កីឡាអន្តរជាតិ
អន្តរជាតិ
Europa៖ Leverkusen បន្តឈ្នះ ឯ Liverpool ចាញ់ Atalanta ទាំងអាម៉ាស់
12, Apr 2024 , 10:39 am        
រូបភាព
Bayer Leverkusen នៅតែរក្សាកំណត់ត្រាមិនចាញ់សោះក្នុង៤២ប្រកួត បន្ទាប់ពីឈ្នះ West Ham United ២-០ ក្នុងការប្រកួត UEFA Europa League វគ្គ៨ក្រុម ជើងទី១។ Liverpool រងបរាជ័យយ៉ាងអាម៉ាស់នៅទឹកដីខ្លួន ដោយចាញ់ Atalanta ដល់ទៅ ៣-០។



Jonas Hofmann និង Victor Boniface សម្រេចទីម្នាក់មួយគ្រាប់ ជួយក្រុមលោក Xabi Alonso ទទួលបាន២គ្រាប់ ពីក្រុមភ្ញៀវ West Ham នៅជំនួបជើងទី១ នៅរាត្រីថ្ងៃទី១១ ខែមេសា។

រក្សាភាពមិនចាញ់៤២ប្រកួត Leverkusen មានភាគរយខ្ពស់ក្នុងការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រមខណ្ឌទី២អឺរ៉ុបរដូវកាល ២០២៣-២៤។
 
Leverkusen បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈទម្រង់លេងដ៏រឹងមាំ ចាប់តាំងពីអ្នកចាត់ការទូទៅលោក Alonso ឡើងដឹកនាំពីឆ្នាំ២០២២មក។ មិនត្រឹមដល់វគ្គផ្តាច់ព្រ័ត្រ DFB Cup ប៉ុណ្ណោះទេ ក្រុមអាល្លឺម៉ង់មួយនេះ ថែមទាំងមានឱកាសខ្ពស់ស្ទើរ១០០ភាគរយទៅហើយ ក្នុងការក្លាយជាជើងឯក Bundesliga លើកដំបូងក្នុងប្រវត្តិសាស្ត្រ ក្រោយរកបានពិន្ទុនាំមុខដាច់គូប្រជែង Bayern Munich ដល់ទៅ១៦ពិន្ទុ ខណៈការប្រកួតនៅសល់តែ៦លើកទៀតនឹងបញ្ចប់រដូវកាល។



គិតមកដល់ពេលនេះ Leverkusen សង្ឃឹមខ្ពស់ក្នងការគ្រងជើងឯកពានរង្វាន់៣ក្នុងមួយរដូវកាល ដែលរួមមាន Bundesliga, DFB Cup និង Europa League។
 
ជារឿងគួរឱ្យភ្ញាក់ផ្អើលសម្រាប់ Liverpool ដែលរបូតគ្រាប់បាល់ដល់ទៅ៣គ្រាប់ នៅ Anfield ក្នុងជំនួបជើងទី១ ទល់នឹង Atalanta។ ៣គ្រាប់របស់ក្រុមពីលីគកំពូលក្រុមអ៊ីតាលី ធ្វើបានដោយ Gianluca Scamacca ២គ្រាប់ និង Mario Pasalic ១គ្រាប់។ ៣គ្រាប់ របស់ Atalanta បានធ្វើឱ្យហង្សក្រហមក្រោមការដឹកនាំរបស់លោក Jürgen Klopp មានភាគរយខ្ពស់មិនអាចឈានទៅវគ្គបន្ត ដ្បិតជើងទី២ ត្រូវត្រឡប់ទៅទឹកដីអ៊ីតាលី។
 
លទ្ធផលការប្រកួតពីរគូទៀត AS Roma បានយកឈ្នះម្ចាស់ផ្ទះ AC Milan ១-០ និង Benfica ឈ្នះ Marseille ២-១។ ជំនួបជើងទី២ វគ្គ៨ក្រុមចុងក្រោយ នឹងធ្វើនៅរាត្រីថ្ងៃទី១៩ ខែមេសា៕

Tag:
 Europa League
© រក្សាសិទ្ធិដោយ thmeythmey.com