ជាតិ
ពលរដ្ឋ អាចរាយការណ៍ ទៅក្រសួងរ៉ែបានគ្រប់ពេល បើរកឃើញករណីបូមខ្សាច់អនាធិបតេយ្យ
×
ដោយ៖ ញ៉ សុខហឿន
ភ្នំពេញ៖ ប្រសិនបើរកឃើញការបូមខ្សាច់អនាធិបតេយ្យនោះ ប្រជាពលរដ្ឋ អាចរាយការណ៍ទៅក្រសួងរ៉ែ និងថាមពលបានគ្រប់ពេល ។ នេះបើយោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីអំពីការកំណត់គោលការណ៏គ្រប់គ្រង និង ការធ្វើអាជីវកម្មធនធានខ្សាច់នៅកម្ពុជា ថ្ងៃទី ១០ មេសា ឆ្នាំ២០២៤។
នៅក្នុងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ដែលមានហត្ថលេខារបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១០ មេសា បានបន្តថា ក្រសួងរ៉ែ និងថាមពល ត្រូវរៀបចំយន្តការចែករំលែកព័ត៌មាន និងឆ្លើយតបបន្ទាន់ ចំពោះការរកឃើញការបូមខ្សាច់អនាធិបតេយ្យ ខុសពេលវេលា និងខុសពីការកំណត់ក្នុងអាជ្ញាបណ្ណ។
ប្រការ៦ នៃសេចក្តីសម្រេចរបស់ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា៖«ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និង ប្រជាពលរដ្ឋអាចរាយការណ៍ទៅក្រសួងរ៉ែ និងថាមពលបានគ្រប់ពេល »។
បើតាមប្រមុខរដ្ឋាភិបាល ក្រសួងរ៉ែ ជាអ្នកចេញអាជ្ញាប័ណ្ណ និងទទួលខុសត្រូវគ្រប់បែបយ៉ាង លើការធ្វើអាជីវកម្មបូមខ្សាច់គ្រប់ប្រភេទ ដោយគិតចាប់តាំងពីពេលដាក់ពាក្យស្នើសុំ រហូតដល់ការចេញអាជ្ញាប័ណ្ណ។ រាល់ការចេញអាជ្ញាប័ណ្ណទាំងអស់ ក្រសួងរ៉ែ និងថាមពល ត្រូវចម្លក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ។
ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការផ្ដល់អាជ្ញាបណ្ណបូមខ្សាច់នេះ ត្រូវអនុវត្តនៅតំបន់ណា ដែលត្រូវបានអនុញ្ញាតឱ្យធ្វើអាជីវកម្ម និងផ្អែកតាមការវាយតម្លៃផលប៉ះពាល់បរិស្ថានប៉ុណ្ណោះ។
ទន្ទឹមនេះ ក្រសួងធនធានទឹក និងឧត្តុនិយម ដោយមានកិច្ចសហការជាមួយក្រសួងរ៉ែ ត្រូវកំណត់តំបន់ធនធានខ្សាច់ជា៣តំបន់ ដោយផ្អែកលើលទ្ធផលនៃការសិក្សាជលវិទ្យា និងជលគតិ រួមមាន៖ តំបន់ដែលអនុវត្តឱ្យធ្វើអាជីវកម្ម, តំបន់ដែលតម្រូវឱ្យមានការអនុញ្ញាត តាមការស្នើសុំពិសេស និងតំបន់ពុំអនុញ្ញាតឱ្យធ្វើអាជីវកម្ម។ បើតាមប្រមុខរដ្ឋាភិបាល តំបន់ទាំង៣នេះ ត្រូវមាននិយាមការឱ្យបានច្បាស់លាស់។
ប្រមុខរដ្ឋាភិបាល បានបន្ថែមទៀតថា ៖« អាជ្ញាប័ណ្ណធ្វើអាជីវកម្មខ្សាច់ ត្រូវមានរយៈពេលតែពីរឆ្នាំប៉ុណ្ណោះ និងមិនអនុញ្ញាតឱ្យចេញអាជ្ញាប័ណ្ណបណ្តោះអាសន្នជាដាច់ខាត»។
ក្រោយផ្ដល់អាជ្ញាបណ្ណហើយ គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ អនុវត្តកាតព្វកិច្ចរបស់ខ្លួន ក្នុងការត្រួតពិនិត្យនិងតាមដានការធ្វើអាជីវកម្មធនធានខ្សាច់។ ក្នុងករណីមានភាពអនាធិបតេយ្យ ឬការបូមខ្សាច់ខុសបច្ចេកទេសនោះ គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ត្រូវផ្តល់អនុសាសន៍ក្នុងសមត្ថកិច្ចរបស់ខ្លួន ដើម្បីក្រសួងរ៉ែ និងថាមពល ចាត់វិធានការជាបន្ទាន់។ នេះបើតាមសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត៕
© រក្សាសិទ្ធិដោយ thmeythmey.com