ជាតិ
កម្ពុជាបានកាត់បន្ថយការនាំចូលប្លាស្ទិក៧៥ភាគរយ នៅត្រីមាសទី១
11, Apr 2024 , 11:09 am        
រូបភាព
ភ្នំពេញ៖ នៅត្រីមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជាបានកាត់បន្ថយការនាំចូលថង់ប្លាស្ទិក ៧៥ភាគរយ។ ការកាត់បន្ថយនេះ ផ្ដើមចេញពីយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»របស់ក្រសួងបរិស្ថាន ដែលផ្លាស់ប្ដូរឥរិយាបទពលរដ្ឋខ្មែរជាង៧លាននាក់។ ទន្ទឹមនោះ ការប្រើប្រាស់ថង់ប្លាស្ទិក សម្រាប់ផលិតកម្មនានា ក៏ត្រូវបានកាត់បន្ថយដូចគ្នា។យោងតាមរបាយការណ៍របស់ នាយកដ្ឋានគ្រប់គ្រងសំណល់រឹង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៅត្រីមាសទី១ ឆ្នាំ២០២៤នេះ មានក្រុមហ៊ុនតែ១ប៉ុណ្ណោះ ដែលទទួលបានការអនុញ្ញាតពីក្រសួងបរិស្ថាន ឱ្យនាំចូលថង់ប្លាស្ទិកប្រើប្រាស់ទូទៅក្នុងបរិមាណ ១២ ៣៣៦, ៣៨ គីឡូក្រាម។ 
 
ចំណែក ការនាំចូលថង់ប្លាស្ទិក សម្រាប់បម្រើច្រវ៉ាក់ផលិតកម្ម គឺមានក្រុមហ៊ុន២ ទទួលបានសិទ្ធិចែកចាយក្នុងបរិមាណ៩ ១៥២, ៤៤ គីឡូក្រាម បើធៀបឆ្នាំ២០២៣ មាន១៧ក្រុមហ៊ុន ដែលបានទទួលការអនុញ្ញាតពីក្រសួងបរិស្ថាន នាំចូលថង់ប្លាស្ទិកប្រើប្រាស់ទូទៅ សរុប១៣១ ៣៥៦,៨៥ គីឡូក្រាមក្នុងមួយឆ្នាំ និង ៤៩ ២៩៧,២៩ គីឡូក្រាម ក្នុងត្រីមាសទី១។ ចំពោះការនាំចូលថង់ប្លាស្ទិក សម្រាប់បម្រើច្រវ៉ាក់ផលិតកម្មវិញ មាន១៣ក្រុមហ៊ុន ដែលចែកចាយក្នុងបរិមាណ ១៣៥ ៣៩៦,៩៣ គីឡូក្រាមក្នុងឆ្នាំ និង៣៥ ៥៨០,០៩គីឡូក្រាម ក្នុងត្រីមាសទី១។  
 
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអះអាងបន្ថែមថា ការថយចុះ នៃការនាំចូលថង់ប្លាស្ទិកប្រើប្រាស់ទូទៅ គឺជាសញ្ញាវិជ្ជមាន ដែលបង្ហាញថាការអប់រំផ្សព្វផ្សាយ តាមរយៈការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក កន្លងមកទទួលបានជោគជ័យ ដែលបានផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋ និងមានមនុស្សសរុប ៧,៦លាននាក់។ ក្នុងនោះសិស្សានុសិស្សគ្រប់គ្រឹះស្ថានសិក្សាទូទាំងប្រទេស បានប្តេជ្ញាចិត្តមិនប្រើប្លាស្ទិកយ៉ាងតិចចំនួន១ថ្ងៃ ក្នុង១សប្តាហ៍។  ទន្ទឹមនោះ ការប្រើប្រាស់ថង់ប្លាស្ទិកសម្រាប់ផលិតកម្មក្នុងស្រុក ក៏ត្រូវបានកាត់បន្ថយដូចគ្នា។
 
បើតាមនាយកដ្ឋានគ្រប់គ្រងសំណល់រឹង ក្នុងឆ្នាំ២០២៣ បរិមាណនាំចូលថង់ប្លាស្ទិក សម្រាប់ការប្រើប្រាស់ទូទៅច្រើនជាងគេ គឺនៅក្នុងត្រីមាសទី១ មានបរិមាណ ៤៩ ២៩៧, ២៩ គីឡូក្រាម ហើយខែមករា ជាខែនាំចូលថង់ប្លាស្ទិកច្រើនជាងគេប្រចាំឆ្នាំ មានទំហំ ៤៥ ៦១៤,៨០ គីឡូក្រាម។ ចំពោះត្រីមាសទី២ ការនាំចូលថង់ប្លាស្ទិកប្រើប្រាស់ទូទៅ មានបរិមាណទាបជាងគេ ក្នុងរង្វង់ ១០ ៨២១,៨៦ គីឡូក្រាមប៉ុណ្ណោះ។ ដោយឡែក អំឡុងខែវិច្ឆិកា និងធ្នូ គឺពុំមានការស្នើសុំអនុញ្ញាតនាំចូលថង់ប្លាស្ទិកប្រើប្រាស់ទូទៅនោះទេ។ 
 
ដូចគ្នាដែរ ការនាំចូលថង់ប្លាស្ទិកបម្រើច្រវ៉ាក់ផលិតកម្ម នៅក្នុងឆ្នាំ២០២៣ បានកើនឡើងខ្លាំងក្នុងត្រីមាសទី២ ដែលមានបរិមាណ ៤១ ៤២៥,៨៣ គីឡូក្រាម ហើយខែមិថុនា ជាពេលដែលនាំចូលថង់ប្លាស្ទិកបម្រើច្រវ៉ាក់ផលិតកម្មនេះ ច្រើនជាងគេប្រចាំឆ្នាំ ក្នុងរង្វង់ ២៨ ២៦៨,៥៧ គីឡូក្រាម។ ចំណែក ត្រីមាសទី៣ ការនាំចូលថង់ប្លាស្ទិកបម្រើច្រវ៉ាក់ផលិតកម្ម បានធ្លាក់មកទាបជាងគេប្រចាំឆ្នាំ មានបរិមាណត្រឹមតែ ២០ ៧៧០,៥៣ គីឡូក្រាមប៉ុណ្ណោះ។ ដោយឡែក នៅខែកុម្ភៈ និងខែឧសភា គឺមិនមានការស្នើសុំអនុញ្ញាត នាំចូលថង់ប្លាស្ទិកបម្រើសង្វាក់ផលិតកម្មឡើយ៕  

Tag:
 ក្រសួងបរិស្ថាន
  ប្លាស្ទិក
  អ៊ាង សុផល្លែត
© រក្សាសិទ្ធិដោយ thmeythmey.com