម្រូវការរបស់ប្រទេសនីមួយៗ និងយុទ្ធសាស្រ្តប្រទេសបូក ( Plus-One Strategy)។ 
 
ពាក់ព័ន្ធនឹងគម្រោងវិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសបៃតង និងគម្រោងវិនិយោគលើយានយន្តអគ្គិសនី EV, សម្តេច ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រុមហ៊ុនពិភាក្សាបន្ថែមជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងរ៉ែ និងថាមពល ជាដើម។ សម្តេចធិបតី បានអះអាងថា រដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ថាមពលស្អាត ។ បច្ចុប្បន្ន កម្ពុជាកំពុងប្រើប្រាស់ថាមពលស្អាតជាង៦០ភាគរយ ហើយកំពុងជំរុញការប្រើប្រាស់ថាមពលស្អាតនេះ ឱ្យឈានទៅដល់៧០ភាគរយ ត្រឹមឆ្នាំ២០៣០។
 
ចំពោះបំណងរបស់ក្រុមហ៊ុន Sunwah លើការវិនិយោគក្នុងវិស័យទេសចរណ៍, សម្តេច បានលើកឡើងថា រដ្ឋាភិបាល បាន​ដាក់ចេញគោលនយោបាយគាំទ្រវិស័យទេសចរណ៍ និងការពង្រីកជើងហោះហើរត្រង់ ពីបណ្តាប្រទេសនានា ក្នុងតំបន់-ពិភពលោក ដោយបានបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដើម្បីផ្តល់សេវាកម្មទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ 
 
គួរជម្រាបថា ក្រុមហ៊ុន Sunwah Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៧ គ្របដណ្តប់លើផ្នែកអាហារសមុទ្រ និងគ្រឿងឧបភោគបរិភោគ អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ បច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយ ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងការបណ្តុះបណ្តាល និង Green Tech និងការថែទាំសុខភាព។ ក្រុមហ៊ុននេះដំណើរការនៅចិនដីគោក ជប៉ុន ម៉ាកាវ វៀតណាម មីយ៉ាន់ម៉ា សិង្ហបុរី កាណាដា អឺរ៉ុប អាមេរិក អូស្ត្រាលី និងនៅកម្ពុជា៕

Tag:
 វិនិយោគ
  ក្រុមហ៊ុនចិន
© រក្សាសិទ្ធិដោយ thmeythmey.com