ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សង្រា្កន្តតាមវិទ្យាល័យ កំពុងពេញនិយមសម្រាប់យុវជនជំនាន់ថ្មី
13, Apr 2024 , 7:59 am        
រូបភាព
ភ្នំពេញ៖ សង្រ្កាន្ត ជាកម្មវិធីមួយកំពុងពេញនិយមសម្រាប់យុវជនជំនាន់ថ្មី ជាពិសេសសង្រា្កន្តតាមវិទ្យាល័យ ក៏បានជំរុញឱ្យយុវជនលេងល្បែងប្រជាប្រិយកាន់តែច្រើន។ លោកគ្រូ ពិន ប៊ុនថង ជាអ្នករៀបចំសង្រ្កាន្តវិទ្យាល័យសុខអានត្រាំខ្នារ ខេត្តតាកែវ បានលើកឡើងថា ការរៀបចំសង្រ្កាន្តវិទ្យាល័យនេះ គឺដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ និងនាំឱ្យយុវជន ឬសិស្សានុសិស្ស ស្វែងយល់ពីលេងល្បែងប្រជាប្រិយ ដូចជាការលេងបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង និងល្បែងផ្សេងៗទៀតជាដើម។


 
«សង្រ្កាន្ត» កំពុងក្លាយជាកម្មវិធីដ៏ពេញនិយមមួយសម្រាប់ពលរដ្ឋកម្ពុជា មិនថានៅទីរួមខេត្ត សាលារៀន ភូមិឃុំ និងតំបន់រមណីយដ្ឋាននានា សឹងតែមានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្ត ដើម្បីបង្កបរិយារីករាយតាមរយៈ ការសម្តែងទស្សនីយភាពសិល្បៈបុរាណ រាំលេងកម្សាន្ត រួមទាំងការលេងល្បែងប្រជាប្រិយ។
 
លោកគ្រូ ពិន ប៊ុនថង អ្នករៀបចំកម្មវិធីសង្រ្កាន្តវិទ្យាល័យសុខអានត្រាំខ្នារបានមានប្រសាសន៍ថា៖« ការរៀបចំរៀប កម្មវិធីសង្រ្កាន្ត ដើម្បីបង្ហាញនូវការគោរពប្រពៃណី និងរម្លឹក នូវការលេងល្បែងប្រជាប្រិយឡើងវិញ ដូចជា បោះអង្គញ់ ចោលឈូង វាយក្អមជាដើម។ យើងរម្លឹកល្បែងប្រជាប្រិយយើងកុំឳ្យបាត់បង់ ព្រោះក្មេង និងយុវជនឥឡូវ ចង់ភ្លេចបាត់អស់ហើយ»។ 
សង្រ្កាន្តវិទ្យាល័យ ជាព្រឹត្តិការណ៍មួយដែលចល័តខ្លួន ទៅតាមសាលារៀនផ្សេងៗនាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ។ ព្រឹត្តិការណ៍នេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្សល្បែងកម្សាន្តប្រជាប្រិយខ្មែរឱ្យយុវជនជំនាន់ក្រោយ បានស្គាល់ និងដឹងពីរបៀបលេង។ លើសពីនេះ ក៏បាននាំចិត្តឱ្យអតីតសិស្សមកជួបជុំគ្នា និងជួបជាមួយលោកគ្រូអ្នកគ្រូផងដែរ។

លោកគ្រូ ពិន ប៊ុនថង អ្នករៀបចំសង្រ្កាន្តវិទ្យាល័យសុខអានត្រាំខ្នារ ខេត្តតាកែវ
 
យ៉ាងណាមិញ មិនថាតាមវត្តអារាម ភូមិស្រុក វិទ្យាល័យ ឬសាកលវិទ្យាល័យធំៗ និងស្ថាប័នតូចធំ សុទ្ធតែមានរៀបចំកម្មវិធីនេះឡើង ដោយមានលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ការសម្តែងសិល្បៈបុរាណនិងសម័យ រួមទាំងការរាំលេងកម្សាន្តជាដើម។ តាមរយៈសង្រ្កាន្តនេះ ក៏បានរួមចំណែកយ៉ាងខ្លាំងក្នុងការអភិរក្សល្បែងប្រជាប្រិយខ្មែរ ជាពិសេសជួយឱ្យយុវជនជំនាន់ថ្មី បានដឹង និងបានស្គាល់។ 
 
សម្រាប់សង្រ្កាន្តវិទ្យាល័យសុខអានត្រាំខ្នារ មិនមានការលេងបាញ់ទឹក ឬប៉ាត់ម្សៅនោះទេ គឺគណៈគ្រប់គ្រងសាលា លើកទឹកចិត្តឱ្យសិស្ស ក៏ដូចជាយុវជនាំគ្នាលេងល្បែងប្រជាប្រិយខ្មែរឱ្យបានកាន់តែច្រើន។
 
សង្រ្កាន្តតាមវិទ្យាល័យ ជាផ្នែកមួយបង្កើតចំណងសាមគ្តី ឱ្យយុវជនចេះសហការគ្នា និងធ្វើការងារសង្គមទៀតផង។ លោកគ្រូ ប៊ុនថង បានបន្ថែមថា សិស្សជាច្រើនស្ម័គ្រចិត្តជួយរៀបចំសង្រ្កាន្ត នៅពេលទំនេរចុងសប្តាហ៍ ដូចជាការធ្វើសម្ភារៈតាំងលម្អកម្មវិធីជាដើម។
 
ក្រៅពីវិទ្យាល័យត្រាំខ្នានេះ គេក៏សង្កេតឃើញវិទ្យាល័យនៅតាមបណ្ដារាជធានី ខេត្តផ្សេងៗទៀត រៀបចំសង្ក្រាន្តឆ្នាំថ្មី តាមបែបប្រពៃណីខ្មែរ និងទៅតាមភាពច្នៃប្រឌិតរៀងៗខ្លួន ដើម្បីជួយអភិរក្សវប្បធម៌ដូនតាខ្មែរ៕ 


យុវជនលេងលោតបាវ


វាយក្អម


Tag:
 ចូលឆ្នាំ
 សង្រ្កាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com