កីឡាអន្តរជាតិ
អន្តរជាតិ
ចាញ់ Barca ក្នុងដីជើងទី១ តែលោក Enrique ជឿជាក់ PSG នឹងឈ្នះជើងទី២
11, Apr 2024 , 10:09 am        
រូបភាព
លោក Luis Enrique អ្នកចាត់ការទូទៅ Paris St Germain នៅតែមានទំនុកចិត្តលើកូនក្រុមខ្លួននឹងអាចវាយបកយកឈ្នះ Barcelona នៅជើងទី២ បើទោះចាញ់នៅជើងទី១ វគ្គ៨ក្រុម ក្នុងលទ្ធផល ៣-២ ក្នុងផ្ទះខ្លួនឯង ក្នុងការប្រកួត UEFA Champions League។



Raphinha រកបានពីរគ្រាប់ម្នាក់ឯងឱ្យ Barca និងមួយគ្រាប់ជ័យជម្នះសម្រេចបានដោយខ្សែការពារ Andreas Christensen ក្រោយពេល Ousmane Dembélé និង Vitinha សម្រេចទីបាន១គ្រាប់ម្នាក់សម្រាប់ PSG ក្នុងការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយនៅកីឡដ្ឋាន Parc des Princes នៅរាត្រីថ្ងៃទី១០ ខែមេសា។
 
ចាញ់ក្នុងដីខ្លួនក្នុងលទ្ធផល ៣-២ ប៉ុន្តែលោក Enrique នៅតែជឿជាក់លើកូនក្រុម PSG នឹងរកបានជ័យជម្នះដោយការវាយបកនៅជើងទី២ ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញដែលធ្លាប់ដឹកនាំក្រុមរហស្សនាមអ្នកមានបុណ្យឈ្នះពាន៣ ក្នុងឆ្នាំ ២០១៥ មើលឃើញថាក្រុមអ្នកមានបារាំងសមនឹងឈ្នះនៅជើងទី១នេះតាមរយៈទម្រង់ប្រកួតដ៏ល្អ ហើយបើទោះចាញ់ក្តី ក៏ខ្លួនមិនមានក្តីបារម្ភអ្វីដែរសម្រាប់ជើទី២នៅដីអេស្ប៉ាញ។
  


លោក Enrique ដែលជាអតីតគ្រូ Barca បានអះអាងក្នុងសន្និសីទសារព័ត៌មានទាំងញញឹមថា៖«បរាជ័យបានធ្វើឱ្យក្រុមមានការឈឺចាប់ ប៉ុន្តែខ្ញុំជឿថាយើងលេងបានល្អជាមួយក្រុមខ្លាំង។ យើងនឹងទៅដី Barcelona ជាមួយនឹងលទ្ធផលវិជ្ជមាន។ ខ្ញុំមានទំនុកចិត្តលើក្រុមរបស់ខ្ញុំ»។
 
ដោយឡែក ក្រុមអេស្ប៉ាញមួយទៀត AT-Madrid បានយកឈ្នះ Borussia Dortmund ២-១ នៅជើងទី១។ ២គ្រាប់របស់ AT-Madrid កើតឡើងដោយសារកំហុសខ្សែការពារ Dortmund ដែលគ្រាប់ទី១សម្រេចបានដោយ Rodrigo De Paul និងទី២ ដោយ Lino។ ១គ្រាប់របស់ក្រុមអាល្លឺម៉ង់ ធ្វើបានដោយ Sébastien Haller។
 
សម្រាប់ជំនួបជើងទី២ វគ្គ១/៤ផ្តាច់ព្រ័ត្រក្របខណ្ឌអឺរ៉ុប នឹងចាប់ពីរាត្រីថ្ងៃទី១៧ ខែមេសាតទៅ៕

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com