ជាតិ
ព្រឹទ្ធចារ្យ​ម្ចាស់​ស្រុក មាន​តួនាទីសំខាន់ក្នុងការ​ដឹកនាំ​យុវជន​ឱ្យ​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​
13, Apr 2024 , 9:59 am        
រូបភាព
ភ្នំពេញ៖ ការពារ និង​អភិរក្ស​ល្បែងប្រជាប្រិយ​ខ្មែរ អ្នក​ណា​ក៏អាច​លើក​យក​មកនិយាយ​បាន​ដែរ​នៅ​លើ​បណ្តាញ​សង្គម ប៉ុន្តែ​ការអនុវត្ត​ជាក់​ស្តែង​នៅ​កម្រិត​នៅឡើយ។ ​បច្ចុប្បន្ន​ សកម្ម​ភាព​លេង​ល្បែង​ប្រជា​ប្រិយ​ខ្មែរនាឱកាស​នៃពិធី​បុណ្យ​ចូលឆ្នាំថ្មី មិន​សូវផុសផុល​នោះទេ នៅ​តាម​ភូមិ តាមទីវត្តអារាម។

 
ពេល​វេលា​ចេះតែដើរទៅមុខ ទំនាក់ទំនង និង​សកម្ម​ភាពជួបជុំនៅតាមភូមិស្រុក​ ត្រូវបាន​កាត់បន្ថយ​បន្តិចម្តងៗ ដោយក្រុម​យុវជន ត្រូវ​ចេញស្វែងរកចំណេះដឹង និងបំពេញការងារនៅទីឆ្ងាយ ហើយវត្តមានរបស់ពួក​គេ​ម្តងៗនៅ​ស្រុកកំណើត គឺ​ជាពេល​ដែលឆក់កណ្តៀត​តែប៉ុណ្ណោះ។
 
ទោះបី​ជាយ៉ាងណាក៏ដោយ ​យុវជន និងកុមារបន្តមានស្រុកពីមួយជំនាន់​ទៅមួយ​ជំនាន់ ដូច្នេះ​ចាស់ទុំ​នៅ​តាម​បណ្តា​ភូមិ​ស្រុក នៅតែ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​បញ្ជ្រាប​ចំណេះដឹង និង​បំផុស​ចលនា​លេងល្បែង​ប្រជាប្រិយខ្មែរ​ នៅ​តាម​ភូមិ និង​វត្តអារាម នា​ឱកាស​នៃពិធីបុណ្យ​ចូល​ឆ្នាំថ្មី។
 
ចាស់ទុំជាច្រើន​ យល់ដឹង​ និងស្គាល់ល្បែងប្រជាប្រិយខ្មែរច្បាស់ ជាពិសេស​របៀប​លេង​ដែលត្រូវ​តាម​ក្បួន​ខ្នាត។ កម្មវិធីដែល​ដឹកនាំ​ដោយ​ចាស់ព្រឹទ្ធាចារ្យ ពិតជាអាចទាក់ទាញ​ការ​ចូល​រួមពី​បណ្តា​យុវជន​ ហើយ​យុវជន​មួយចំនួន​ដែល​មិន​នៅ​ស្រុក​កំណើតជាប់លាប់ ក៏អាច​ចូលរួម​ជាកម្លាំង និង​ថវិកា ក្នុងការ​រៀបចំទៅតាម​លទ្ធភាព​របស់ខ្លួន។



អារម្ភបទ របស់សៀវភៅ «ល្បែងប្រជាប្រិយខ្មែរ» បោះពុម្ពដោយ ពុទ្ធសាសនបណ្ឌិត្យ នាឆ្នាំ ១៩៦៤ បានសរសេរថា៖ «ការដែលពុំបានចារឹកល្បែងរបស់ខ្មែរទុកជាឯកសារនោះ នាំឱ្យល្បែងខ្មែរពុំអាចមានអាយុយឺនយូរតទៅបាន ហើយថែមទាំងឥទ្ធិពលនៃល្បែងបរទេស ចេះតែចូលមកច្រៀតជ្រែកគ្របសង្កត់ផងទៀត ល្បែងខ្មែរ ក៏រឹតតែសាបរលាបបន្តិចម្ដងៗ។» 
 
គណៈកម្មការរៀបចំសៀវភៅ បានដឹងរៀបរាប់ពីផលលំបាកក្នុងការចងក្រងឯកសារល្បែងប្រជាប្រិយខ្មែរ​ ប៉ុន្តែការខិតខំ ក្នុងន័យខ្លាចបាត់បង់ បានធ្វើឱ្យសមាជិកនិពន្ធទាំងអស់ សម្រេចបានស្នាដៃមួយ ទុកជាឯកសារ ដល់យុវជនជំនាន់ក្រោយ។ នាឆ្នាំ១៩៦៤ ពួកគាត់ បានដឹងថា ល្បែងប្រជាប្រិយខ្មែរ នឹងសាបរលាប ហើយជាក់ស្ដែង នាពេលបច្ចុប្បន្ន ល្បែងប្រជាប្រិយខ្មែរ បានបាត់ពីភ្នែកយុវជនភាគច្រើនទៅហើយ។ 
 
នៅពេល​សាកសួរយុវជនមួយចំនួនអំពីល្បែងប្រជាប្រិយខ្មែរ និងឱ្យពួកគាត់រាប់។ អ្នកខ្លះ រាប់បានតែ៣ ទៅ៥ ប៉ុណ្ណោះ ហើយពួកគាត់ សុទ្ធតែបញ្ជាក់ថា មិនបានលេងល្បែងប្រជាប្រិយយូរមកហើយ។ យុវជនទាំងនោះ ជាអ្នកស្រុកស្រែចម្ការ ដែលសុទ្ធតែធ្លាប់លេងល្បែងប្រជាប្រិយខ្មែរកាលនៅកុមារផងដែរ។ ចុះទម្រាំអ្នករស់នៅភ្នំពេញ តើគាត់ស្គាល់ល្បែងប្រជាប្រិយខ្មែរ ប៉ុន្មាន? តើពួកគាត់បានលេងល្បែងប្រជាប្រិយខ្មែរច្រើនដែរឬទេ? 
 


​សៀវភៅ «ល្បែងប្រជាប្រិយខ្មែរ» ដែល​បោះពុម្ព​នៅ​ឆ្នាំ​១៩៦៤ លើកឡើង​ពី​ល្បែង​ប្រជាប្រិយ​ខ្មែរចំនួន​២២ ក្នុងនោះ រួមមាន​ ល្បែងស្ដេចចង់ ឬអៀវ, ឈូង, ចាប់កូនខ្លែង, លោតអន្ទាក់, លាក់កន្សែង, ឱបត្រឡាច, ប្រជល់មាន់, គ្របមាន់, បិទពួន, អង្គញ់, គោះពព្លាក់ ឬទះពព្លាក់, គោះត្រឡោក, សី, ទាញព្រ័ត្រ, កូនគោល, រាវបង្កង, ចោះប្រមាត់, បាយខុំ, លាក់កូនកាស, លាក់ធ្យូង, ប៉ក់ចាប និង ល្បែង ចត្រង្គ។ 
 
តាមពិតទៅ ល្បែងប្រជាប្រិយរបស់ខ្មែរ មានច្រើនជាងនេះ ប៉ុន្តែនៅតាមតំបន់នីមួយៗ ពលរដ្ឋនិយមលេងល្បែងប្រជាប្រិយមួយចំនួនប៉ុណ្ណោះ ដូចជា ចោលឈូង លាក់កន្សែង បោះអង្គញ់ ទាញព្រ័ត្រ ស្ដេចចង់ ជាដើម។ 
«សង្ក្រាន្ត» ដែល​រៀបចំនៅ​តាម​បណ្តារាជធានី-ខេត្ត នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ពិតជា​បានទាក់ទាញ​ និង​បំផុស​ចលនា​លេងល្បែង​ប្រជាប្រិយក្នុង​ឱកាស​នៃការអបអរពិធីបុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណីជាតិ ប៉ុន្តែ​ស្របពេលជាមួយគ្នា ការ​លេងជះទឹក បាចទឹក ប៉ាតម្សៅ ហាក់ដូចជា​មាន​សន្ទុះខ្លាំងជាង។



យុវជន ពេញនិយមលើ​ការ​ប្រើប្រាស់កាំភ្លើងបាញ់ទឹក ដែលនាំចូលមកពីប្រទេសជិតខាង។ ពួកគេ បានលេងសប្បាយ ប៉ុន្តែពួកគេ ក៏បានចំណាយថវិកាច្រើន ទិញកាំភ្លើងបាញ់ទឹកដែលនាំ​ចូល​ពីបរទេសផងដែរ។  ចុះបើយើងនាំគ្នាលេងល្បែងប្រជាប្រិយគ្រប់គ្នា ហើយទិញសម្ភារៈរបស់ខ្មែរ នោះ មានន័យ​ថា យើងក៏រួមចំណែកជួយផ្ដល់ចំណូលដល់ពលរដ្ឋខ្មែរ ក៏ដូចជា​ចូលរួមអភិរក្សល្បែងប្រជាប្រិយខ្មែរ ថែមទៀត​ផង។ យើងមិនអាចគាំទ្រខ្មែរ និងបញ្ចេញមតិយោបល់ឱ្យគាំទ្រ អភិរក្សអ្វីៗរបស់ខ្មែរ តែលើបណ្ដាញសង្គមនោះទេ។ 
 
សរុបមក ចាស់ព្រឹទ្ធាចារ្យនៅតាមភូមិ និងវត្តអារាម ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការដឹកនាំកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរ ឡើងវិញគ្រប់ៗទីកន្លែង។ ចាស់ៗ ជាអ្នកនាំផ្លូវយុវជន ហើយយុវជន ត្រូវចូលរួមគ្រប់ៗគ្នា ដើម្បីឱ្យល្បែងប្រជាប្រិយ ដែលជាទ្រព្យសម្បត្តិរបស់ដូនតាខ្មែរ រស់ជារៀងរហូត៕  

Tag:
 ទស្សនៈ
  ល្បែងប្រជាប្រិយខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com