កីឡាអន្តរជាតិ
អន្តរជាតិ
Premier League នឹងប្រើបច្ចេកវិទ្យា offside ពាក់កណ្តាលស្វ័យប្រវត្តិ រដូវកាលក្រោយ
13, Apr 2024 , 11:59 am        
រូបភាព
Premier League នឹងដាក់ឱ្យប្រើបច្ចេកវិទ្យា offside ពាក់កណ្តាលស្វ័យប្រវត្តិនៅរដូវកាលក្រោយ។ ដាក់ឱ្យប្រើបច្ចេកវិទ្យាថ្មីនេះ ក្នុងគោលបំណងបង្កើនល្បឿនក្នុងការសម្រេចចិត្តកាន់តែលឿន និងត្រឹមត្រូវ។


 
អំឡុងកិច្ចប្រជុំម្ចាស់ភាគហ៊ុនរបស់ក្លិបក្នុងលីគកំពូលអង់គ្លេស នៅថ្ងៃទី១១ ខែមេសា ក្លិបភាគច្រើន យល់ព្រមជាឯកច្ឆ័ន្ទលើការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធចាប់បាល់ offside ពាក់កណ្តាលស្វ័យប្រវត្តិ។ បច្ចេកវិទ្យានេះ នឹងអាចសម្រួលក្នុងការប្រកួត និងជួយកាត់បន្ថយការរង់ចាំយូរលើការពិនិត្យ VAR របស់មន្ត្រីអាជ្ញាកណ្តាលក្នុងការសម្រេចថាតើកីឡាករ offside ឬក៏អត់។
 
«ប្រព័ន្ធថ្មីនេះនឹងត្រូវប្រើប្រាស់លើកដំបូងនៅ Premier League រដូវកាលក្រោយ។ បច្ចេកវិទ្យានេះនឹងផ្តល់ភាពងាយស្រួល និងរហ័សក្នុងការកំណត់បាល់ offside តាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីធានាសុក្រិតភាពសម្រាប់កីឡាករ ហើយក៏មានបង្ហាញលើផ្ទាំង LED ឱ្យអ្នកគាំទ្រមើលផងដែរ»។ នេះជាការអះអាងរបស់ស្ថាប័នលីគកំពូលអង់គ្លេស។
 
បច្ចុប្បន្ន Premier League មានមន្ត្រី VAR ត្រួតពិនិត្យ offsides ប៉ុន្តែប្រព័ន្ធនេះប្រឈមនឹងការរិះគន់យ៉ាងធ្ងន់ធ្ងរ និងប្រើពេលយូរក្នុងការសម្រេចចិត្តម្តងៗ។ សម្រាប់បច្ចេកវិទ្យាថ្មីនេះ ត្រូវពាក់ព័ន្ធនឹងកាមេរ៉ាជាច្រើនដែលតាមដានបាល់ និងកីឡាករម្នាក់ៗផង។
 
បច្ចេកវិទ្យា offside ពាក់កណ្តាលស្វ័យប្រវត្តិ ត្រូវបានប្រើប្រាស់សាកល្បងរួចហើយក្នុងការប្រកួត FIFA World Cup ឆ្នាំ ២០២២ នៅកាតា និង Champions League ហើយថ្មីៗនេះបានដាក់ឱ្យអនុវត្តនៅ Asian Cup ដើមឆ្នាំ ២០២៤នេះ៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com