កីឡាអន្តរជាតិ
អន្តរជាតិ
Dallas សមាជិកក្រុម Leeds បង្ខំចិត្តបញ្ចប់អាជីព ដោយសាររបួសជើង
11, Apr 2024 , 3:34 pm        
រូបភាព
Stuart Dallas ខ្សែការពារក្រុម Leeds United ត្រូវបង្ខំចិត្តចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ ត្រឹមវ័យ ៣២ឆ្នាំ បន្ទាប់ពីបរាជ័យក្នុងការព្យាបាលរបួសជើង។ នេះបើតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខណ្ឌ Championship និងកីឡាករផ្ទាល់ នាថ្ងៃទី១០ ខែមេសា។



Dallas សញ្ជាតិអៀរឡង់ខាងជើង បានជួបប្រទះបញ្ហារបួសបាក់ជើង អំឡុងការប្រកួតទល់នឹងក្រុម Manchester City កាលពីឆ្នាំ ២០២២ ដោយកាលនោះរូបគេបានប៉ះទង្គិចប្រជែងបាល់គ្នាជាមួយនឹងកីឡាករ Jack Grealish។ ចាប់តាំងពីរបួសមក Dallas ខនខានបង្ហាញខ្លួនពីពេលនោះមកដល់ពេលនេះ។
 
«រយៈពេលជាង ២ឆ្នាំ ហើយ ដែលក្រុមវេជ្ជសាស្ត្ររបស់ Leeds United រួមជាមួយនឹងក្រុមគ្រូពេទ្យក្នុងទីក្រុងឡុងដ៍ បានធ្វើការងារយ៉ាងយកចិត្តទុកដាក់ដើម្បីជួយព្យាបាល របួសរបស់ខ្ញុំ។ ជារឿងសោកស្តាយ ទោះជាមានការយកចិត្តទុកដាក់ខ្ពស់យ៉ាងណា តែរាងកាយខ្ញុំមិនធ្វើការងារនេះឡើយ។ ខ្ញុំគួរតែទទួលយកវាពេលនេះ ជាការពិតជង្គង់របស់ខ្ញុំបានរងផលប៉ះពាល់ខ្លាំង ខ្ញុំនឹងមិនវិលត្រឡប់ទៅកាន់ការប្រកួតបាល់ទាត់អាជីពវិញឡើយ។»។ Dallas បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍បែបនេះ។
 
កីឡាករវ័យ ៣២ឆ្នាំ បានបង្ហាញខ្លួន ២៦៦លើក ឱ្យក្រុម Leeds United ដោយបានជួយនាំក្លិបឈ្នះកៅអីលេងនៅក្នុងក្របខណ្ឌ Premier League កាលពីរដូវកាល ២០១៩-២០។ Dallas ក៏បានបង្ហាញខ្លួន ៦២លើក ឱ្យក្រុមជម្រើសជាតិផងដែរ។
 
ក្លិប Leeds United ក៏បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ដោយក្តីសោកស្តាយដូច្នេះថា៖«Dallas  គឺជាតារាមួយរូបប្រចាំក្លិប Leeds ហើយរូបគេតែងតែមានវត្តមាននៅកីឡដ្ឋាន Elland Road។ ការរួមចំណែករបស់គេនឹងស្ថិតក្នុងការចងចាំរបស់ក្លិប ហើយគេបានចារឈ្មោះនៅក្នុងប្រវត្តិសាស្ត្រក្លិបមួយរូបផងដែរ។»៕

Tag:
 Leeds United
  Stuart Dallas
© រក្សាសិទ្ធិដោយ thmeythmey.com