RFI
អន្តរជាតិ
បារាំង​រង​បណ្តឹងនៅ​អ.ស.ប.​​ពី​បទ​មិន​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ត្រួត​ពិនិត្យ​មនុស្សបែប​រើសអើង
12, Apr 2024 , 10:29 pm        
រូបភាព
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
 
បារាំង​រង​បណ្តឹងនៅ​អ.ស.ប.​​ពី​បទ​មិន​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ត្រួត​ពិនិត្យ​មនុស្សបែប​រើសអើង AFP - DAMIEN MEYER ជាមួយ​នឹង​ការ​បរិហារ​បារាំង​ថា​មិន​បញ្ចេញ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹងការ​ចាប់​ឆែកមនុស្ស​ដោយ​គ្រាន់​តែ​ឃើញ​ឥរិយាបថ​និង​សម្បក​​​រូបរាង​ខាង​ក្រៅ​ សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​នាំ​គ្នា​ដាក់​ពាក្យ​បណ្តឹង​នៅថ្ងៃ​ទី​១១​មេសា​នេះ​ទៅ​អង្គការ​សហប្រជាជាតិ។ សមាគម​ចំនួន​៥ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​បារាំងនិង​អន្តរជាតិ មាន​ជាអាទិ៍​​​អង្គការ​Human Rights Watchផង ចង់​បាន​សេចក្តី​បំភ្លឺ​​ថា​​អ្វី​ទៅ​ជា​មូលហេតុ​នាំ​ឱ្យ​ប៉ូលិសបារាំង​​បំពេញការងារ​បែប​រើង​អើង​។

សម្រេច​​ចាប់​ឆែក​ ដោយ​ផ្អែក​លើ​ឥរិយាបថ មុខ​មាត់ រូបរាង ខាង​ក្រៅ​របស់​មនុស្ស អាច​ត្រូវ​បាន​គេ​ចាត់​ទុក​ជាទង្វើ​ត្រួត​ពិនិត្យ​បែប​រើសអើង​ប្រកាន់​ពូជសាសន៍​ពណ៌សម្បុរ។ កាល​ពី​ខែ​តុលា​ឆ្នាំ​ទៅ បារាំង​ធ្លាប់​បាន​ទទួល​ស្គាល់​​ថា​ពិត​ជា​មាន​ករណីកង​កម្លាំង​មាន​សមត្ថកិច្ច​​​ចាប់​ឆែកឆេរ​រក​អត្តសញ្ញាណ​បែប​នេះ​មែន​នៅ​លើ​ទឹក​ដី​បារាំង​ ប៉ុន្តែ​គ្មាន​ចាត់​វិធានការ​អ្វី​​ទប់​ស្កាត់​សោះ។ នេះ​បើ​តាម​ពាក្យ​បរិហារ​របស់​អង្គការ​Amnesty International France Human Rights Watch ព្រមទាំង​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​៥​ផ្សេង​ទៀត។
 
ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្តឹងទៅ​គណៈកម្មាធិការ​លុប​បំបាត់​ការ​រើងអើង​ពូជសាសន៍​របស់​អង្គការសហប្រជាជាតិ ឱ្យទទួល​ស្គាល់​ថា​បារាំង​បាន​ប្រព្រឹត្ត​​ជា​ស្វ័យប្រវត្តិ​ការ​ត្រួតពិនិត្យ​ដោយ​សំអាង​លើ​សម្បក​ក្រៅ​ និង​ឱ្យ​រដ្ឋាភិបាល​បារាំង​ពន្យល់​អំពី​វិធានការសម្រាប់​ឈាន​ទៅ​បញ្ឈប់​សកម្មភាព​ឆែកឆេរ​បែប​រើងអើង។
 
គ្មាន​ចំណាត់​ការ​ចាំបាច់​ មាន​ន័យ​ថា​រដ្ឋ​បារាំង​មិន​គោរព​កាតព្វកិច្ច និង​សន្ធិសញ្ញាអន្តរជាតិ​នានា​ រាប់​ទាំង​សន្ធិសញ្ញា​អន្តរជាតិ​លុប​បំបាត់​រាល់​គ្រប់​ទម្រង់​នៃ​ការ​រើសអើង​ពូជសាសន៍ ដែល​បារាំង​បាន​ចុះ​ហត្ថលេខា​កាលពី​ឆ្នាំ​១៩៧១។ នេះ​បើតាម​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ម្ចាស់​បណ្តឹង​ដដែល​។
 
ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ រដ្ឋ​បារាំង​ធ្លាប់​រង​ការ​ថ្កោល​ទោស​ជា​ច្រើ​ន​លើក​ច្រើន​សា​មក​ហើយ ទាក់ទងនឹង​​សំណុំ​រឿង​​នេះ។ កាសែត​​ក្នុង​ស្រុក​ក៏​​បាន​ចុះ​ផ្សាយ​ព័ត៌មាន​ បញ្ជាក់​ពីករណី​ឆែកឆេរ​មនុស្ស​ដោយ​​ការ​រើស​អើងមុខមាត់ តុលាការយុត្តិធម៌​អឺរ៉ុប ឬ​ស្ថាប័ន​សិទ្ធិមនុស្ស ស្ថាប័ន​អង្គការ​សហប្រជាជាតិ បាន​បរិហារ បាន​អំពាវនាវឱ្យ​​​បារាំង​បញ្ឈប់​​សកម្មភាព​ ចាប់​ឆែក​មនុស្ស​ដោយ​ការ​រើង​អើង​មុខ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com