ជាតិ
សម្ដេច ហ៊ុន សែន បកស្រាយថា គម្រោងព្រែកជីកហ្វូណនបម្រើសេដ្ឋកិច្ចកម្ពុជា មិនមែនសម្រាប់ទ័ពចិនឡើយ
09, Apr 2024 , 2:35 pm        
រូបភាព
តើកម្ពុជាត្រូវការកងទ័ពចិន មកធ្វើអ្វី? និងដើម្បីអ្វី? នេះជាសំនួររបស់សម្ដេច ហ៊ុន សែន សួរទៅកាន់អ្នកចោទប្រកាន់រដ្ឋាភិបាលកម្ពុជា ជុំវិញគម្រោងព្រែកជីកតេជោហ្វូណន ។ ក្នុងអត្ថបទព័ត៌មានចុះផ្សាយព្រោងព្រាត បានលើកឡើងថា គម្រោងនេះ ជួយសម្រួលដល់កងទ័ពចិន ឈរជើងនៅជិតព្រំដែនវៀតណាម។

 
«កម្ពុជា និងវៀតណាម ជាប្រទេសជិតខាងប្រកបដោយមិត្តភាព និងសហប្រតិបត្តិការល្អលើគ្រប់វិស័យ»។ នេះជាចម្លើយរបស់ប្រធានគណបក្សប្រជាជនកម្ពុជា នៅលើហ្វេសប៊ុក នាថ្ងៃទី៩ មេសា ដោយបានបន្ថែមថា ចិន និងវៀតណាម ក៏មានទំនាក់ទំនងល្អ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែរ។ ក្នុងន័យនេះ សម្ដេច ហ៊ុន សែន ទំនងចង់ពន្យល់ថា បើប្រទេសទាំងសងខាង មានទំនាក់ទំនងល្អ ជាមួយគ្នាហើយ ចាំបាច់យកកងទ័ពបរទេស មកការពារទឹកដី ដើម្បីអ្វី?
 
ជាការបកស្រាយបន្ថែមនោះ សម្ដេច ហ៊ុន សែន ដែលទើបឡើងកាន់តំណែងជាប្រធានព្រឹទ្ធសភារូបនេះ បានចេញសារឆ្លើយតបទៅនឹងការចុះផ្សាយចោទប្រកាន់លើគម្រោងព្រែកជីកតេជោហ្វូណន ដែលថា ផ្ដល់ជាមូលដ្ឋានដល់កងទ័ពចិន យ៉ាងដូច្នេះ« តើកម្ពុជាឆោតល្ងង់ រហូតដល់យកកងទ័ពចិន មកនៅក្នុងប្រទេសរបស់ខ្លួន ដែលវាផ្ទុយជាមួយរដ្ឋធម្មនុញ្ញរបស់ខ្លួនឬ? និង តើចិនឆោតល្ងង់រហូតយកកងទ័ពខ្លួនមកនៅកម្ពុជា ដែលវាផ្ទុយជាមួយគោលការណ៍គោរពឯករាជ្យភាពកម្ពុជា ពីសំណាក់ចិនឬ?។
 
បើតាមសម្ដេច ហ៊ុន សែន ព្រែកជីកតេជោហ្វូណន គឺជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ ដែលវាជួយឱ្យកម្ពុជាទិសនិរតី មានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់។ ជាពិសេសជួយឱ្យប្រជាជននៅតាមព្រែកនេះ មានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើននៅផលត្រីទឹកសាប នៅតាមព្រែកនេះ។
 
ក្រុមអ្នកស្រាវជ្រាវនៃវិទ្យាស្ថានអភិវឌ្ឍន៍ការស្រាវជ្រាវបូព៌ា (Oriental Research Development Institute) នៃប្រទេសវៀតណាម បានចេញរបាយការណ៍វាយតម្លៃមួយថា ព្រែកជីកហ្វូណនតេជោ ជាគម្រោងមួយ ដែលបម្រើឱ្យសេដ្ឋកិច្ច-សង្គមកម្ពុជា ហើយក៏បម្រើឱ្យវិស័យយោធារបស់ចិនផងដែរ។ ក្រុមអ្នកស្រាវជ្រាវទាំងនោះ បានសង្កត់ធ្ងន់ថា គម្រោងនេះ នឹងប៉ះពាល់ដល់វិស័យការពារជាតិក្នុងតំបន់។
 
ឆ្លើយតបចំណុចនេះ សម្ដេច ហ៊ុន សែន ក៏បានលើកពីមាត្រា៥៣ នៃរដ្ឋធម្មនុញ្ញ ដែលហាមឃាត់មិនឱ្យកម្ពុជា មានមូលដ្ឋានយោធាបរទេសលើទឹកដីរបស់ខ្លួន ។ «នៅមានមាត្រា ៥៥ បានចែងយ៉ាងច្បាស់ថា សិន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យអធិបតេយ្យបូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល។ ចំណុចនេះបានបញ្ជាក់ច្បាស់ថា គ្មានកិច្ចព្រមព្រៀងណាមួយអនុវត្តបានទេ ប្រសិនវាមិនស្របជាមួយឯករាជ្យ អធិបតេយ្យភាពកម្ពុជា ព្រោះរដ្ឋធម្មនុញ្ញបានលុបចោលរួចទៅហើយ»។ នេះបើតាមប្រធានគណបក្សប្រជាជនកម្ពុជា។
 
អតីតនាយករដ្ឋមន្រ្តី ជាង៣៧ឆ្នាំរូបនេះ បានធានាទៀតថា ព្រែកជីកនេះ មិនប៉ះពាល់ដល់លំហូទឹកនៃទន្លេមេគង្គនោះឡើយ ។ ម្យ៉ាងទៀតព្រែកនេះ មិនតភ្ជាប់ពីទន្លេមេគង្គនោះទេ តែចេញពីទន្លេបាសាក់ និងមានទ្វារទឹក មិនឲ្យទឹកសាបធ្លាក់ចូលទៅក្នុងសមុទ្រនោះឡើយ។ «យើងអនុវត្តតាមកិច្ចព្រមព្រៀងមេគង្គ១៩៩៥ សូមនាំគ្នាសួរទៅគណៈកម្មការទន្លេមេគង្គ ព្រោះយើងបានជូនដំណឹងតាមកិច្ចព្រមព្រៀងនេះ ទៅគណៈកម្មការទន្លេមេគង្គរួចហើយ។ យើងសូមអំពាវនាវ សូមកុំមួលបង្កាច់យើង ក្នុងគោលបំណងប្រឆាំងចិន តាមយុទ្ធសាស្រ្តនៃភូមិសាស្ត្រនយោបាយអី ឈប់បានឈប់ទៅ»។ សម្ដេច ហ៊ុន សែន បន្ថែម ។
 
កម្ពុជា ក៏ត្រូវគិតពីប្រយោជន៍ជាតិដូចប្រទេសដទៃដែរ។ ប្រធានគណបក្សកាន់អំណាចរូបនេះ បានបន្ថែមថា៖«យើងក៏ចេះគិតពីប្រយោជន៍ជាតិរបស់យើងដូចពួកអ្នកឯងដែរ ហើយខួរក្បាលរបស់ពួកអ្នកឯងក៏មិនប្រាកដថា ពូកែជាងពួកខ្ញុំនោះទេ សំណាងត្រង់ពួកអ្នកឯងកើតក្នុងប្រទេសអ្នកមាន ឯពួកខ្ញុំកើតក្នុងប្រទេសក្រីក្រ ទើបពួកអ្នកឯងមើលងាយពួកខ្ញុំ»។

អត្ថបទទាក់ទង


លទ្ធផលនៃការវិភាគ និងវាយតម្លៃផ្នែកសេដ្ឋកិច្ច ការវិនិយោគ និងគណនាផលប្រយោជន៍សេដ្ឋកិច្ច បានបង្ហាញថា គម្រោងផ្លូវទឹកថ្មីនេះ ត្រូវចំណាយទុនវិនិយោគប្រមាណ១៧០០លានដុល្លារ និងចំណាយពេលសាងសង់ក្នុងរយៈពេល៤ឆ្នាំ។ កន្លងមក រដ្ឋាភិបាលបញ្ជាក់ថា គម្រោងនេះ នឹងជួយកាត់បន្ថយរយៈពេល និងចម្ងាយនៃការដឹកជញ្ជូន នាពេលបច្ចុប្បន្ន ដែលត្រូវឆ្លងកាត់តាមកំពង់ផែកៃមែបរបស់វៀតណាមប្រមាណ ៦៩គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ និងប្រមាណ១៣៥គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែខេត្តកំពត។ 
 
គម្រោង«ព្រែកជីកហ្វូណនតេជោ» មានប្រវែងប្រមាណ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ។ តាមរយៈគម្រោងនេះ នឹងត្រូវឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ដែលមានប្រជាជនប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ៕

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com