ជាតិ
វីដេអូ
អាកាសធាតុក្តៅខ្លាំង ធ្វើឱ្យពលរដ្ឋបាត់ចំណូលពីការលក់ផ្កា
11, Apr 2024 , 9:39 am        
រូបភាព
ដោយ៖ ថោង ប្រណី
 
សៀមរាប៖ ដោយសារអាកាសធាតុកាន់តែក្តៅ ធ្វើឱ្យពលរដ្ឋក្នុងភូមិគោកក្រសាំង ដែលប្រកបរបរជាអ្នកដាំផ្កាលក់នារដូវចូលឆ្នាំប្រពៃណី ជួបប្រទះនឹងបញ្ហាជាច្រើន។ ប្រាក់ចំណូលដែលបានមកពីការលក់ផ្កាក៏ធ្លាក់ចុះជាងឆ្នាំមុនផងដែរ។

 

បើតាមការរៀបរាប់របស់អ្នកស្រី ប៉ាត សារួន ជាពលរដ្ឋក្នុងភូមិគោកក្រសាំង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ថាឆ្នាំនេះអាកាសធាតុកាន់តែក្តៅឡើងៗ បណ្ដាលឱ្យការដាំផ្កាជួបប្រទះនឹងបញ្ហាលំបាកជាខ្លាំង។ ទិន្នផលផ្កាក៏មានការថយចុះខ្លាំង ផ្កាមិនសូវល្អ។ល។ អ្នកស្រីបន្តថា ឆ្នាំមុនផ្កាដាំបានល្អនិងទទួលបានទិន្នផលខ្ពស់ ហើយក្នុងមួយរដូវចូលឆ្នាំនេះ ផ្កាអ្នកស្រីអាចលក់បានជាង៥០០ដុល្លារ។ ប៉ុន្តែឆ្នាំនេះ អ្នកស្រីហាក់ខកចិត្តព្រោះផ្កាងាប់ច្រើន ប្រហែលជាអាចលក់បានតែជាង២០០ដុល្លារប៉ុណ្ណោះ។ ឯការចំណាយទៅលើថ្លៃភ្លើងដើម្បីស្រោចស្រពផ្កា ក៏អស់ច្រើនដែរ។ 
 


ក្នុងផ្ទៃដីជិត១៥០០ម៉ែត្រការ៉េនេះ អ្នកស្រី សារួន តែងaដាំផ្កាចំរុះជាច្រើនប្រភេទដូចជា ផ្កាសិរមាន់ ប៉ៃលិន និងតំណក់ទឹកភ្លៀងជាដើម។  ក្នុងចំនោមផ្កាទាំងអស់សិរមាន់លក់បានតម្លៃទាបជាងគេ ដោយ១គីឡូក្រាម លក់បានតែ៤០០០រៀលប៉ុណ្ណោះ។ រីឯផ្កាផ្សេងទៀត លក់បាន២០០០០រៀលក្នុង១គីឡូ។ អ្នកស្រីថា ទោះសិរមាន់មានតម្លៃទាបជាងគេក៏ដោយ ក៏នៅតែដាំផ្កាប្រភេទនេះឱ្យច្រើនជាងគេដែរ ដោយសារវាងាយស្រួលដាំ និងឆាប់ទទួលផល ហើយអតិថិជនក៏និយមទិញយកដើម្បីចងលាយជាមួយផ្កាដទៃទៀត។ 
 
ស្តី្រវ័យ៦៥ឆ្នាំរូបនេះ បន្តរៀបរាប់ថា ប្រាក់ចំណូលដែលបានមកពីការលក់ផ្កា ពិតជាបានជួយសម្រួលជីវភាពគ្រួសារមួយកម្រិត។ ប្រាក់ទាំងនោះ អ្នកស្រីយកផ្គត់ផ្គង់ការរៀនសូត្ររបស់កូនៗ ដោះស្រាយជីវភាពប្រចាំថ្ងៃ និងទុកសម្រាប់ធ្វើបុណ្យទានផងដែរ៕








© រក្សាសិទ្ធិដោយ thmeythmey.com