កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមរដ្ឋអុីស្លាម​គំរាម​អុកឡុក ការប្រកួត Champions League ​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ
10, Apr 2024 , 10:42 am        
រូបភាព
ក្រុមភេរវកររដ្ឋអ៊ីស្លាមបានគំរាមវាយប្រហារក្នុងការប្រកួត UEFA Champions League វគ្គ៨ក្រុមចុងក្រោយជើងទី១ នៅសប្តាហ៍នេះ ពោលនៅមុនការប្រកួតវាង Arsenal ស្មើ Bayern Munich ២-២ និង Real Madrid ស្មើ Manchester City ៣-៣។



កាសែតអេស្ប៉ាញ Marca បានរាយការណ៍ថា រូបភាពភេរវករម្នាក់ដែលមានកាំភ្លើង AK-47 ឈរក្បែរកីឡដ្ឋានចំនួន ៤ ដែលត្រូវរៀបចំការប្រកួតវគ្គ៨ក្រុម ជាមួយនឹងសារដែលសរសេរថា សម្លាប់ពួកគេទាំងអស់ «Kill Them All» បានសាយភាយពេញបណ្តាញសង្គម។
 
ការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រជើងទី១ បានចាប់ផ្តើមនៅរាត្រីថ្ងៃទី៩ និងទី១០ ខែមេសា នៅកីឡដ្ឋាន Emirates ក្នុងប្រទេសអង់គ្លេស, Parc des Princes ក្នុងប្រទេសបារាំង រួមនឹងកីឡដ្ឋាន Metropolitano និង Santiago Bernabeu ក្នុងប្រទេសអេស្ប៉ាញ ស្ថិតក្នុងរូបភាពដែលជាគោលដៅវាយប្រហាររបស់ក្រុមរដ្ឋអ៊ីស្លាម។
 
យ៉ាងណាក៏ដោយ ការប្រកួតរជើងទី១វាង Arsenal និង Bayern Munich នៅ Emirates បានបញ្ចប់ការប្រកួតដោយសុវត្ថិភាព ក្នុងលទ្ធផល ២-២ ស្របពេលជំនួបរវាង Real Madrid និង Man City នៅ Emirates ដែលបញ្ចប់ក្នុងលទ្ធផល ៣-៣ ក៏គ្មានបញ្ហាអសន្តិសុខអ្វីកើតឡើងដូចគ្នា។
 
យោងតាមកាសែត AS រដ្ឋាភិបាលអេស្ប៉ាញបានដំណើរការនីតិវិធីសុវត្ថិភាពយ៉ាងតឹងរឹងសម្រាប់ការប្រកួត Champions League ទាំងពីរកីឡដ្ឋាន។ តាមកីឡដ្ឋានទាំងពីរក្នុងក្រុងម៉ាដ្រីឌ ត្រូវបានគេដឹងថា បានប្រើប្រាស់បុគ្គលិកសន្តិសុខច្រើនជាង ៣ពាន់នាក់ក្នុងជំនួប Real Madrid ទល់ Manchester City និង Atletico Madrid ទល់ Borussia Dortmund ។
 
នៅរាត្រីថ្ងៃទី១០ ខែមេសា នឹងមានជំនួបពីរគូទៀតសម្រាប់ជើងទី១ វគ្គ៨ក្រុមចុងក្រោយ រវាង Atletico Madrid ទល់ Borussia Dortmund និង PSG ស្វាគមន៍ Barcelona។
 
ការគំរាមពីសំណាក់ក្រុមរដ្ឋអ៊ីស្លាមទៅលើការប្រកួតក្របខណ្ឌកំពូលអឺរ៉ុបនេះ បានកើតឡើងភ្លាមៗបន្ទាប់ពីបណ្តាញទំនាក់ទំនងរបស់ក្រុមភេរវករ Sarh Al-Khilafah បានប្រកាសផែនការវាយប្រហារអ្នកគាំទ្រដែលនៅកីឡដ្ឋាន Allianz Arena ក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ដែលទៅទស្សនាការប្រកួតរវាង Bayern Munich និង Dortmund។
 
កាលពីថ្ងៃទី២២ ខែមីនា ក្រុម​រដ្ឋ​អ៊ីស្លាម​ Khorasan​ ដែលជាសាខានៃរដ្ឋអ៊ីស្លាមនៅអាហ្វហ្គានីស្ថានបានអះអាងពីការទទួលខុសត្រូវចំពោះការវាយប្រហារភេរវកម្មនៅរោងមហោស្រពនៅទីក្រុងម៉ូស្គូដោយបានសម្លាប់មនុស្ស ១៤៤ នាក់៕

Tag:
 Champions League
  ក្រុមរដ្ឋអ៊ីស្លាម
© រក្សាសិទ្ធិដោយ thmeythmey.com