RFI
អន្តរជាតិ
WTOថា​ពាណិជ្ជកម្ម​ពិភពលោកចាប់​មាន​កំណើន​ តែការ​ព្យាករ​មាន​បង្កប់​​​​ហានិភ័យ
11, Apr 2024 , 7:29 pm        
រូបភាព
TWTOថា​ពាណិជ្ជកម្ម​ពិភពលោកចាប់​មាន​កំណើន​ តែការ​ព្យាករ​មាន​បង្កប់​​​​ហានិភ័យ REUTERS - DENIS BALIBOUSE
TWTOថា​ពាណិជ្ជកម្ម​ពិភពលោកចាប់​មាន​កំណើន​ តែការ​ព្យាករ​មាន​បង្កប់​​​​ហានិភ័យ REUTERS - DENIS BALIBOUSE
ដោយ៖អៀង សុខម៉ិញ /RFI ខេមរភាសា
 
នៅ​ឆ្នាំ​២០២៤នេះ ពាណិជ្ជកម្មពិភពលោក នឹង​ចាប់មាន​កំណើន​​ឡើង​វិញ ប៉ុន្តែ​ជម្លោះ​ ភាព​តាន​តឹង​ភូមិសាស្ត្រ​នយោបាយ និង​ភាព​មិន​ជាក់​លាក់​នៃ​នយោបាយ​សេដ្ឋកិច្ច​ អាច​នឹង​មក​ប្រែក្រឡាស់​​ការព្យាករណ៍។ នេះ​បើ​តាម​របាយការណ៍​​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោកចេញ​ផ្សាយ​នៅថ្ងៃ​ពុធទី​១០មេសា​២០២៤។

 
បើ​តាម​របាយការណ៍​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ពិភពលោក ហាក់​នៅ​នឹង​​ល្អ​ជា​ទូទៅ សម្រាប់​ពីរ​ឆ្នាំ​ខាង​មុខ ពោល​គឺ​២,៦%​នៅ​ឆ្នាំ​២០២៤ និង​២,៧​%​នៅ​ឆ្នាំ​២០២៥។ ចំណែក​សកម្មភាព​​ពាណិជ្ជកម្ម​ពិភពលោក​​ផ្នែក​ផលិតផល ​វិញ ចាប់​មាន​កំណើន​ដែរ តែ​ត្រឹម​២,៦%​នៅ​ឆ្នាំ​២០២៤ មិនមែន​​៣,៣%ដូច​​ការ​ព្យាករលើក​មុនទេ ទាល់​តែឆ្នាំ​២០២៥​​ ទើប​មាន​កំណើន៣,៣%។ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​ពន្យល់បន្ថែម​ទៀត​ថា មូលហេតុ​នៃ​ការ​ទម្លាក់ទិន្នន័យ​​ព្យាករណ៍​បណ្តាលមក​ពី​លទ្ធផល​ពាណិជ្ជកម្ម​នៅ​អឺរ៉ុប​មិន​ល្អ​ដូច​ការ​ព្រៀង​ទុក។
 
​ដើម្បី​ឱ្យរក្សា​កំណើន​ ​និង​ស្ថិរភាពសេដ្ឋកិច្ច ឱ្យ​បាន​ដូច​ការ​ព្យាករ ពិភពលោក​ចាំបាច់ត្រូវ​តែ​កំរិតគ្រោះ​​ហានិភ័យ​មួយ​ចំនួន​ដូចជាជម្លោះ​ប្រដាប់​អាវុធ ​ភូមិសាស្ត្រ​នយោបាយ ជម្លោះ​ពាណិជ្ជកម្ម នយោបាយ​ការពារតែ​សេដ្ឋកិច្ច​ជាតិ​ឯង ឬ​ភាព​ប្រេះឆា​​នៃ​ការ​ផ្តោះប្តូរ​សេដ្ឋកិច្ច​។ នេះ​បើ​តាម​ប្រសាសន៍​​របស់​លោកស្រី​ប្រមុខ​អង្គការ​ពាណិជ្ជកម្មពិភពលោក​ដដែល ដោយ​ព្រមាន​​ថា​ភាព​តាន​តឹង​នយោបាយ និង​ភាព​មិន​ជាក់​លាក់​នៃ​សេដ្ឋកិច្ច​ អាច​នឹង​អូស​ទាញ​ដំឡើង​តម្លៃ​គ្រឿង​ឧបភោគ​បរិភោគ និង​តម្លៃ​ថាមពល ដែល​នឹង​ទៅ​បង្អាក់​​​កំណើន​សេដ្ឋកិច្ចមិន​ឱ្យ​មាន​សន្ទុះពេញ​លេញ​បាន។
 
សម្រាប់​លោកស្រី​នាយិកា​អង្គការពាណិជ្ជកម្ម​ពិភពលោក ​​​នៅ​ឆ្នាំនេះ​ កំណើន​សេដ្ឋកិច្ច​ចាប់​ផ្តល់​​សញ្ញា។ បណ្តាញ​ផ្គត់​ផ្គង់ស្បៀងអាហារធុន​ និងពាណិជ្ជកម្ម​ពហុជាតិរឹងមាំល្អ​​ ​បាន​​ជួយ​ជំរុញ​ពាណិជ្ជកម្មពិភពលោក​ឱ្យ​ចាប់​កំរើក​​ហើយ​ តែ​​​វិបត្តិ​អតិផរណា និង​ថាមពល​ថ្លៃ បន្ត​នៅ​ជា​បន្ទុក​ រារាំង​យ៉ាង​ខ្លាំង​សេចក្តីត្រូវ​ការ​ផ្នែក​ផលិតផលសិប្បកម្ម​យ៉ាង​ខ្លាំង ដោយ​មាន​សកម្មភាព​ថយ​ចុះ​១,២%នៅ​​ឆ្នាំ​កន្លង​ទៅ។​
 
នៅក្នុង​របាយការណ៍ចេញ​ផ្សាយ​ថ្ងៃពុធទី ១០មេសា​នេះ អង្គការ​ពាណិជ្ជកម្ម​ពិភពលោ​ក​ មិន​វាយ​តម្លៃ​ពាណិជ្ជកម្ម​ពិភពលោក​ផ្នែក​សេវាកម្ម​ទេ ប៉ុន្តែអង្គការ​បាន​គូស​បញ្ជាក់​ថា នៅ​ឆ្នាំ​២០២៣​សេវាកម្ម​មាន​កំណើន​៩% ហើយ​អង្គការ​រំពឹង​ថាព្រឹត្តិការណ៍​កីឡា​ នៅអឺរ៉ុប នាអំឡុង​រដូវ​ក្តៅ​ខាង​មុខ (កីឡាអូឡាំពិកក្រុង​ប៉ារីស) និង​ការ​ប្រកួត​កីឡាបាល់ទាត់អឺរ៉ុប​​២០២៤ នៅ​អាល្លឺម៉ង់​ នឹង​មក​បំប៉ន​វិស័យ​ទេសចរណ៍​និង​ដឹកជញ្ជូន៕

© រក្សាសិទ្ធិដោយ thmeythmey.com