អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
យោធា​មីយ៉ាន់ម៉ា​ ទទួលស្គាល់បរាជ័យក្រោមដៃជនជាតិភាគតិច​នៅក្រុងជាប់​ព្រំដែនថៃ
12, Apr 2024 , 5:59 pm        
រូបភាព
ទាហាន​ថៃ​ដើរ​ល្បាត​ក្នុង​ក្រុង Mae Sot ជាប់​ព្រំដែន​មីយ៉ាន់ម៉ា នៅថ្ងៃ​ទី១២ ខែ​មេសា។ រូបភាព ៖ AFP
ទាហាន​ថៃ​ដើរ​ល្បាត​ក្នុង​ក្រុង Mae Sot ជាប់​ព្រំដែន​មីយ៉ាន់ម៉ា នៅថ្ងៃ​ទី១២ ខែ​មេសា។ រូបភាព ៖ AFP
 
អ្នកនាំពាក្យរបបសឹកមីយ៉ាន់ម៉ា បានបញ្ជាក់ពីការដកកងកម្លាំងចេញពីទីតាំងនានាក្នុងក្រុង Myawaddy ដែលជាប់ព្រំដែនថៃ បន្ទាប់ពីមានការប្រយុទ្ធគ្នារយៈពេល៣ថ្ងៃជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច Karen។

 
អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Zaw Min Tun បានបញ្ជាក់នៅល្ងាចថ្ងៃទី ១១ ខែមេសាថា ទាហានខ្លួនបានចេញពីមូលដ្ឋានក្នុងទីប្រជុំជន Myawaddy ដើម្បីធានាសុវត្ថិភាពចំពោះគ្រួសារពួកគេ បន្ទាប់ពីមានការប្រយុទ្ធជាមួយក្រុមសម្ព័ន្ធជាតិ Karen (KNU)។ នេះបើតាមទីភ្នាក់ងារព័ត៌មានបារាំង AFP ។ 
 
ក្រុមប្រដាប់អាវុធជនជាតិភាគតិច Karen បានចាប់ផ្តើមវាយប្រហារមូលដ្ឋានទ័ពមីយ៉ាន់ម៉ានៅ Myawaddy នៅថ្ងៃទី៩ ខែមេសា ហើយការប្រយុទ្ធបានបន្តរយៈពេលបីថ្ងៃ។ គិតត្រឹមថ្ងៃទី១១ ខែមេសា អ្នកនាំពាក្យ KNU លោក Padoh Saw Taw Nee បានប្រាប់សារព័ត៌មានCNN ថា  ទាហានមីយ៉ាន់ម៉ាប្រហែល ២០០នាក់បានដកខ្លួនចេញពីមូលដ្ឋានខ្លួន ហើយកំពុងលាក់ខ្លួននៅលើស្ពានមិត្តភាពតភ្ជាប់ Myawaddy ជាមួយទីក្រុង Mae Sot ប្រទេសថៃ។
 
បើ​តាម​អ្នក​នាំ​ពាក្យ KNU ក្រុម​ទាហានមីយ៉ាន់ម៉ា​នៅ​តែ​កាន់កាប់​អាវុធ។ មន្ត្រី​ព្រំដែន​ថៃ​បាន​បញ្ជាក់​ថា ទីប្រជុំជន Myawaddy បាន​ដួលរលំហើយ។ ទីភ្នាក់ងារសារព័ត៌មាន Khit Thit របស់មីយ៉ាន់ម៉ាបានរាយការណ៍ថា អាជ្ញាធរថៃកំពុងពិភាក្សាជាមួយទាហានរបស់យោធាមីយ៉ាន់ម៉ា ដើម្បីសម្រេចថាតើត្រូវផ្តល់សិទ្ធិជ្រកកោនឱ្យពួកគេឬអត់។
 
លោក Zaw Min Tun បានបញ្ជាក់ថា កងកម្លាំង KNU បានចូលទៅទីប្រជុំជន Myawaddy ប៉ុន្តែមិនបានផ្តល់ព័ត៌មានជាក់លាក់នោះទេ។ លោក​​និយាយ​ថា មន្ត្រី​មីយ៉ាន់ម៉ា និង​ថៃ​កំពុង​ពិភាក្សា​អំពី​ក្រុម​ទាហាន​របស់ខ្លួន ដែលចាញ់ការប្រយុទ្ធ។
 
ការ​ប្រយុទ្ធ​គ្នា​រយៈពេល​បី​ថ្ងៃ​ក្នុង​ក្រុង Myawaddy បាន​បណ្តាល​ឲ្យ​ជន​ស៊ីវិល​មីយ៉ាន់ម៉ា​រាប់​ពាន់​នាក់​ភៀស​ខ្លួន​ចូល​ទឹក​ដី​ថៃ ដើម្បី​ស្វែង​រក​សិទ្ធិ​ជ្រកកោន។ ការភៀសខ្លួននេះ ធ្វើឡើងដោយសារប្រជាជនបារម្ភពីការវាយប្រហារតាមផ្លូវអាកាសពីសំណាក់របបសឹកមីយ៉ាន់ម៉ា។  ថៃ​ក៏​បាន​ចល័ត​រថ​យន្ត​យោធា​ដើម្បី​បង្កើន​ការ​ល្បាត​ក្នុង​ទីប្រជុំជន Mae Sot។
 
ទីក្រុង​ព្រំដែន Myawaddy មាន​តួនាទី​សំខាន់​ណាស់​សម្រាប់​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា។ តាមក្រសួងពាណិជ្ជកម្មរបស់មីយ៉ាន់ម៉ា តម្លៃប៉ាន់ស្មាននៃទំហំពាណិជ្ជកម្មដែលឆ្លងកាត់ Myawaddy ក្នុងរយៈពេល១២ ខែចុងក្រោយនេះមានតម្លៃ ១,១ពាន់លានដុល្លារ។
 
រដ្ឋាភិបាល​យោធា​មី​យ៉ាន់​ម៉ា​តែងតែ​ទប់ស្កាត់​ការវាយប្រហារ​របស់​ក្រុមប្រឆាំងខ្លួន​នៅ​ទូទាំង​ប្រទេស ខណៈ​ស្ថិរភាព​សេដ្ឋកិច្ច​​ចុះខ្សោយ​ចាប់តាំងពីធ្វើ​រដ្ឋប្រហារយោធាឆ្នាំ ២០២១ ​មក​។ ប្រធានាធិបតីស្តីទី Myint Swe ដែលតែងតាំងដោយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាលពីចុងឆ្នាំមុនបានព្រមានថា ប្រទេសនេះស្ថិតក្នុងហានិភ័យនៃការបែកបាក់ ប្រសិនបើខ្លួនបរាជ័យក្នុងការដោះស្រាយការបះបោរដោយក្រុមប្រឆាំង។
 
កាលពីខែមករា ទាហានមីយ៉ាន់ម៉ា ២៧៦នាក់បានភៀសខ្លួនទៅកាន់ឥណ្ឌា បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅភាគខាងលិចនៃប្រទេស។ យន្តហោះ​យោធា​ដែល​បញ្ជូន​ទៅ​ឥណ្ឌា​ដើម្បី​នាំ​ពួកគេ​ត្រឡប់​មក​វិញ ​បាន​រអិល​ធ្លាក់​ពី​ផ្លូវ​រត់ ហើយ​បាន​ធ្លាក់​បណ្តាល​ឲ្យ​មនុស្ស ១២នាក់​រង​របួស៕ 
 
 

Tag:
 មីយ៉ាន់ម៉ា
  ព្រំដែន
  យោធា
© រក្សាសិទ្ធិដោយ thmeythmey.com