កីឡាអន្តរជាតិ
អន្តរជាតិ
Tiger Woods សន្សំកម្លាំងដោយការមិនរួមភេទ ដើម្បីប្រជែងពាន Masters
13, Apr 2024 , 5:19 pm        
រូបភាព
Tiger Woods កីឡាករវាយកូនគោលដ៏អស្ចារ្យកម្រិតពិភពលោក មិនចង់ខ្ជះខ្ជាយកម្លាំងរបស់ខ្លួនលើការរួមភេទ ដោយផ្តោតសំខាន់លើការប្រជែងពានរង្វាន់ Masters Tournament ២០២៤។ អតីតកីឡាករលេខ១ពិភលោក មានបញ្ហាចង្កេះ ក្រោយរងគ្រោះថ្នាក់ចរាចរណ៍។


 
មិត្តរបស់ Woods ម្នាក់ឈ្មោះ Golfweek បានប្រាប់កាសែត New York Post ថា Woods កំពុងផ្តោតអារម្មណ៍ខ្លាំងលើការប្រជែងជើងឯកព្រឹត្តិការណ៍វាយកូនគោលនៅទឹកដីអាម៉េរិក។ «គាត់បង្កើនការហ្វឹកហាត់យ៉ាងខ្លាំង និងកម្រិតរបបអាហារ ហើយគាត់ថែមទាំងតមការរួមភេទថែមទៀត ពោលរហូតដល់បញ្ចប់ការប្រកួត»។ នេះជាការអះអាងរបស់ Golfweek Woods មិនមែនជាអត្តពលិកដំបូងដែលផ្អាកសកម្មភាពផ្លូវភេទនៅមុនពេលការប្រកួតនោះទេ។ លោក Muhammad Ali អតីតកំពូលកីឡាករប្រដាល់អាម៉េរិក ក៏ ធ្លាប់នៅឆ្ងាយពីការរួមភេទរយៈពេល ៦ សប្តាហ៍មុនពេលឡើងសង្វៀនក្នុងជំនួបសំខាន់ ស្របពេល Mike Tyson ក៏ធ្លាប់អះអាងថាមិនរួមភេទដល់ទៅ ៥ ឆ្នាំ។ វិធានការដូចគ្នានេះ ត្រូវបានក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេស យកទៅអនុវត្តក្នុងការប្រកួត FIFA World Cup ឆ្នាំ ២០១០ ហើយស៊ីលី ម៉ិកស៊ិក និងរុស្ស៊ី ធ្វើនៅឆ្នាំ ២០១៤។
 
កម្មវិធី Masters Tournament នឹងរៀបចំនៅទីលាន Augusta National ក្នុងរដ្ឋ Georgia សហរដ្ឋអាម៉េរិក ចាប់ពីថ្ងៃទី១១ ដល់១៤ ខែមេសា ដែលមានប្រាក់រង្វាន់ចំនួន១៨លានដុល្លារ។ Woods បានចូលរួមប្រកួត Masters ដំបូងក្នុងឆ្នាំ១៩៩៥ និងក្លាយជាម្ចាស់ជើងឯកនៅ២ឆ្នាំបន្ទាប់។ គិតមកទល់ពេលនេះ កំពូលកីឡាករវាយកូនគោល សញ្ជាតិអាម៉េរិក វ័យ៤៨ឆ្នាំរូបនេះ ឈ្នះពានរង្វាន់ Masters ចំនួន ៥ ក្នុងចំណោម ១៥ ព្រឹត្តិការណ៍។
 
Woods ចុះខ្សោយកម្លាំង ក្រោយរងគ្រោះថ្នាក់ចរាចរណ៍អំឡុងឆ្នាំ២០២១ ហើយនៅឆ្នាំដដែលនោះ រូបគេបានអវត្តមាននៅប្រកួត Master។ ត្រលប់ទៅ Masters សារជាថ្មីនៅឆ្នាំ២០២២ Woods បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤៧។ នៅឆ្នាំ២០២៣ រូបគេបានឆ្លងផុតវគ្គជម្រុះទៅហើយ ប៉ុន្តែបានបង្ខំចិត្តដកខ្លួនចេញក្នុងជុំទី៣ ដោយសារហេតុផលសុខភាព។
 
នៅឆ្នាំ២០២៤ នេះ អតីតកីឡាករលេខ ១ ពិភពលោក ប្រឹងប្រែងហ្វឹកហាត់ និងព្យាយាមរកវិធីដើម្បីធ្វើយ៉ាងណាកសាងទម្រង់ប្រកួតឱ្យប្រសើរវិញ នៅព្រឹតិ្កការណ៍ Master ពោលមិនឱ្យជួបបញ្ហាសុខភាពដូចមុនឡើយ។ យ៉ាងណាក៏ដោយ លោក Golfweek មិត្តស្និទ្ធស្នាលរបស់ Woods អះអាងថា Woods នៅមានបញ្ហាកាយសម្បទា ជាពិសេសត្រង់ចង្កេះ និងកជើងឆ្វេង។ ដឹងពីអាការរបស់ខ្លួនបែបនេះ ទើប Woods តមការរួមភេទ រហូតបញ្ចប់ព្រឹត្តិការណ៍តែម្តង៕
 

Tag:
 Tiger Woods
© រក្សាសិទ្ធិដោយ thmeythmey.com