កីឡាអន្តរជាតិ
អន្តរជាតិ
លោក Guardiola ពាក់នាឡិកាតម្លៃ ១,៣លានដុល្លារ អំឡុងដឹកនាំ Man City ប្រកួត UCL
12, Apr 2024 , 8:29 am        
រូបភាព
លោក Pep Guardiola ត្រូវបានមើលឃើញថាបានពាក់នាឡិកាដៃម៉ាក Richard Mille ដែលមានតម្លៃប្រមាណ ១,១លានផោន (១,៣លានដុល្លារ) អំឡុងដឹកនាំក្រុម Manchester CIty ប្រកួតស្មើ Real Madrid ៣-៣ វគ្គ ៨ក្រុមចុងក្រោយជើងទី១ UEFA Champions League។ នាឡិកាតម្លៃថ្លៃនៅលើដៃបុរសសញ្ជាតិអេស្ប៉ាញ បានទាក់ទាញការចាប់ឱ្យចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ។



​Man City បានបង្ហាញទម្រង់លេងដ៏ល្អមួយទល់នឹងក្រុមម្ចាស់ផ្ទះ Real Madrid ក្នុងជំនួបជើងទី១ UCL វគ្គ ៨ក្រុមចុងក្រោយ។ កីឡាករខ្លះបានស៊ុតបាល់បញ្ចូលទីយ៉ាងអស្ចារ្យក្នុងការប្រកួតវាយសម្រុកគ្នាទៅវិញទៅមកស្មើ ៣-៣។
 
ការប្រកួតក្នុងទឹកដីប្រទេសអេស្ប៉ាញ ត្រូវបានគេចាត់ទុកថាជាជំនួបដ៏ធំប្រចាំព្រឹត្តិការណ៍ ដោយក្រុមទាំងពីរសុទ្ធសឹងតែជាក្រុមកំពុងតែមានទម្រង់លេងល្អដូចគ្នា។ ជាការប្រកួតដ៏ធំ លោក Guardiola ក៏ត្រូវបានគេកត់សម្គាលថាបានប្រើប្រាស់វត្ថុដ៏មានតម្លៃអំឡុងដឹកនាំក្រុមប្រជែងទល់ Real Madrid។ 
 
អ្នកចាត់ការក្រុម Man City រូបនេះ បានបង្ហាញរបៀបនៃការស្លៀកពាក់តាមបែបធម្មតាជាប្រចាំរបស់លោក ពេលដឹកនាំក្រុមប្រកួតម្តងៗដោយ ការពាក់អាវខ្មៅមានកមូល អមដោយអាវធំពីក្រៅ ប៉ុន្តែចំណុចមួយដែលគេចាប់អារម្មណ៍បំផុតនោះគឺជានាឡិកាដៃ ដ៏ទាក់ទាញ។
 
ក្រសែភ្នែកអ្នកគាំទ្រជាច្រើនបានសម្គាលឃើញ លោក Guardiola ពាក់នាឡិកាដៃដ៏ប្រណិតមួយគ្រឿង ដោយត្រូវបានគេស្គាល់ថាមានម៉ាកយីហោដ៏ល្បីលើពិភពលោក Richard Mille សេរ៊ី Calibre RM27-01។ នាឡិកាដៃនោះទៀតសោត ក៏ត្រូវបានកីឡាករវាយកូនបាល់លំដាប់ពិភពលោក Rafael Nadal មាន ១គ្រឿងដូចគ្នាដែរ។
  


ជានាឡិកាដៃបានចេញលក់ដំបូងកាលពីឆ្នាំ ២០១៣ ម៉ាក Richard Mille បង្កើតឡើងត្រឹមតែ ៥០គ្រឿងប៉ុណ្ណោះ ហើយនាឡិកា នេះមានទម្ងន់ត្រឹមតែ ៣,៥ក្រាមប៉ុណ្ណោះ លាយឡំជាមួយនឹងការរចនាដ៏ពិសេសនៃរូបរាង ហើយវាក៏ត្រូវបានពិពណ៍នាថា​ជា«ជ័យជម្នះនៃវិស្វកម្មនិងបច្ចេកវិទ្យា» ដោយក្រុមហ៊ុនដែលផលិត។
 
ចេញលក់ដំបូងនាឡិកាស្ថិតនៅលើដៃរបស់លោក Pep Guardiola មានតម្លៃចាប់ពី ៦០ម៉ឺនផោន (៧៥ម៉ឺនដុល្លារ) រួចទៅហើយ ហើយតម្លៃមកដល់ពេលនេះត្រូវបានគេប៉ាន់ស្មានថាប្រមាណ ១,៥លានដុល្លារ (១,១៩លានផោន)។ 
 
​នាឡិកាដៃមួយស្ថិតក្នុងចំណោមម៉ូឌែល Richard Mille ធ្វើឡើងជាពិសេសសម្រាប់ក្រុម Manchester City ត្រូវបានគេស្គាល់ឈ្មោះថា RM-010 Manchester City ដោយមានពណ៌ដូចទៅនឹងពណ៌របស់ក្លិបផ្ទាល់ ត្រូវបានក្រុមហ៊ុនផលិតឡើងមានតែ ៣០គ្រឿងប៉ុណ្ណោះ ដែលតម្លៃចាប់ពី ៩,៥ម៉ឺនដុល្លារ (៧,៥ម៉ឺនផោន)។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញក៏មានប្រើប្រាស់លើម៉ូឌែលនេះដូចគ្នា។ ​
 
អ្នកចាត់ការ Man City ដដែលក៏ធ្លាប់បានបង្ហាញការពាក់នាឡិកាដៃសេរ៊ី RM 022 Tourbillon Aerodyne ដែលធ្វើឡើងពីដែកទីតាញ៉ូម មានតម្លៃប្រមាណជាង ៥៨ម៉ឺនដុល្លារ ហើយមានតែ ៥គ្រឿងលើពិភពលោក។ សូម្បីតែនាឡិកាដៃម៉ូឌែល Rolex Cellini ដែលជានាឡិកាដៃនិយមពាក់ដោយអតីតប្រធានាធិបតីអាម៉េរិកលោក Barack Obama ក៏លោក Pep Guardiola មានប្រើប្រាស់ផងដែរ៕

Tag:
 Pep Guardiola
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com