សង្រ្កាន្តឆ្នាំថ្មី
អន្តរជាតិ
តើពិធីចូលឆ្នាំថ្មីនៅឡាវ ថៃ និងមីយ៉ាន់ម៉ា មានលក្ខណៈបែបណា?
13, Apr 2024 , 9:19 am        
រូបភាព
ចូលឆ្នាំប្រពៃណីមីយ៉ាន់ម៉ា នៅក្នុងឆ្នាំ២០២៣
ចូលឆ្នាំប្រពៃណីមីយ៉ាន់ម៉ា នៅក្នុងឆ្នាំ២០២៣
ថៃ ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា ដែលស្ថិតនៅអាស៊ីអាគ្នេយ៍ដីគោក មានវប្បធម៌ និងប្រពៃណីដូចគ្នាជាច្រើនក្នុងនោះរួមទាំងពិធីចូលឆ្នាំថ្មីផង។ ពិធីចូលឆ្នាំថ្មី ជាពិធីប្រពៃណីដ៏សំខាន់មួយសម្រាប់ប្រទេសទាំង ៤ ដោយប្រជាជនអាចឈប់សម្រាក ដើម្បីមកជួបជុំក្រុមគ្រួសារ សាច់ញាតិ និងបងប្អូន។ ជារៀងរាល់ឆ្នាំ ប្រទេសទាំង៤ តែងប្រារព្ធពិធីមួយនេះ នៅពាក់កណ្តាលខែមេសា។ តើថៃ ឡាវ និងមីយ៉ាន់ម៉ា មានលក្ខណៈដូចគ្នា និងខុសគ្នាបែបណាខ្លះ? ក្រៅពីប្រទេសទាំងនោះ តើពិធីចូលឆ្នាំប្រពៃណី មាននៅបណ្តាប្រទេសផ្សេងទេ?

 
ពិធីចូលឆ្នាំថ្មីនៅឡាវ


ចូលឆ្នាំប្រពៃណីនៅឡាវ នៅក្នុងឆ្នាំ២០១៩
 
ជារៀងរាល់ឆ្នាំ ពិធីចូលឆ្នាំថ្មីនៅឡាវ ត្រូវបានប្រារព្ធឡើងរយៈពេលបីថ្ងៃ ដោយផ្តើមពីថ្ងៃទី ១៣ ខែមេសា ឬថ្ងៃទី១៤ ខែមេសា។ នៅក្នុងឆ្នាំ២០២៤ ឡាវនឹងរៀបចំពិធីចូលឆ្នាំថ្មីប្រពៃណីពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា។ ពិធីចូលឆ្នាំថ្មីនៅឡាវ ត្រូវបានហៅថា «Pi Mai»។  
 
ក្នុងរយៈពេលឈប់សម្រាកបីថ្ងៃនេះ ប្រជាជននៅទូទាំងប្រទេស តែងមកជួបជុំគ្រួសារ បងប្អូន សាច់ញាតិ ដែលបានបែកគ្នា ដោយសារតែការបំពេញការងារនៅកន្លែងឆ្ងាយ។ តាមប្រពៃណី ពិធីបុណ្យ Pi Mai គឺផ្សាភ្ជាប់ជាមួយព្រះពុទ្ធសាសនា។ 
 
សម្រាប់ថ្ងៃដំបូងនៃការប្រារព្ធពិធី ជាថ្ងៃតំណាងឱ្យឆ្នាំចាស់ ដោយប្រជាជនឡាវ ត្រូវត្រៀមទឹកអប់ ទឹក ផ្កាសម្រាប់ទទួលឆ្នាំថ្មី។ ចំណែករូបសំណាកព្រះពុទ្ធនៅទីវត្តអារាម ត្រូវដាក់ចុះពីកន្លែងសក្ការ ទៅដាក់កន្លែងសមរម្យមួយ ដើម្បីឱ្យប្រជាជនអាចស្រង់ទឹកឱ្យរូបសំណាកព្រះពុទ្ធរូប។ ទឹកដែលស្រង់ព្រះពុទ្ធបដិមារួច នឹងត្រូវប្រជាជនយកទៅផ្ទះ ដើម្បីឱ្យសមាជិកគ្រួសារបងប្អូន លុបលាងខ្លួន ដើម្បីសុំសេចក្តីសុខ។ 
 
ចំណែកថ្ងៃទីពីរ ជាថ្ងៃស ពោលគឺជាថ្ងៃឆ្លងឆ្នាំចាស់ មកឆ្នាំថ្មី។ ប្រជាជនឡាវ ត្រូវលាងសម្អាតផ្ទះ និងស្រង់ទឹកឱ្យឪពុកម្តាយ និងជីដូនជីតា ដើម្បីជម្រះរឿងអាក្រក់នៅក្នុងឆ្នាំចាស់ មុនចូលដល់ឆ្នាំថ្មី។
 
នៅថ្ងៃចុងក្រោយ វាជាថ្ងៃចូលឆ្នាំថ្មី ដោយប្រជាជនឡាវ នឹងប្រារព្ធពិធី Baci នៅផ្ទះរបស់គេ ដើម្បីស្វាគមន៍ឆ្នាំថ្មី ក៏ដូចជាជូនពរឱ្យឪពុកម្តាយយាយតា មានសុខភាពល្អ និងមានអាយុវែង។ ប្រជាជនខ្លះ ប្រហែលស្នើសុំពីឪពុកម្តាយឱ្យអភ័យទោសចំពោះកំហុស ដែលខ្លួនបានប្រពឹត្ត។ លើសពីនេះ នៅពេលល្ងាច ប្រជាជនឡាវ តែងទៅវត្ត ដើម្បីស្តាប់ព្រះសង្ឃធ្វើធម្មទេសនា និងសុំខមាទោសពីព្រះសង្ឃ និងព្រះពុទ្ធបដិមា ពីកំហុស ដែលខ្លួនប្រព្រឹត្តនៅក្នុងឆ្នាំចាស់។
 
ពិធីចូលឆ្នាំថ្មីនៅថៃ


ចូលឆ្នាំនៅថៃក្នុងឆ្នាំ២០២៣។ រូបភាព AFP
 
មិនខុសពីឡាវឡើយ ថៃក៏មានពិធីចូលឆ្នាំថ្មីនៅក្នុងខែមេសាផងដែរ ដោយពិធីប្រពៃណីមួយនេះ ត្រូវបានហៅថាសង្រ្កាន្ត។ ពិធីនេះ ត្រូវបានស្គាល់ថាជាពិធីបុណ្យលេងជះទឹកដ៏ល្បីមួយ។ ពិធីចូលឆ្នាំថ្មីនៅថៃ អាចចាប់ផ្តើមពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៥ ខែមេសា។ យ៉ាងណាមិញ នៅក្នុងឆ្នាំ២០២៤ រដ្ឋាភិបាលថៃ បានប្រកាសថ្ងៃឈប់សម្រាកសម្រាប់ចូលឆ្នាំប្រពៃណីពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា។ 
 
ដើម្បីអបអរសង្រ្កាន្តដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីរបស់អង្គការយូណេស្កូ ថៃបានរៀបចំពិធីបុណ្យសង្រ្កាន្តពិភពលោក ២១ថ្ងៃនៅទូទាំងប្រទេស ដោយមានកម្មវិធីផ្សេងៗ ដោយផ្តើមពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី២១ ខែមេសា។ កម្មវិធីនេះ ក៏ជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរមកថៃផងដែរ។ 
 
ទន្ទឹមនេះ អាជ្ញាធរទេសចរណ៍ថៃ បានរៀបចំសង្រ្កាន្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមេសា នៅក្នុងក្រុងបាងកក ដោយមានសកម្មភាពផ្សេងៗដូចជាពិធីដង្ហែសង្រ្កាន្តផង។
 
ជាប្រពៃណី ប្រជាជនថៃ តែងស្រង់ទឹកចំពោះម្តាយឪពុក យាយតា ដើម្បីសុំសេចក្តីសុខ និងសំណាងល្អ។ ក្នុងពិធីនេះ ប្រជាជនថៃ ក៏ទៅវត្តផងដែរ។ ស្រដៀងនឹងឡាវដែរ ក្នុងពិធីចូលឆ្នាំថ្មី ប្រជាជនថៃនៅទូទាំងប្រទេស តែងត្រលប់មកស្រុកកំណើត ផ្ទះជីដូនជីតា ដើម្បីជួបជុំបងប្អូន។ តាមតំបន់ខ្លះ ប្រជាជនថៃ ប្រារព្ធពិធីចូលឆ្នាំថ្មីពី៣ថ្ងៃ ទៅ១០ថ្ងៃ។ 
 
តាមជំនឿ ដើម្បីកុំឱ្យរឿងអាក្រក់សម្រាប់ឆ្នាំថ្មី និងបញ្ចប់ត្រឹមឆ្នាំចាស់ ប្រជាជនថៃ ត្រូវរៀបចំ និងសម្អាតផ្ទះ មុនពេលថ្ងៃចូលឆ្នាំថ្មី។ ក្នុងពេលប្រារព្ធពិធីនេះ ប្រជាជនថៃ បានប្រើប្រាស់ទឹកយ៉ាងខ្លាំង ដូចជាការស្រង់ព្រះ ឬឪពុកម្តាយ យាយតា និងជះទឹកផ្សេងៗ ដោយសង្ឃឹមថា នឹងទទួលទឹកភ្លៀងនៅរដូវវស្សាខាងមុខ។ 
 
សម្រាប់ថ្ងៃទីមួយនៃពិធីចូលឆ្នាំ ប្រជាជនថៃតែងស្រង់ទឹកចំពោះព្រះសង្ឃ និងព្រះពុទ្ធបដិមានៅទូទាំងប្រទេស។ ចំណែកថ្ងៃទីពីរ ប្រជាជនថៃ តែងចំណាយពេលជាមួយគ្រួសារ និងបងប្អូនរបស់ខ្លួន។ ដោយឡែកនៅថ្ងៃទីបី ថៃអបអរថ្ងៃចូលឆ្នាំថ្មី ដោយក្នុងថ្ងៃនេះ មានការអបអរនៅទូទាំងប្រទេស និងមានការប្រគុំតន្រ្តី និងការជះ ឬបាញ់ទឹកនៅកន្លែងជាច្រើន។
 
ពិធីចូលឆ្នាំថ្មីនៅមីយ៉ាន់ម៉ា
 
សម្រាប់ពិធីចូលឆ្នាំថ្មីនៅមីយ៉ាន់ម៉ា ប្រជាជន បានហៅថា Thingyan ដែលចាប់ផ្តើមពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៦ ខែមេសា។ ពិធីនេះ ជាការបញ្ជាក់ពីការបញ្ចប់រដូវក្តៅ ឬរដូវប្រាំង ក៏ដូចជាការជម្រះរឿងរ៉ាវអាក្រក់ៗនៅក្នុងឆ្នាំចាស់។ ពិធីប្រពៃណីមួយនេះ ត្រូវបានប្រជាជនប្រារព្ធឡើងនៅចន្លោះពេលពី ៤ ទៅ៧ថ្ងៃ។ 
 
ក្នុងពិធីនៅថ្ងៃទីមួយ ប្រជាជនមីយ៉ាន់ម៉ា ហៅថាពិធី Thingyan តែម្តង ដោយក្នុងថ្ងៃនោះ មានការការស្រង់ទឹកចំពោះព្រះពុទ្ធបដិមា រួមទាំងការសម្អាតវត្តអារាម និងការបួងសួងផ្សេងៗនៅពេលថ្ងៃ។ ចំណែកនៅពេលយប់ ប្រជាជនមីយ៉ាន់ម៉ា តែងរាំ និងច្រៀងកម្សាន្ត ដើម្បីអបអរឆ្នាំថ្មី។
 
នៅថ្ងៃបន្ទាប់ ប្រជាជនមីយ៉ាន់ម៉ាជឿថា ទេវតា Thagya Min នឹងចុះឋានសួគ៌មកផែនដី។ ក្នុងថ្ងៃនេះ ប្រជាជន ចាប់ផ្តើមជះទឹក នៅតាមដងផ្លូវ និងវិថីផ្សេងៗ ដោយជឿថា ទឹកនឹងអាចជួយដោះស្រាយបញ្ហាផ្សេងទៀត និងនាំឧបទ្រពផ្សេងៗទៅជាមួយ ហើយនាំសំណាងល្អ និងរឿងរ៉ាវល្អៗមកវិញ។ 
 
ចំណែកនៅក្នុងថ្ងៃទី៣ ប្រជាជនមីយ៉ាន់ម៉ាជឿថា ទេវតា Thagya Min នឹងត្រលប់ទៅឋានសួគ៌វិញ ប៉ុន្តែប្រជាជននៅតែបន្តជះទឹកដដែលរហូតដល់ពេលថ្ងៃ។ សម្រាប់ថ្ងៃទី៤ វាជាពិធីចូលឆ្នាំថ្មី ដោយប្រជាជនមានវ័យក្មេងៗ និងស្រង់ទឹកចំពោះមនុស្សចាស់ ម្តាយឪពុក និងយាយតារបស់ខ្លួន ក៏ដូចជា លាងសម្អាតសក់ និងកាត់ក្រចកដៃ ដើម្បីជាការគោរព និងទទួលបានសំណាងល្អ។ មិនតែប៉ុណ្ណោះ ប្រជាជនតែងយកចង្ហាន់ទៅប្រគេនព្រះសង្ឃ និងស្រង់ព្រះពុទ្ធបដិមានៅក្នុងថ្ងៃចុងក្រោយនេះផង។
 
ពិធីបុណ្យចូលឆ្នាំថ្មីនៅបណ្តាប្រទេសផ្សេង 
 
ជាការពិត ពិធីចូលឆ្នាំថ្មីបែបប្រពៃណី ដែលផ្អែកតាមប្រតិទិនព្រះពុទ្ធ មិនត្រឹមមានតែនៅកម្ពុជា ឡាវ ថៃ និងមីយ៉ាន់ម៉ាប៉ុណ្ណោះទេ ប៉ុន្តែបណ្តាប្រទេសជាច្រើនក៏មានប្រពៃណីស្រដៀងគ្នាដែរ ក្នុងនោះមានដូចជា បង់ក្លាដែស, ស្រីលង្កា, ភាគខាងកើតឥណ្ឌា, តំបន់មួយចំនួននៅវៀតណាម និងក្រុង Xishuangbanna របស់ចិន។ លក្ខណៈពិធីបុណ្យប្រពៃណីនៅបណ្តាប្រទេសទាំងនោះ ក៏មិនសូវខុសពីកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃប៉ុន្មានដែរ។
 
ជាក់ស្តែងពិធីចូលឆ្នាំប្រពៃណីនៅក្រុង Xishuangbanna របស់ចិន ប្រជាជនតែងនិយមជះទឹកដាក់គ្នា ស្រង់ព្រះ រួមទាំងពិធីជួបជុំគ្នាច្រៀនរាំកម្សាន្ត ហើយក៏មានការសែនម្ហូបអាហារមួយចំនួនផង។ ពិធីមួយនេះ ត្រូវបានប្រារព្ធឡើងដោយក្រុមជនជាតិភាគតិច Dai។
 
ទន្ទឹមនេះ ប្រជាជនខ្មែរ ឡាវ មីយ៉ាន់ម៉ា និងថៃ ដែលមានវប្បធម៌ប្រពៃណី នៅបណ្តាប្រទេសផ្សេងទៀតដូចជានៅអាម៉េរិក អឺរ៉ុប និងអូស្រ្តាលី ក៏រៀបចំពិធីចូលឆ្នាំប្រពៃណី ទៅតាមបែបបទទំនៀមទំលាប់ដូចប្រទេសកំណើតរបស់ខ្លួនដែរ៕ 
 
 

Tag:
 ចូលឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com