កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ជួបវិបត្តិតំបន់ការពារ ធ្វើឱ្យការប្រជែង Top 4 កាន់តែយ៉ាប់
12, Apr 2024 , 5:19 pm        
រូបភាព
 
Raphael Varane ខ្សែការពារក្រុម Manchester United នឹងត្រូវខកខានបង្ហាញខ្លួនឱ្យក្រុមច្រើនសប្តាហ៍ក្រោយពេលជួបបញ្ហារបួសសាច់ដុំ ខណៈ Jonny Evans នឹងត្រូវបាត់មុខពីទីលាន សម្រាប់ជំនួបក្របខណ្ឌ Premier League ទល់នឹងក្រុម AFC Bournemouth ក្នុងសប្តាហ៍នេះ។ ជួបវិបត្តិខ្សែការពារ នឹងបង្កការលំបាកកាន់តែខ្លាំងសម្រាប់ក្លិបរហស្សនាមបិសាចក្រហមប្រជែងកៅអីក្របខណ្ឌអឺរ៉ុប។

Varane និង Evans បានរងរបួសនៅក្នុងការប្រកួត Man United ប្រកួតចាញ់ក្រោមថ្វីជើងតោខៀវ Chelsea លទ្ធផល ៤-៣ កាលពីសប្តាហ៍មុន។ បញ្ហារបួសបានរុញច្រានខ្សែការពារគោលទាំងពីរ ត្រូវស្ថិតក្នុងបញ្ជីខ្សែការពាររងរបួសជាមួយនឹងកីឡាករ Lisandro Martinez និង Victor Lindelof។
 
បើតាមការអះអាងរបស់ក្លិប Man United បញ្ហារបួសអាចនឹងធ្វើឱ្យ Varane វ័យ ៣០ឆ្នាំ ត្រូវអវត្តមានរហូតដល់បញ្ចប់រដូវកាលតែម្តង ប៉ុន្តែ Jonny Evans នឹងអាចវិលត្រឡប់មកវិញក្នុងពេលដ៏ឆាប់ខាងមុខ។
 
បិសាចក្រហមកំពុងដឹកនាំដោយលោក Erik ten Hag បច្ចុប្បន្នកំពុងតែស្ថិតនៅកៅអីលេខ ៦ ដោយក្រុមបន្តជួបបញ្ហាកីឡាកររបួសជាច្រើនរូប ជាពិសេសតំបន់ការពារស្ទើរតែពេញមួយរដូវកាលតែម្តង។
 
កីឡាករម្ចាស់ពាន World Cup 2022 សញ្ជាតិអាហ្សង់ទីន Martinez រួមជាមួយនឹងកីឡាករ Lindelof ក៏ដូចជាខ្សែការពារស្លាប Luke Shaw នឹងខកខានការប្រកួតក្នុងសប្តាហ៍នេះ ដោយក្លិបមានក្តីរំពឹងថាពួកគេទាំង ៣ អាចនឹងវិលត្រលប់នៅប៉ុន្មានសប្តាហ៍ខាងមុខ។ ខ្សែការពារ Harry Maguire និង Aaron Wan-Bissaka ព្រមទាំង Tyrell Malacia គ្មានសញ្ញាថានឹងអាចជួយក្រុម ព្រោះតែបញ្ហារបួសជង្គង់កំពុងតែបន្តស្ថិតក្នុងការតាមដាន។
 
Man United ពិបាកក្នុងការប្រជែងដណ្តើមកៅអីសម្រាប់ប្រកួតពានរង្វាន់អឺរ៉ុបរដូវកាលក្រោយ ទាំង Champions League និង Europa League ដ្បិតមានគម្លាតពិន្ទុឆ្ងាយពីក្រុមលេខ៥ និងលេខ៤ ដល់ទៅ១១ពិន្ទុ ស្របពេលការប្រកួតនៅសល់ចំនួន ៧លើកប៉ុណ្ណោះ នឹងចប់រដូវកាលនេះ។
 

Tag:
 Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com