ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ប្រធានក្រុមរបាំត្រុដិកំពង់ធំ ចង់ឱ្យភូមិមួយ មានក្រុមរបាំត្រុដិមួយ
15, Apr 2024 , 7:59 am        
រូបភាព
ក្រុមរបាំត្រុដិខេត្តកំពង់ធំ របស់ជនជាតិដើមភាគតិចកួយ។
ក្រុមរបាំត្រុដិខេត្តកំពង់ធំ របស់ជនជាតិដើមភាគតិចកួយ។
ភ្នំពេញ៖ លោក ម៉ៅ សុវណ្ណឌី ជាប្រធានក្រុមរបាំត្រុដិកំពង់ធំ។ សមាជិកក្រុមរបស់លោកភាគច្រើន ជាជនជាតិដើមភាគតិចកួយ ដែលតែងតែសម្ដែងរបាំត្រុដិនៅតាមផ្ទះ ហាងទំនើប និងក្រុមហ៊ុនឯកជន ក្នុងខេត្តក្រុមចំនួន៥ រួមមានព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ។


 
លោក សុវណ្ណឌី ដែលជាអ្នកជួយផ្ដួចផ្ដើមក្រុមនេះឡើយ ចាប់តាំងពីឆ្នាំ២០១២មក បានអះអាងថា ពលរដ្ឋពុំទាន់និយមហៅរបាំត្រុដិនេះ សម្ដែងតាមផ្ទះច្រើននៅឡើយទេ។ បញ្ហានេះ លោកសង្កេតឃើញ ពីភាពខ្វះខាតនៃក្រុមរបាំត្រុដិ ហើយពលរដ្ឋខ្លះក៏អាចគិតថា ជួលក្រុមរបាំត្រុដិ ត្រូវចំណាយប្រាក់ច្រើនជាដើម។ 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ ប្រធានក្រុមរូបនេះ បានឱ្យដឹងថា បញ្ហាខាងលើ គឺអាចដោះស្រាយបាន តាមរយៈការរួមគ្នាបង្កើតក្រុមរបាំត្រុដិឱ្យបានច្រើន ដើម្បីរក្សាប្រពៃណី និងបន្តឱ្យក្មេងៗជំនាន់ក្រោយបានស្គាល់។ «តាមខ្ញុំគិត ចង់ឱ្យក្នុងភូមិមួយ មានក្រុមរបាំនេះមួយ គឺល្អសម្រាប់លេងក្នុងភូមិខ្លួន ពិសេសអំឡុងពេលចូលឆ្នាំ ទើបរបាំនេះ កាន់តែផុស ផុល ហើយក្មេងជំនាន់ យល់ដឹងរបាំនេះបានល្អ»។ លោក សុវណ្ណឌី លើកឡើងបែបនេះ ហើយបន្តថា បើឱ្យសម្ដែងរបាំត្រុដិ តាមផ្សារ ឬឆ្លងពីភូមិមួយទៅភូមិមួយទៀតនោះ ក្មេងៗខ្លះពុំសូវបានយល់ពីសាច់រឿងឡើយ បានត្រឹមតែឃើញរូបភាពដើរស្រែកច្រៀងប៉ុណ្ណោះ។ 
 
«ក្មេងខ្លះអត់បានស្គាល់តួអង្គក្នុងរបាំត្រុដិអស់ទេ មិនដឹងដំណើរសាច់រឿងឡើយ បើយើងលេងពីផ្សារមួយទៅផ្សារមួយ។ អ៊ីចឹង បានខ្ញុំថាបើមានក្រុមរបាំត្រុដិតាមភូមិ អាចលេងតាមភូមិរបស់ខ្លួន ក្មេងនឹងយល់ ហើយច្បាស់ជាលេងបានច្រើនផ្ទះ អំឡុងចូលឆ្នាំ នាំឱ្យរបាំនេះនិយមយ៉ាងផុសផុល»។  ប្រធានក្រុមរបាំត្រុដិប្រចាំខេត្តកំពង់ធំ យល់ឃើញបែបនេះ ហើយបន្ថែមថា ក្រុមរបស់លោក ពុំទាមទារ ឬកំណត់ថ្លៃជួលឡើយ ដោយទទួលយកប្រាក់តាមទឹកចិត្តអ្នកភូមិ ឬម្ចាស់ហាង ដែលឱ្យមកក្រុមលោកប៉ុណ្ណោះ។ 
 
ក្រៅពីក្រុមហ៊ុន យូរៗម្ដងមានអង្គការសង្គមស៊ីវិល បានជួលក្រុមរបាំត្រុដិជនជាតិដើមភាគតិចលោក សុវណ្ណឌី ទៅសម្ដែងដែរ ប៉ុន្តែលោកចង់ឃើញពលរដ្ឋតាមគ្រួសារ បន្តនិយមរបាំនេះ ឱ្យបានកាន់តែច្រើន ពិសេសលើកកម្ពស់វប្បធម៌ជាតិ ជាងវប្បធម៌ដទៃ ដូចលោតម៉ុងសាយជាដើម។ 
 
ប្រធានរបាំត្រុដិ ដែលមានវ័យ៦០ឆ្នាំរូបនេះ បានបន្ថែមថា៖ «បើចង់ឱ្យពលរដ្ឋនិយមរបាំត្រុដិនេះ កាន់តែច្រើន វាទាក់ទងនឹងជំនឿទៀត។ ដូច្នេះនៅពេលគេយល់ដឹងរបាំនេះថា ជាការដេញឧបទ្រពចង្រៃឆ្នាំចាស់ចេញ ដើម្បីទទួលសិរីឆ្នាំថ្មី ទើបល្អប្រសើរ។ ហេតុនេះ ខ្ញុំចង់ឱ្យក្មេងជំនាន់ក្រោយយល់ឱ្យច្បាស់និងលម្អិតពីរបាំនេះ តើមានតួអង្គអ្វីខ្លះ គេប្រើឧបករណ៍អ្វីខ្លះជាដើម»។ 
 
នារដូវកាលចូលឆ្នាំខ្មែរនេះ ក្រុមលោកបានសម្ដែងពី១៥ទៅ២០កន្លែង ហើយភាគច្រើនសម្ដែងនៅតាមក្រុមហ៊ុនឯកជន ។ ដូច្នេះ ទើបលោកចង់ឃើញការនិយមរបាំត្រុដិ ចេញពីគ្រួសាររបស់ពលរដ្ឋច្រើនជាង។ 
 
លោក សុវណ្ណឌី បញ្ជាក់ថា ការបង្កើតក្រុមរបាំនេះ គឺត្រូវការមេក្រុមដែលមានចិត្តស្រលាញ់ច្បាស់លាស់ ទើបអាចបង្កើតបានយូរ។ បើតាមបុរសចំណាស់រូបនេះ នៅពេលរកចំណូលបានច្រើន គឺលោកដកមួយចំណែកទុកជួយក្រុមការងារ ពិសេសពេសសមាជិកមានតម្រូវការចាំបាច់។ លោក បន្ថែមថា ការធ្វើបែបនេះ គឺជាការជួយគាំទ្រសមាជិកក្រុមវិញ។ ជាមួយគ្នាដែរ ប្រធានក្រុមរូបនេះ អំពាវនាវឱ្យពលរដ្ឋជួយចូលរួមរក្សា និងបន្តធ្វើសកម្មភាពណា ដែលគាំទ្រដល់វប្បធម៌ខ្មែរ៕ 
 

Tag:
 របាំត្រុដិ
© រក្សាសិទ្ធិដោយ thmeythmey.com