ជាតិ
សង្រ្កាន្តឆ្នាំថ្មី
«មួកត្នោត» លក់ដាច់ខ្លាំងក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ
13, Apr 2024 , 4:39 pm        
រូបភាព
យុវជន-យុវតី ពាក់មួកត្នោត លេងល្បែងប្រជាប្រិយ ក្នុងថ្ងៃសង្រ្កាន្តតាមសាលា។ រូបភាព៖ ហេង​ ស្រីលីន
យុវជន-យុវតី ពាក់មួកត្នោត លេងល្បែងប្រជាប្រិយ ក្នុងថ្ងៃសង្រ្កាន្តតាមសាលា។ រូបភាព៖ ហេង​ ស្រីលីន
ភ្នំពេញ៖ «មួកត្នោត» មានប្រជាប្រិយភាព និងលក់ដាច់ខ្លាំងនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។ មួកដែលធ្វើចេញពីស្លឹកត្នោតនេះ ត្រូវបានគេចាត់ទុកជាផលិតផលអត្តសញ្ញាណជាតិដ៏សំខាន់មួយ ដែលភាគច្រើនគេប្រើប្រាស់ ឬពាក់វានៅក្នុងពិធីចូលបុណ្យឆ្នាំ និងបុណ្យប្រពៃណីជាតិនានា។ បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរ និយមយកមួកប្រភេទនេះទៅតុបតែងតាមផ្ទះ វត្តអារាម សាលារៀន ភោជនីយដ្ឋាន និងទីតាំងផ្សេងៗ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ។


 
លោក អឿម អឿន ជាអ្នកធ្វើមួកត្នោត នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា រៀងរាល់ឆ្នាំក្នុងឱកាសបុណ្យចូលឆ្នាំថ្មី មួកត្នោតតែងតែទទួលបានការបញ្ជាទិញពីពលរដ្ឋខ្មែរគ្រប់ទិសទី។ ចំណែក ឆ្នាំនេះវិញ ការគាំទ្រមួកត្នោតមានសន្ទុះកើនឡើងខ្លាំងជាបណ្ដាឆ្នាំមុនៗ។ ជាក់ស្ដែង គិតចាប់ខែមករា រហូតមកទល់ថ្ងៃទី៥ ខែមេសានេះ លោកអាចលក់បានជាង១ម៉ឺនមួកហើយ។ 
 
មូលហេតុដែលមួកត្នោតពេញនិយមសម្រាប់ពិធីបុណ្យចូលឆ្នាំ គឺដោយសារវាជាផលិតផលនៃអត្តសញ្ញាណជាតិ ដែលពលរដ្ឋ ជាពិសេសយុវជនខ្មែរនាពេលបច្ចុប្បន្នឱ្យតម្លៃខ្លាំង។ ស្របពេល អាកាសធាតុក្ដៅទៀតនោះ បានធ្វើឱ្យផលិតផលមួយនេះមានតម្រូវកាន់ច្រើន។ 
 
លោក អឿម អឿន ប្រាប់ដូច្នេះថា៖«ការគាំទ្ររបស់ពលរដ្ឋខ្មែរមកលើមួកត្នោតនៅពេលនេះ គឺដោយសារគាត់គិតថាមួកត្នោត គឺជាអត្តសញ្ញាណរបស់ជាតិយើង។ មួកត្នោត អាចពាក់បានគ្រប់ទម្រង់ ពោលគឺគាត់ចង់ពាក់ទៅស្រែក៏បាន ពាក់ដើរកម្សាន្តក៏បាន ហើយមើលទៅសមសួន។ ម្យ៉ាងទៀត ឥឡូវគេចូលចិត្តយកទៅតុបតែងបង្ហាញក្នុងសង្រ្កាន្តតាមវត្ត សាលារៀន និងភោជនីយដ្ឋានជាដើម ដែលទាំងសុទ្ធបានបង្ហាញអំពីអត្តសញ្ញាណរបស់ខ្មែរយើងទៅកាន់បរទេស»។ 


 
បុរសវ័យជាង៣០ឆ្នាំរូបនេះ បានរំឭកថា កន្លងមក គ្រួសាររបស់លោកស្ទើតែបោះបង់របរធ្វើមួកត្នោតនេះចោលទៅហើយ ដោយសារឈ្មួញបង្អាប់ និងឱ្យតម្លៃទាប។ ប៉ុន្តែ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក អឿនបានសម្រេចចិត្តដាក់លក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកវិញ ដោយទទួលបានបញ្ជាទិញទ្វេដង រហូតដល់សមាជិក៧នាក់ក្នុងគ្រួសាររបស់លោកមិនអាចផលិតទាន់។ លោក ឱ្យតម្លៃលើមុខរបរនេះ និងថាវាបានជួយលើកកម្ពស់ជីវភាពគ្រួសារបានច្រើន បន្ទាប់ពីការងារធ្វើស្រែចម្ការ។ 
 
លោក បន្ថែមដូច្នេះថា៖«ឪពុកខ្ញុំគាត់ដេរមួកនេះយូរហើយ តាំងពីជំនន់តាខ្ញុំមកម្លេះ តែកាលនោះ យើងលក់ឱ្យតែឈ្មួញ ហើយពេលខ្លះត្រូវគេបង្អាប់តម្លៃទៀត ដូច្នេះខ្ញុំអត់ដឹងថាការគាំទ្រមួកត្នោតយ៉ាងម៉េចទេ។ តែបច្ចុប្បន្ននេះ តាំងពីបានដាក់លក់តាមហ្វេប៊ុកមក ខ្ញុំឃើញថាការគាំទ្រខុសពីមុនដាច់ ព្រោះថាឥឡូវ គេកុម៉្មងច្រើន»។ 
 
ចំណែក ឡេង លាបផេង អ្នកចែកចាយមួកត្នោតបន្តនៅទីក្រុងភ្នំពេញ ក៏ឱ្យដឹងស្រដៀងគ្នាដែរថា ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនេះ មួកត្នោតទទួលបានការបញ្ជាទិញច្រើន ដែលភាគច្រើនជាព្រះសង្ឃ។ ជាទូទៅ ពលរដ្ឋខ្មែរយកទៅតុបតែងតាមវត្តអារាម សាលារៀន និងកន្លែងផ្សេងៗ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ស្របពេលអាកាសធាតុក្ដៅ ធ្វើឱ្យមួកប្រភេទនេះមានតម្រូវការសម្រាប់អ្នកពាក់កាន់តែច្រើន។ ជាក់ស្ដែង ក្នុងមួយថ្ងៃ លោកអាចលក់បានចន្លោះពី៥០០ទៅ១ពាន់មួក។ 
 
លោក ប្រាប់ដូច្នេះថា៖«ជាទូទៅគាត់(ពលរដ្ឋ) យកទៅតុបតែងនៅតាមវត្ត សាលា ភោជនីយដ្ឋាន និងទីតាំងនានា ជាជាងទិញយកទៅពាក់។ ខ្ញុំមើលឃើញថា យុវជនយើងឥឡូវគាំទ្រខ្លាំង មិនត្រឹមតែមួកត្នោតនោះទេ ព្រោះថានៅពេលគាត់យកមួកត្នោតទៅតុបតែង ឬពាក់ គឺមើលទៅស្អាត ហើយលើកតម្លៃអត្តសញ្ញាណជាតិទៀត»។  
 
មួកត្នោតដែលលក់បន្តនៅពេលនេះ គឺទទួលទិញដោយផ្ទាល់ពីពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ។ ដូច្នេះ នៅពេលរដ្ឋគាំទ្រមួកត្នោត វានឹងបានជួយលើកតម្លៃអត្តសញ្ញាណជាតិ ជាពិសេសផ្ដល់ការងារ និងចំណូលដល់ពលរដ្ឋតាមមូលដ្ឋានកាន់តែប្រសើរថែមទៀត។ នេះជាការលើករបស់ លោក ឡេង លាបផេង ដោយបន្ថែមដូច្នេះថា៖«នៅពេលដែលលក់បានច្រើនបែបនេះ គឺយើងអាចជួយពលរដ្ឋរស់នៅក្នុងសហគមន៍ឱ្យមានការងារធ្វើ និងចំណូល សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារគាត់បន្ថែមទៀត»៕ 



Tag:
 មួកត្នោត
  សង្រ្កាន្តឆ្នាំថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com