សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
វៀតណាម កាត់ទោសប្រហារជីវិតមហាសេដ្ឋិនីអចលនទ្រព្យពីបទឆបោកទ្រង់ទ្រាយធំ
12, Apr 2024 , 10:15 am        
រូបភាព
លោកស្រី Truong My Lan នៅតុលាការប្រជាជនទីក្រុងហូជីមិញ។ រូបភាព ៖ AFP
លោកស្រី Truong My Lan នៅតុលាការប្រជាជនទីក្រុងហូជីមិញ។ រូបភាព ៖ AFP
មហាសេដ្ឋិនីអចលនទ្រព្យ លោកស្រី Truong My Lan ត្រូវបានតុលាការកាត់ទោសប្រហារជីវិតពីបទឆបោកទ្រព្យសម្បត្តិធនាគារពាណិជ្ជ Saigon (SCB) ហើយត្រូវបានបង្ខំឱ្យបង់ប្រាក់សំណងជាង ២៥ពាន់លានដុល្លារ។

 
សាលក្រមកាត់ទោសប្រហារជីវិតលើលោកស្រី Truong My Lan ត្រូវបានប្រកាសដោយតុលាការប្រជាជនទីក្រុងហូជីមិញ នៅរសៀលថ្ងៃទី១១ ខែមេសា បន្ទាប់សវនាការជំនុំជម្រះអស់ជាងមួយខែលើលោកស្រី និងបក្ខពួក ៨៥នាក់ផ្សេងទៀត។
 
លោកស្រី Truong My Lan ដែលជាប្រធានក្រុមហ៊ុនអចលនទ្រព្យ Van Thinh Phat Group ត្រូវបានកាត់ទោសលើបទចោទប្រកាន់ចំនួនបីរួមមាន បំពានបទប្បញ្ញត្តិស្តីពីការផ្តល់ប្រាក់កម្ចីរបស់ស្ថាប័នឥណទាន, ស៊ីសំណូក និងការកិបកេងទ្រព្យសម្បត្តិ ។ តាមសារព័ត៌មាន Tuoi Tre មហាសេដ្ឋីអចលនទ្រព្យស្ត្រីរូបនេះត្រូវបានកាត់ទោសប្រហារជីវិតពីបទឧក្រិដ្ឋកម្មឆបោក និងផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ២០ឆ្នាំសម្រាប់ឧក្រិដ្ឋកម្មពីរដែលនៅសល់។ ទោសសរុបជារួម​ គឺលោកស្រី Lan មានទោស​ប្រហារជីវិត។
 
ក្រៅពីលោកស្រី Lan ដែលទទួលទោសប្រហារជីវិត ជនជាប់ចោទ៤នាក់ផ្សេងទៀតត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត រួមមានលោកស្រី Do Thi Nhan ប្រធាននាយកដ្ឋានអធិការកិច្ចធនាគាររដ្ឋ និងអតីតមេដឹកនាំធនាគារ SCB តាមអណត្តិចំនួនបីនាក់ទៀតមានលោក  Dinh Van Thanh អតីតប្រធានធនាគារ លោក Bui Anh Dung អតីតប្រធានធនាគារ និងលោក Vo Tan Hoang Van អតីតអគ្គនាយកធនាគារ។
 
គួរបញ្ជាក់ថា ដីកា​ចោទ​ប្រកាន់​របស់អយ្យការកំពូលបាន​ចែង​ថា ចាប់​ពី​ឆ្នាំ​២០១២ ដល់​ខែ​តុលា ឆ្នាំ​២០២២ លោកស្រី Truong My Lan បាន​ទិញ​និង​កាន់​កាប់​ភាគហ៊ុន ធនាគារSCB ចន្លោះពី ៨៥-៩១,៥ភាគរយ។ ពីពេលនោះ ចុងចោទបានក្លាយជាម្ចាស់ភាគហ៊ុនដែលមានអំណាចដើម្បីដឹកនាំប្រតិបត្តិការ និងរៀបចំសកម្មភាពទាំងអស់របស់ធនាគារ SCB ដើម្បីមប្រើផលប្រយោជន៍បក្សពួកខ្លួន។
 
ក្រោយការការចាប់ខ្លួនលោកស្រី Lan នៅចុងឆ្នាំ ២០២២ វិស័យអចលនទ្រព្យនៅវៀតណាមបានរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាពិសេសគម្រោងរបស់ក្រុមហ៊ុន Van Thinh Phat ដែលជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេនៅវៀតណាម។ ក្រុមហ៊ុនអចលនទ្រព្យប្រមាណ ១៣០០ក្រុមហ៊ុនបានដកខ្លួនពីទីផ្សារក្នុងឆ្នាំ២០២៣ ចំណែកអ្នកអភិវឌ្ឍលំនៅឋាន បាននឹងកំពុងផ្តល់ការបញ្ចុះតម្លៃដើម្បីទាក់ទាញអ្នកទិញ បើទោះបីជាការជួលផ្ទះជួលបានធ្លាក់ចុះ១ភាគ៣នៅទីក្រុងហូជីមិញក៏ដោយ។ 
 
ការចាប់ខ្លួនលោកស្រី Lan នៅខែតុលា ឆ្នាំ២០២២ ជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងអំពើពុករលួយពីសំណាក់បក្សកុម្មុយនីស្តវៀតណាម។ ថ្មីៗនេះ អតីតប្រធានាធិបតី វ៉ វាន់ ធឿង បានលាលែងពីតំណែងកាលពីខែមីនា បន្ទាប់ពីជាប់ពាក់ព័ន្ធក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។
 
សូមបញ្ជាក់ថា ជនរងគ្រោះក្នុងករណីនេះមានរហូតដល់៤២០០០នាក់ ហើយរដ្ឋអាជ្ញាវៀតណាមបានរកឃើញថា ផលប៉ះពាល់កើតចេញពីការឆបោកខាងលើមានទំហំ ២៧ពាន់លានដុល្លារ ពោលគឺស្មើនឹង៦ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់វៀតណាមនៅក្នុងឆ្នាំ២០២៣៕ 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com