ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ចូលឆ្នាំខ្មែរ៖ ជនជាតិដើមភាគតិចព្នង ក៏សែនទេវតាដែរ
15, Apr 2024 , 9:59 am        
រូបភាព
ដោយ៖ ជួន ខ្វិត 
មណ្ឌលគិរី៖ នារដូវបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ជនជាតិដើមភាគតិចព្នង នៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ក៏រៀបចំពិធីសែនទេវតាដែរ។

 
 មុនពិធីចូលឆ្នាំខ្មែរនេះ ជនជាតិដើមភាគតិចព្នង នៅភូមិពូហ្សាម តែងតែមូលគ្នា រៀបចំពិធីសែនព្រេនឡើងអ្នកតា ដើម្បីសុំសេចក្ដីសុខសប្បាយ និងសុំឱ្យអារក្ខអ្នកតា ជួយថែរក្សាស្រុក ភូមិ ឱ្យចៀសផុតពីគ្រោះចង្រៃនានា។ ពិធីឡើងអ្នកតានេះ គេប្រារព្វធ្វើរួមគ្នា តែមួយព្រឹកប៉ុណ្ណោះ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១១ថ្ងៃត្រង់។
 
ក្នុងថ្ងៃធ្វើពិធីឡើងអ្នកតានេះ គេមានត្រណមមួយ គឺមិនឱ្យក្មេងប្រុសស្រី ចាកចេញពីភូមិស្រុកទៅទីកន្លែងណា ឆ្ងាយពីតំបន់នៅក្នុងភូមិ ដែលពួកគេរស់នៅឡើយ ពីព្រោះអ្នកភូមិមានជំនឿមួយថា ក្នុងថ្ងៃប្រារព្វពិធីនេះ គឺជាពេលដែលអារក្ខអ្នកតា ចុះមកទទួលដង្វាយ ដែលអ្នកភូមិសែនជូន។ នាថ្ងៃពិធីនេះដែរ អ្នកភូមិជនជាតិដើមភាគតិចព្នង គូររូបព្រះឆ្លាក់លើថ្ម ដាក់ចូលក្នុងខ្ទមអ្នកតា ជាតំណាងវត្ថុស័ក្តិសិទ្ធិ ឬជាតំណាងឱ្យអាទិទេព ដែលអ្នកភូមិគោរពបូជា។ ជាមួយគ្នានេះ អ្នកភូមិនាំគ្នាយកស្រាពាង ជ្រូក មាន់ នំចំណី អន្សម បាយដំណើបសខ្មៅ យកដាក់ពីមុខខ្ទមអ្នកតានៅក្នុងភូមិ ដើម្បីជាការសែនព្រេន។  
 
លោក មឿន វីន វ័យ៣១ឆ្នាំ ដែលជាជនជាតិដើមភាគតិចព្នង បានរៀបរាប់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា ទោះបីបច្ចុប្បន្ននេះ ក្នុងស្រុកភូមិ មានការអភិវឌ្ឍច្រើនក្តី ក៏ពលរដ្ឋជនជាតិដើមភាគតិចព្នង មិនបោះបង់ចោលប្រពៃណីទំនៀមទម្លាប់ឡើងអារក្ខអ្នកតានេះដែរ។ «អ្នកភូមិជនជាតិដើមភាគតិចព្នងយើង នៅពេលដែលមានបុណ្យទានម្ដងៗ គេតែងតែនាំគ្នាកាប់មាន់ កាប់ជ្រូក យកស្រាពាង ស្រាស សែនព្រេន ព្រោះអី វាជាប្រពៃណីដែលបានធ្វើ រហូតមក តាំងពីណាពីណីមកហើយ»។ នេះបើតាមជនជាតិដើមភាគតិចព្នង ដែលបានបន្ថែមថា អ្នកភូមិមិនចង់ឱ្យបាត់បង់នូវប្រពៃណីទំនៀមទម្លាប់ ដែលមានតាំងពីបុរាណនេះឡើយ។
 
ក្រោយចប់ពិធីសែនព្រេននេះហើយ ២ថ្ងៃក្រោយមក អ្នកភូមិជនជាតិដើមភាគតិចព្នង ក៏រៀបចំពិធីសែនទេវតា នៅតាមខ្នងផ្ទះរៀងខ្លួន ដោយមានទាំងនំចំណី អន្សម ភេសជ្ជៈ ផ្កា និងផ្លែឈើ ដូចជា ក្រូច មៀន ប៉ោមជាដើម ។ មួយថ្ងៃបន្ទាប់ទៀត ពួកគេរៀបចំពិធីសែនដូនតា ដែលបានចែកឋានទៅទៀតផង។ ក្នុងពិធីនេះ គ្រួសារនីមួយៗ និយមយកស្រាពាង មាន់ស្ងោ បាយស ឈាមមាន់ ថ្លើមមាន់ បារី យកទៅសែនព្រេនដូនតា និងសុំសេចក្ដីសុខក្នុងគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
 
យុវជន កាំ កកដ្ដា បានបន្ថែមថា ក្នុងពិធីសែនដូនតានេះ អ្នកភូមិភាគច្រើន ធ្វើបបរ ឬនំបញ្ចុក ដើម្បីឱ្យអ្នកជិតខាង មកពិសារផងដែរ។ ជាមួយគ្នានេះ គេយកឈាមមាន់ ថ្លើមមាន់ បារី ស្រាពាង យកទៅលាបតាមសសរផ្ទះ និងយកបាយស នំចំណី ឈាមមាន់ ទៅសែនដូនតា ដែលបានចែកឋានទៅ ។ 
 
«នៅក្នុងសហគមន៍ជនជាតិដើមភាគតិចព្នង នៅពេលដែលមានបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរម្ដងៗ អ្នកភូមិតែងតែនាំគ្នាសែនអ្នកតាអុចធូបទាន បន់ស្រន់សុំសេចក្ដីសុខចម្រើន ក្នុងក្រុមគ្រួសាររបស់ពួកគេរៀងខ្លួនឱ្យមានសេច្ដីសុខសាន្ត»។ យុវជនវ័យ២២ឆ្នាំរូបនេះ បន្ថែម។
 
ជនជាតិដើមភាគតិចព្នង ប្រកាន់ប្រពៃណីបុណ្យចូលឆ្នាំ និងគោរពប្រតិបត្តិពុទ្ធសាសនាច្រើនជាងគេ នៅក្នុងប្រទេសកម្ពុជា។ នេះជាការយល់ឃើញរប​ស់យុវជន ចើត សុខ ដែលបានបន្ថែមថា ការរៀបចំសែនទេវតានេះ ក៏មានការអុជធូប៣សសៃ បន់ស្រន់សុំពរជ័យសិរីសួស្ដី និងសេចក្តីប្រាថ្នា តាមជំនឿដែរ។
 
ដោយឡែកងាកទៅការលេងល្បែងប្រជាប្រិយវិញ ក៏មានបាត់បង់ខ្លះដែរ។ យុវជន ចើត សុខ បានបន្ថែមថា ពីមុនមានលេងបោះអង្គុញ លាក់កន្សែង បោះឈូង នៅក្នុងសហគមន៍ជនជាតិដើមភាគតិចព្នង ក៍ប៉ុន្តែ បច្ចប្បន្ននេះ លែងមានរូបភាពបែបនេះទៀតហើយ។ នោះក៏ដោយសារតែពលរដ្ឋចំណាកស្រុកផ្សេង បានមករស់នៅក្នុងសហគមន៍ជនជាតិដើមភាគតិចព្នងនេះ ហើយបាននាំមកនូវវប្បធម៍ សម្ភារៈនិយម ទៅតាមសម័យកាល ទើបញ៉ាំងអារម្មណ៍យុវវ័យជំនាន់ក្រោយ ឱ្យឃ្លាតឆ្ងាយពីការលេងល្បែងប្រជាប្រិយនេះ។ យុវជន នៅភូមិពូហ្យាម ឃុំសែនមនោរម្យ ខេត្តមណ្ឌលគិរីរូបនេះ បន្តថា៖«ដោយសារតែនៅក្នុងសហគមន៍សព្វថ្ងៃនេះ ក្មេងៗមិនចូលចិត្តលេងបោះអង្គុញអី ដូចជំនាន់មុននោះទេ ពីព្រោះឥឡូវ ពេលមានបុណ្យទានម្ដងៗ តែងតែមានធុងបាស់»៕
    
 
 
 
 
 
 
 

Tag:
 ប្រពៃណី
 ​ ចូលឆ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com