កីឡាជាតិ
ជាតិ
សមាជិកកីឡាហោះហើរកម្ពុជា ៦រូប បង្ហាញការហោះហើរលើកដំបូងក្នុងសង្ក្រាន្ដខេត្តស្វាយរៀង
12, Apr 2024 , 8:59 am        
រូបភាព
អត្ដពលិកកម្ពុជា ហ្វឹកហាត់កីឡាហោះហើរ រូបពីសហព័ន្ធកីឡាហោះហើរកម្ពុជា
អត្ដពលិកកម្ពុជា ហ្វឹកហាត់កីឡាហោះហើរ រូបពីសហព័ន្ធកីឡាហោះហើរកម្ពុជា
សហព័ន្ធកីឡាហោះហើរកម្ពុជា នឹងបញ្ជូនកីឡាករ ៦រូប ដើម្បីជិះឧបករណ៍ Paramotor ហោះបង្ហាញ ក្នុងពិធីសង្ក្រាន្ដចូលឆ្នាំខ្មែរ នៅដងទន្លេវៃគោ ក្រុងស្វាយរៀង នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤។ លោក សារៀម រក្សា អគ្គលេខាធិការសហព័ន្ធកីឡាហោះហើរ យល់ថានេះជាឱកាស ផ្សព្វផ្សាយកីឡាហោះហើរ និងជាការបង្ហាញសមត្ថភាពរបស់អត្ដពលិកកម្ពុជា ព្រមទាំងជួយឱ្យបរិយាកាសសង្ក្រាន្ដនៅស្វាយរៀង កាន់តែអធិកអធម។



សង្ក្រាន្ដខេត្តស្វាយរៀង ឆ្នាំ២០២៤ រដ្ឋបាលខេត្ត បានអញ្ជើញសហព័ន្ធកីឡាហោះហើរកម្ពុជា ឲ្យចូលរួមបង្ហាញពីការហោះហើរ។ សហព័ន្ធ បានបញ្ជូនគ្រូបង្វឹក-កីឡាករ ៦រូប ក្នុងនោះមាន៖ លោក តេង ប៉េងស៊ាង គ្រូបង្វឹក, កីឡាករ លី សុខី, Mr. Claudel Drainville, សារៀម រក្សា, ទិត្យ វណ្ណា និង Mr. Luke Russell Rozycki-Marshall។ 
 
លោក សារៀម រក្សា បានប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាមថា កីឡានេះ មិនសូវជាមានអ្នកស្គាល់ ហើយក៏មិនដឹងថានៅក្នុងកម្ពុជា​ មានប្រភេទកីឡានេះដែរ។ ក្រៅអំពីការផ្សព្វផ្សាយកីឡានេះ អគ្គលេខាធិការរូបនេះ ការបង្ហាញការហោះហើរ គឺជាទស្សនីយភាពមួយប្លែក និងញ៉ាំងបរិយាកាសឲ្យកាន់តែចាប់អារម្មណ៍។
 
«ខ្ញុំគិតថា នេះជាការផ្សព្វផ្សាយឲ្យប្រជាជននៅខេត្តស្វាយរៀង បានស្គាល់នូវកីឡាមួយនេះ។ កីឡានេះ មិនទាន់មានអ្នកស្គាល់ច្រើនទេ។ ហើយខ្ញុំ គិតថា ពេលឃើញការហោះហើរពួកគាត់អ្នកទៅលេងសង្ក្រាន្តនោះ មានក្ដីរំភើបរីករាយ។ យើង ចង់បង្ហាញការហោះហើរ មិនត្រឹមតែខេត្តស្វាយរៀងទេ ប៉ុន្ដែគឺគ្រប់ខេត្ត ដើម្បីឲ្យពួកគាត់បានស្គាល់ពីកីឡានេះ។»។ លោក សារៀម រក្សា បាននិយាយដូច្នេះ។
 
គួរបញ្ជាក់ផងដែរថា កីឡាហោះហើរ មានវត្តមាននៅកម្ពុជា តាំងពីចន្លោះឆ្នាំ២០០០-២០០៤ ហើយមានភ្ញៀវទេសចរ លេងកីឡានេះច្រើន គឺនៅចន្លោះឆ្នាំ២០០៥-២០១០។ ដោយឡែក សហព័ន្ធកីឡាហោះហើរ ត្រូវបានបង្កើតនៅឆ្នាំ២០១៣ បន្ទាប់ពីមានការជំរុញ និងជួយជ្រោមជ្រែងពី គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយមានលោក តេង ប៉េងស៊ាង ជាប្រធានសហព័ន្ធ រហូតមកទល់បច្ចុប្បន្ន៕

Tag:
 កីឡាហោះហើរ
  សារៀម រក្សា
  សង្ក្រាន្ដ
© រក្សាសិទ្ធិដោយ thmeythmey.com