ជាតិ
អត្ថបទពាណិជ្ជកម្ម
សហគ្រិនខ្មែរ និងអេនធើប្រាយវិហ្សិនអាខេដេមីបានសហការរៀបចំកម្មវិធីបើកសម្ពោធ «ក្លឹបមិត្ដសហគ្រិនឆ្នាំ២០២៤»
12, Apr 2024 , 6:51 pm        
រូបភាព
កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ សហគ្រិនខ្មែរ ដែលត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា និងបានដើរតួនាទីជាអ្នកបង្កើតប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ក្នុងភាពជាដៃគូជាមួយអេនធើប្រាយវិហ្សិនអាខេដេមី មជ្ឈមណ្ឌលកសាងភាពវិជ្ជាជីវៈ និងសមត្ថភាពសហគ្រិន បានរៀបចំកម្មវិធីបើកសម្ពោធ «ក្លឹបមិត្ដសហគ្រិនឆ្នាំ២០២៤»។
 
កម្មវិធីនេះបានរៀបចំឡើងនៅខេត្ដសៀមរាប ដោយមានវត្ដមានចូលរួមដោយលោកស្រី វាល អេឡែន និង លោកសេង រតនៈវិស្ស័យ សហស្ថាបនិករបស់អេនធើប្រាយវិហ្សិនអាខេដេមី និងចូលរួមដោយសមាជិកក្លឹបមិត្ដសហគ្រិន ដែលជាសហគ្រិនដែលបានបញ្ចប់កម្មវិធីធ្វើឲ្យអាជីវកម្មប្រសើរឡើងរបស់យើង។ 
 


ក្លឹបមិត្ដសហគ្រិន បានបង្កើតឡើងដោយអេនធើប្រាយវិហ្សិនអាខេដេមី គឺជាបណ្ដាញសហគ្រិនមួយដែលផ្ដោតសំខាន់ទៅលើការគាំទ្រគ្នាក្នុងនាមជាមិត្ដភក្ដិ និងបន្ដការសិក្សារៀនសូត្រ។ បានបង្កើតឡើងនៅឆ្នាំ២០២៣ ក្នុងភាពជាដៃគូជាមួយសហគ្រិនខ្មែរ ក្លឹបមិត្ដសហគ្រិនមានសកម្មភាពសំខាន់ៗដូចជា ការជួបជុំបង្កើតបណ្ដាញទំនាក់ទំនង ការចែករំលែកវគ្គបណ្ដុះបណ្ដាល និងការផ្ដល់ការប្រឹក្សាយោបល់។ 
 
បណ្ដាញនេះ អនុញ្ញាតឲ្យក្រុមមិត្ដសហគ្រិនមានឱកាសផ្លាស់ប្ដូរបទពិសោធន៍ឲ្យគ្នាទៅវិញទៅមកនៅលើប្រធានបទ ឬបញ្ហាប្រឈមសំខាន់ៗដែលកំពុងកើតឡើងក្នុងប្រតិបត្ដិការអាជីវកម្ម។ ម្យ៉ាងវិញទៀត ដោយសារការបន្ដជួយគាំទ្រពីសហគ្រិនខ្មែរ សមាជិកក្លឹបមិត្ដសហគ្រិនបានរីកលូតលាស់គួរឲ្យកត់សម្គាល់ ដោយកើនឡើងពីសមាជិកចំនួនតែ២០នាក់ រហូតដល់សមាជិកចំនួន១០១នាក់ ក្នុងឆ្នាំ២០២៣ ដែលចំនួនកើនឡើងនេះក៏ដោយសារភាពជោគជ័យនៃកម្មវិធីធ្វើឲ្យអាជីវកម្មប្រសើរឡើងរដូវកាលទី៣។
 
 
កម្មវិធីសម្ពោធបើកកម្មវិធីបានប្រព្រឹត្ដទៅយ៉ាងរលូនជាមួយនឹងការបើកស្វាគមន៍ និងការណែនាំពីក្លឹបមិត្ដសហគ្រិន ដោយមានសហគ្រិនចូលរួមសរុបចំនួន ២៤នាក់ មកពីខេត្ដសៀមរាប និងខេត្ដផ្សេងៗទៀត។ បន្ទាប់ការបើកកម្មវិធី និងណែនាំពីក្លឹប សកម្មភាពបន្ដបន្ទាប់ក៏បានចាប់ផ្ដើម, សហគ្រិនបានផ្ដល់ឱកាសឲ្យចែករំលែកបញ្ហាប្រឈមរបស់ពួកគេ ព្រមជាមួយនឹងការចែករំលែកដំណោះស្រាយពីមិត្ដសហគ្រិន។ ជាមួយគ្នានោះផងដែរ បញ្ហាចម្បងពីរត្រូវបានជ្រើសរើសដោយគ្រូប្រឹក្សា ដើម្បីធ្វើការដោះស្រាយ ជាលក្ខណៈប្រឹក្សាយោបល់។ 
 
បន្ថែមពីនេះ គ្រូប្រឹក្សាបានពន្យល់ពីវិធីសាស្រ្ដនៃការប្រឹក្សាយោបល់ដែលអាចប្រើប្រាស់បាននៅក្នុងក្រុមហ៊ុន ជាពិសេសគឹការទទួលបានអត្ថប្រយោជន៍ដែលសមាជិកមិត្ដសហគ្រិនដែលសកម្មនឹងទទួលបានការប្រឹក្សាដោយឥតគិតថ្លៃ។ ជាចុងក្រោយ កម្មវិធីត្រូវបានបញ្ចប់ដោយការរីករាយហូបអាហារថ្ងៃត្រង់សាមគ្គីជាមួយគ្នាដោយសហគ្រិនបាននាំយកអាហារម្នាក់បន្ដិចដើម្បីចែករំលែកគ្នា។
 














(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com