ជាតិ
សេដ្ឋកិច្ច
CBC៖ឧត្តរមានជ័យ ព្រះវិហារ និងក្រចេះ មានអត្រាអ្នកខ្ចីលុយ៣ស្ថាប័នឡើង ខ្ពស់ជាងគេ
09, Apr 2024 , 8:59 pm        
រូបភាព
រូបតំណាង៖ សកម្មភាពអាជីវករលក់ផ្លែឈើ​នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ
រូបតំណាង៖ សកម្មភាពអាជីវករលក់ផ្លែឈើ​នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ
ប្រជាពលរដ្ឋកម្ពុជាចំនួន៤,៩៨លាននាក់ កំពុងប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារ ដែល​​​មាន​ទំហំ​ទឹកប្រាក់ ២៣២ ៣៩៣ ៣៩៤ លានរៀល ស្មើនឹងប្រមាណ​៥៧,៦ពាន់​លាន​ដុល្លារ​​។ ចំនួននេះ ​គិតត្រឹមដំណាច់ឆ្នាំ២០២៣ ដោយនៅក្នុងនោះ ពលរដ្ឋនៅខេត្តឧត្តរមានជ័យ ព្រះវិហារ និងក្រចេះ​ គឺមានអត្រាអ្នកខ្ចីប្រាក់ ចាប់ពី៣ស្ថាប័នឡើងទៅ ខ្ពស់ជាងគេនៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍ស្ថានភាព​ឥណទាននៅកម្ពុជា​ដែលក្រុមហ៊ុន​ Credit Bureau Cambodia (CBC) បានចេញនា​ចុងខែមីនា ឆ្នាំ២០២៤។​

 
របាយការណ៍របស់CBC បានកត់ត្រាទិន្នន័យឥណទានរបស់រូបវន្តបុគ្គល និងគ្រឹះស្ថាន ឬសហគ្រាស ដែលបានមកពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាសមាជិករបស់​CBCទាំ​ង​ចំនួន ១៩៤ ស្ថាប័ន ក្នុងឆ្នាំ២០២៣។ CBC បានបង្ហាញថា នៅខេត្តឧត្តរមានជ័យ ព្រះវិហារ និងក្រចេះ​ មានអត្រាអ្នកដែលខ្ចីប្រាក់ ចាប់ពី៣ស្ថាប័នហិរញ្ញវត្ថុឡើង ទៅមានរហូតដល់៨ភាគរយ​​ ខណៈខេត្តទាំង៤ជាប់សមុទ្រ រួមនឹងខេត្តកំពង់ស្ពឺ ស្ទឹងត្រែង និងស្វាយរៀង​ មានត្រឹម៣ភាគរយប៉ុណ្ណោះ នៃទំហំកម្ចីសរុបក្នុងខេត្តនីមួយៗ។  ដោយឡែក រាជធានី-ខេត្តឯទៀត មានពលរដ្ឋដែលខ្ចីប្រាក់​ ចាប់ពី៣ស្ថាប័នឡើងក្នុងអត្រា៤-៥ភាគរយ។​
 
CBC បានរៀបរាប់យ៉ាងលម្អិតថា នៅខេត្តឧត្តរមានជ័យ មានពលរដ្ឋប្រើប្រាស់កម្ចីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន៩ម៉ឺននាក់ ​ដែលមានទំហំទឹកប្រាក់ជិត២លានលានរៀល នៅដំណាច់ឆ្នាំ២០២៣​។​ នៅក្នុងនោះ ពលរដ្ឋដែលខ្ចីប្រាក់តែ១ស្ថាប័នហិរញ្ញវត្ថុមានប្រមាណ៦៦ភាគរយ, អ្នកខ្ចី២ស្ថាប័នមាន២៧ភាគរយ និងអ្នកខ្ចីប្រាក់ ចាប់ពី៣ស្ថាប័នឡើង មាន៨ភាគរយនៃទំហំឥណទានក្នុងខេត្តសរុប។ 
 
ចំពោះខេត្តព្រះវិហារ មានពលរដ្ឋប្រើប្រាស់កម្ចីពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុចំនួន៩,១ម៉ឺននាក់ ដែលមានទំហំទឹកប្រាក់ជាង២,៤លានលានរៀល។ ​ ក្នុងនោះ អ្នកដែលខ្ចីប្រាក់តែ១ស្ថាប័នហិរញ្ញវត្ថុមានប្រមាណ៦៨ភាគរយ, អ្នកខ្ចី២ស្ថាប័នមាន២៥ភាគរយ និងអ្នកខ្ចីប្រាក់ ចាប់ពី៣ស្ថាប័នឡើង មាន៧ភាគរយ។
 
សម្រាប់ខេត្តក្រចេះ មានពលរដ្ឋប្រើប្រាស់កម្ចីពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុចំនួន១១,៣ម៉ឺននាក់ ដែលមានទំហំទឹកប្រាក់ជាង២,៣លានលានរៀល។ ​ ក្នុងនោះ អ្នកដែលខ្ចីប្រាក់តែ១ស្ថាប័នហិរញ្ញវត្ថុមានប្រមាណ៧០ភាគរយ, អ្នកខ្ចី២ស្ថាប័នមាន២៣ភាគរយ និងអ្នកខ្ចីប្រាក់ ចាប់ពី៣ស្ថាប័នឡើង មាន៧ភាគរយ។
 
ក្រឡេកទៅមើលខេត្តដែលមានអត្រាអ្នកប្រើប្រាស់កម្ចី​ពីគ្រឹះស្ថានហិរញ្ញវត្ថុ ចាប់ពី៣ស្ថាប័នទាបជាងគេវិញនោះ រួមមានខេត្តកោះកុងមានអ្នកប្រើប្រាស់កម្ចីសរុប៣,៩ម៉ឺននាក់ ដែលមានទំហំទឹកប្រាក់ជាង១,៣៧លានលានរៀល។ ​ក្នុងនោះ អ្នកដែលខ្ចីប្រាក់តែ១ស្ថាប័នហិរញ្ញវត្ថុមានប្រមាណ៧៩ភាគរយ, អ្នកខ្ចី២ស្ថាប័នមាន១៨ភាគរយ និងអ្នកខ្ចីប្រាក់ ចាប់ពី៣ស្ថាប័នឡើង មាន៣ភាគរយនៃទំហំឥណទានក្នុងខេត្តសរុប។
 

 ស្ថានភាពពលរដ្ឋនៅខេត្តឧត្តរមានជ័យដែលប្រើប្រាស់កម្ចីពីគ្រឹះស្ថានធនាគារ។ រូប៖ CBC

ខេត្តព្រះសីហនុ  មានពលរដ្ឋ៨,៥ម៉ឺននាក់ កំពុងប្រើប្រាស់កម្ចីពីគ្រឹះស្ថានធនាគារដែលមានទំហំទឹកប្រាក់ជាង៥,៣លានលានរៀល។  ​ក្នុងនោះ អ្នកដែលខ្ចីប្រាក់តែ១ស្ថាប័នហិរញ្ញវត្ថុមានប្រមាណ៨១ភាគរយ, អ្នកខ្ចី២ស្ថាប័នមាន១៦ភាគរយ និងអ្នកខ្ចីប្រាក់ ចាប់ពី៣ស្ថាប័នឡើង មាន៣ភាគរយ។
 
ខេត្តកំពត មានពលរដ្ឋដល់២០,៤ម៉ឺននាក់ កំពុងប្រើប្រាស់កម្ចីពីគ្រឹះស្ថានធនាគារដែលមានទំហំទឹកប្រាក់ជាង៥,៣លានលានរៀល។  ​ក្នុងនោះ អ្នកដែលខ្ចីប្រាក់តែ១ស្ថាប័នហិរញ្ញវត្ថុមានប្រមាណ៧៧ភាគរយ, អ្នកខ្ចី២ស្ថាប័នមាន១៩ភាគរយ និងអ្នកខ្ចីប្រាក់ ចាប់ពី៣ស្ថាប័នឡើង មាន៣ភាគរយ។
 
កែប ជាខេត្តតូចជាងគេនៅកម្ពុជា មានពលរដ្ឋ១,៤ម៉ឺននាក់ កំពុងប្រើប្រាស់កម្ចីពីគ្រឹះស្ថានធនាគារដែលមានទំហំទឹកប្រាក់ប្រមាណ៤០ម៉ឺនលានរៀល។  ​ក្នុងនោះ អ្នកដែលខ្ចីប្រាក់តែ១ស្ថាប័នហិរញ្ញវត្ថុមានប្រមាណ៧៩ភាគរយ, អ្នកខ្ចី២ស្ថាប័នមាន១៩ភាគរយ និងអ្នកខ្ចីប្រាក់ ចាប់ពី៣ស្ថាប័នឡើង មាន៣ភាគរយ។
 
ជាមួយគ្នានេះ ខេត្តស្វាយរៀង មានពលរដ្ឋដល់២១,៣ម៉ឺននាក់ កំពុងប្រើប្រាស់កម្ចីពីគ្រឹះស្ថានធនាគារដែលមានទំហំទឹកប្រាក់ជាង៥,២លានលានរៀល។  ​ក្នុងនោះ អ្នកដែលខ្ចីប្រាក់តែ១ស្ថាប័នហិរញ្ញវត្ថុមាន៨០ភាគរយ, អ្នកខ្ចី២ស្ថាប័នមាន១៧ភាគរយ និងអ្នកខ្ចីប្រាក់ ចាប់ពី៣ស្ថាប័នឡើង មាន៣ភាគរយ។
 
ខេត្តស្ទឹងត្រែង  មានពលរដ្ឋដល់៤,២ម៉ឺននាក់ កំពុងប្រើប្រាស់កម្ចីពីគ្រឹះស្ថានធនាគារដែលមានទំហំទឹកប្រាក់ជាង១លានលានរៀល។  ក៏ប៉ុន្តែអត្រាអ្នកខ្ចីលុយចាប់ពី៣ស្ថាប័នឡើងមានត្រឹម៣ភាគរយប៉ុណ្ណោះ ខណៈអ្នកខ្ចីលុយ២ស្ថាប័នមាន១៩ភាគរយ និងអ្នកខ្ចីលុយតែ១ស្ថាប័នមាន៧៨ភាគរយ។​

របាយការណ៍ខាងលើ បានបង្ហាញពីគន្លាតនៃការប្រើប្រាស់កម្ចីរបស់ពលរដ្ឋពីស្ថាប័នហិរញ្ញវត្ថុ ក្នុងខេត្តនីមួយៗគួរឱ្យកត់សម្គាល់ ជាពិសេសចំពោះអ្នកប្រើប្រាស់កម្ចីលើសពី៣ស្ថាប័ន។ ការណ៍នេះ​ អ្នករកស៊ីក្នុងវិស័យធនាគារ​និងហិរញ្ញវត្ថុ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ គួរបង្កើនការអប់រំផ្នែកចំណេះដឹងហិរញ្ញវត្ថុដល់ពលរដ្ឋក្នុងមូលដ្ឋាននោះ ឱ្យបានទូលំទូលាយ ដើម្បីចៀសវាងពីបញ្ហាបំណុលនានាក្នុងប្រព័ន្ធធនាគារ។ 
 
កន្លងមកលោក សុខ វឿន​ អនុសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា​(CMA) បានកត់សម្គាល់ឃើញពលរដ្ឋដែលខ្ចីប្រាក់ច្រើនស្ថាប័នតែងតែប្រឈមនឹងការធ្លាក់ក្នុងស្ថានភាពបំណុលច្រើនលើសលុប ឬបំណុលវ័ណ្ឌ ក។ ដើម្បីចៀសពីស្ថានភាពនេះ លោក សុខ វឿន​ ដែលជានាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLCផងនោះ លើកចិត្តប្រជាពលរដ្ឋឱ្យប្រើប្រាស់កម្ចីតែ១ស្ថាប័ន ហើយត្រូវប្រើប្រាស់កម្ចីនោះឱ្យចំគោលដៅ និងតម្រូវការជាក់ស្តែងក្នុងសកម្មភាពរស់នៅ។
 
លោក សុខ វឿន អនុប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA)។ រូបថត៖ អ៊ូ​ សុខមាន/ThmeyThmey
 
«បើយើងពិនិត្យឃើញគាត់[អតិថិជន] សងបំណុលស្ថាប័នមួយមិនកើតហើយ គឺយើងប្រាប់គាត់កុំឱ្យទៅខ្ចីបំណុលស្ថាប័នផ្សេង​មកសងបំណុលស្ថាប័នដែលខ្លួនកំពុងជំពាក់ហ្នឹងឡើយ​»។ ​លោក សុខ វឿន បន្តរៀបរាប់ថា ប្រសិនបើប្រជាពលរដ្ឋមានបញ្ហាក្នុងសងត្រឡប់ជាមួយស្ថាប័នញហិរញ្ញវត្ថុណាមួយហើយ សូមកុំព្យាយាមទៅរកប្រភពកម្ចីពីកន្លែងណាផ្សេងទៀត។ ផ្ទុយទៅវិញ ពលរដ្ឋត្រូវព្យាយាមរកដំណោះស្រាយបំណុលតែជាមួយស្ថាប័នហិរញ្ញវត្ថុដែលខ្លួនបានជំពាក់នោះ។
 
​​ក្នុងឱកាសជួបសំណេះសំណាលរវាងគណៈគ្រប់គ្រង​អិលអូអិលស៊ី និងអតិថិជនLOLC  កាលពីថ្ងៃទី២២មីនា ឆ្នាំ២០២៤ លោក សុខ វឿន បាននិយាយយ៉ាងដូច្នេះ៖ « យើងមិនត្រូវលើកដាក់បំណុលដោយយកពីឆ្វេងទៅសងសាំ្ត ឬយកពីស្តាំសងឆ្វេងឡើយ។ ការធ្វើបែបនេះ មិនយូរទេពលរដ្ឋ នឹងមានបំណុលវ័ណ្ឌ ក មានបំណុលច្រើនលើសលុប​។ អ៊ីចឹងហើយ បានជាយើងព្យាយាមអប់រំពលរដ្ឋលើចំណុចទាំងនេះ ដោយណែនាំពួកគាត់ប្រើប្រាស់កម្ចីឱ្យចំគោលដៅ ដោយកុំប្រើប្រាស់កម្ចីទៅទិញបំណុល ដូចជាយកទៅលេងល្បែង ឬទំនិញផ្សេងៗ ដែលមិនមែនជាតម្រូវការចំបាច់ក្នុងជីវភាពរស់នៅ»។

កន្លងមក សមាគមធនាគារនៅកម្ពុជា(ABC) បានដាក់ចេញនូវគោលការណ៍នៃការផ្តល់ឥណទានដល់គ្រឹះស្ថានធនាគារ ដែលអតិថិជនម្នាក់ៗអាចយកកម្ចី៣ស្ថាប័នបានក្នុងពេលតែមួយ។ លោក សុខ ចាន់ អ្នកនាំពាក្យសមាគមធនាគារនៅកម្ពុជា បានបញ្ជាក់ថា មុននឹងគ្រឹះស្ថានហិរញ្ញវត្ថុនីមួយៗសម្រេចផ្តល់ឥណទានដល់អតិថិជនដែលកំពុងជាប់បំណុលនៅឯស្ថាប័ន គឺសុទ្ធសឹងបានឆ្លងកាត់នូវការវាយតម្លៃច្បាស់លាស់ គ្រប់ជ្រុងជ្រាយ ក្នុងការសងត្រឡប់មកវិញ។

បើតាមអ្នកនាំពាក្យសមាគមធនាគារនៅកម្ពុជារូបនេះ ការវាយតម្លៃឥណទានរបស់គ្រឹះស្ថានធនគារ និងហិរញ្ញវត្ថុនីមួយៗ គឺផ្តោតសំខាន់៤ចំណុចលើអតិថិជនរបស់ខ្លួន។ ក្នុងនោះមាន ចំណុចទី១.ការពិនិត្យមើលលទ្ធភាពសងរបស់អតិថិជន ថាតើអតិថិជនមានលទ្ធភាពកម្រិតណាក្នុងការសងត្រឡប់វិញ? ចំណុចទី២. ការពិនិត្យមើលលំហូរសាច់ប្រាក់របស់អតិថិជន។ ត្រង់ចំណុចចង់សំដៅលើចំណូលចំណាយរបស់អតិថិជន ថាបន្ទាប់ពួកគាត់ទូទាត់ចំណាយហើយអស់ តើនៅសល់ប្រាក់ប៉ុន្មាន ដើម្បីសងឱ្យគ្រឹះស្ថានហិរញ្ញវត្ថុវិញ។

លោក សុខ ចាន់ បន្តរៀបរាប់នូវចំណុចទី៣ ដែលគ្រឹះស្ថានធនាគារនីមួយៗពិនិត្យខ្លាំងទៅលើលក្ខណៈបុគ្គលរបស់អតិថិជន។ តើអតិថិជន ជាបុគ្គលបែបណា? ជាបុគ្គលដែលខ្ចីលុយគេហើយមិនសង! ឬក៏បុគ្គលដែលមានទំនួលខុសត្រូវលើកម្ចីរបស់ខ្លួន។  រីឯចំណុចទី៤. គ្រឹះស្ថានធនាគារក៏ពិនិត្យមើលនូវទ្រព្យធានារបស់អតិថិជន ផងដែរ។
 
លោក សុខ ចាន់ អ្នកនាំពាក្យសមាគមធនាគារនៅកម្ពុជា(ABC)។ រូបថត៖ លោក សុខ ចាន់

« ដូច្នេះហើយ ប្រសិនបើជាការវាយតម្លៃឥណទានរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនីមួយៗមិនគ្រប់ជ្រុងជ្រាយលើចំណុចសំខាន់ទាំង៤ខាងលើទេ! កុំថាឡើយ អតិថិជនខ្ចីលុយ៣ស្ថាប័ន សូម្បីតែ១ស្ថាប័ន ក៏មានហានិភ័យដែរ»។ នេះជាលើកឡើងរបស់លោក សុខ ចាន់ ដោយបន្តរៀបរាប់មកកាន់សារព័ត៌មានថ្មីៗថា៖ « ក៏ប៉ុន្តែ, បើសិនជាការវាយតម្លៃឥណទាននោះបានគ្រប់ជ្រុងជ្រាយ តាមលក្ខខណ្ឌខាងលើ និងតាមគោលការណ៍ដែលយើងបានផ្តល់ឱ្យ ដោយគ្រឹះស្ថានធនាគារនីមួយៗអាចឱ្យកម្ចីដល់អតិថិជន[ជំពាក់លុយ] ៣គ្រឹះស្ថានបាន គឺយើងអាចធ្វើបាន»។
 
ផ្អែកតាមរបាយការណ៍របស់CBC ប្រជាពលរដ្ឋកម្ពុជាចំនួន ៤,៩៨លាននាក់ ដែលកំពុងប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារ គឺមានប្រហែល៧៦ភាគរយបានខ្ចីប្រាក់តែ១​ស្ថាប័ន​​ និងមាន២០ភាគរយ ខ្ចីប្រាក់២ស្ថាប័ន។ សម្រាប់អតិថិជន​ទូទាំ​ង​ប្រទេសដែលខ្ចីប្រាក់៣ស្ថាប័ន គឺមានត្រឹម១ភាគរយប៉ុណ្ណោះ។ CBC បានបង្ហាញថា ក្នុងនោះ ខេត្តស្វាយរៀង និងខេត្តព្រះសីហនុ មានអត្រាអ្នកខ្ចីប្រាក់តែ១ស្ថាប័ន គឺខ្ពស់ជាងគេលើសពី ៨០ភាគរយ ដែលនេះជាអត្រាមួយដ៏ល្អ៕ 

Tag:
 ហិរញ្ញវត្ថុ​
© រក្សាសិទ្ធិដោយ thmeythmey.com