អន្តរជាតិ
តៃវ៉ាន់ និងចិនអាចដោះស្រាយការខ្វែងគំនិតប្រកបដោយសន្តិភាព
11, Apr 2024 , 8:59 pm        
រូបភាព
អតីតប្រធានាធិបតីតៃវ៉ាន់ លោក Ma Ying-jeou (ឆ្វេង) ចាប់ដៃជាមួយប្រធានាធិបតីចិន លោកស៊ី ជិនភីង នៅថ្ងៃទី១០ ខែមេសា។ រូបភាព xinhua
អតីតប្រធានាធិបតីតៃវ៉ាន់ លោក Ma Ying-jeou (ឆ្វេង) ចាប់ដៃជាមួយប្រធានាធិបតីចិន លោកស៊ី ជិនភីង នៅថ្ងៃទី១០ ខែមេសា។ រូបភាព xinhua
តៃវ៉ាន់ និងចិន អាចដោះស្រាយការខ្វែងគំនិតគ្នាប្រកបដោយសន្តិភាព។ អតីតប្រធានាធិបតីតៃវ៉ាន់ លោក Ma Ying-jeou បានបញ្ជាក់ច្បាស់ៗបែបនេះ នៅថ្ងៃទី១១ ខែមេសា បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនភីង។ នេះជាជំនួបលើកទីពីររវាងលោកMa និងលោកស៊ី បន្ទាប់ពីជំនួបលើកដំបូងនៅក្នុងឆ្នាំ២០១៥។

 
ជាញយៗ ចិន តែងបង្ហាញសាច់ដុំ ឬគំរាមប្រើកម្លាំងយោធា ដើម្បីវាយតៃវ៉ាន់ ក្នុងករណីហ៊ានប្រកាសឯករាជ្យ។ ទន្ទឹមនេះ រដ្ឋាភិបាលក្រុងប៉េកាំង ក៏តែងចិញ្ចឹមចិត្តក្នុងការបង្រួបបង្រួមដែនដីទាំងពីរប្រកបដោយសន្តិភាពផងដែរ ដោយចិនបានចាត់ទុកកិច្ចការមួយនេះ ជាបេសកកម្មប្រវត្តិសាស្រ្ត។ 
 
បន្ទាប់ពីជំនួបលើកទីពីរជាមួយប្រធានាធិបតីចិន លោកស៊ី ជិនភីង លោក Ma Ying-jeou អតីតប្រធានាធិបតីតៃវ៉ាន់ ដែលបានកាន់តំណែងចន្លោះពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៦ បានអំពាវនាវក្រុមយុវជនទុកមនោគមវិជ្ជាដោយឡែក ហើយស្វែងយល់ថា ដែនដីទាំងពីរមានការពាក់ព័ន្ធគ្នាទាំងផ្នែកវប្បធម៌ និងប្រវត្តិសាស្រ្ត។​
 
«សំខាន់ជាងនេះ ប្រជាជនចិននៃដែនដីទាំងពីរ អាចដោះស្រាយជម្លោះប្រកបដោយសន្តិភាព»។ អតីតប្រធានាធិបតីតៃវ៉ាន់ បានបន្តបែបនេះ នៅថ្ងៃទី១១ ខែមេសា នៅពេលត្រលប់មកតៃវ៉ាន់វិញ ដោយសំដៅដល់ប្រជាជនចិន និងតៃវ៉ាន់ ដែលឃាំងដោយច្រកសមុទ្រតៃវ៉ាន់។ ជំនួបរវាងលោក Ma និងលោកស៊ី លើកដំបូង​បានធ្វើឡើងនៅក្នុងឆ្នាំ២០១៥ ដោយជំនួបកាលនោះ ត្រូវបានរៀបចំនៅសិង្ហបុរី។ 
 
នៅក្នុងឆ្នាំ២០២៣ អតីតប្រធានាធិបតីតៃវ៉ាន់ខាងលើ បានក្លាយជាអតីតមេដឹកនាំតៃវ៉ាន់ដំបូង ក្នុងការធ្វើទស្សនកិច្ចទៅចិន ចាប់តាំងពីសង្គ្រាមស៊ីវិលបានបញ្ចប់ នៅក្នុងឆ្នាំ១៩៤៩។ 
 
ក្នុងជំនួបនៅថ្ងៃទី១០ ខែមេសា លោកស៊ីបានប្រាប់លោកMa ថា ប្រជាជននៅទាំងសងខាងច្រកសមុទ្រតៃវ៉ាន់សុទ្ធតែជាប្រជាជនចិន ហើយគ្មានកម្លាំងណាមួយ អាចបំបែកប្រជាជនទាំងពីរ ឬគ្មានបញ្ហាណាមួយ មិនអាចត្រូវបានដោះស្រាយឡើយ។ ទន្ទឹមនេះ លោកស៊ី ក៏បានបញ្ជាក់ជាថ្មីផងដែរថា កម្លាំងខាងក្រៅ មិនអាចរារាំងចលនាបង្រួបបង្រួមរវាងដែនដីទាំងពីរបានឡើយ។ 
 
ក្នុងជំនួបដដែលនោះ លោកស៊ី ក៏បានចូលរួមរំលែកទុក្ខ និងសោកស្តាយជាមួយប្រជាជនតៃវ៉ាន់ ដែលរងគ្រោះនៅក្នុងរញ្ជួយដីនាពេលថ្មីៗនេះផងដែរ៕
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com