អន្តរជាតិ
Sam Altman អ្នកបង្កើត ChatGPT ក្លាយជាមហាសេដ្ឋី
13, Apr 2024 , 10:29 pm        
រូបភាព
លោក Sam Altman ដែលជានាយកប្រតិបត្តិក្រុមហ៊ុន OpenAI និងជាអ្នកបង្កើតបញ្ញាសិប្បនិម្មិត (AI) ChatGPT បានជាប់ឈ្មោះជាមហាសេដ្ឋី។ នេះបើយោងតាមទស្សនាវដ្តី Forbes ចុះផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។


 
បុរសជនជាតិអាម៉េរិក Altman បានបង្កើតក្រុមហ៊ុន OpenAI នៅឆ្នាំ២០១៩។ នៅឆ្នាំ២០២២ ក្រុមហ៊ុននេះ បានចេញផ្សាយកម្មវិធី ChatGPT ហើយ២ឆ្នាំបន្ទាប់ តាមរយៈកម្មវិធី AI មួយនេះ បានជួយ Altman រកចំណូលបានច្រើនរហូតជាប់ឈ្មោះក្នុងបញ្ជីមហាសេដ្ឋីរបស់ទស្សនាវដ្ដី Forbes នៅអាយុ៣៨ឆ្នាំ។ ក្រៅពីរកចំណូលបានច្រើន កម្មវីធី ChatGPT ក៏បានជួយ Altman កាន់តែកើនប្រជាប្រិយភាពផងដែរ។
 
ក្រៅពីកម្មវិធី ChatGPT ទ្រព្យសម្បត្តិរបស់ Altman ភាគច្រើនបានមកពីការវិនិយោគក្នុងការចាប់ផ្តើមអាជីវកម្មដូចជា Reddit ដែលថ្មីៗនេះស្ថិតនៅលើផ្សារហ៊ុនញូវយ៉ក និងក្រុមហ៊ុនទូទាត់ Stripe ដែលសព្វថ្ងៃគេប៉ាន់ស្មានថាមាននឹងមានតម្លៃ ៦៥ ពាន់លានដុល្លារ។ 
 
Altman ក៏បានបណ្តាក់ទុនក្នុងក្រុមហ៊ុនផ្សេងទៀត ដូចជាក្រុមហ៊ុនថាមពលនុយក្លេអ៊ែរ Helion និងក្រុមហ៊ុន Retro Biosciences ជាដើម។ Forbes បានបង្ហាញទៀតថា ទ្រព្យសម្បត្តិរបស់សហគ្រិន និងអ្នកវិនិយោគអាម៉េរិករូបនេះ មាននៅអចលនទ្រព្យសំខាន់ៗនៅរដ្ឋកាលីហ្វ័រញ៉ា និងហាវ៉ៃ ថែមទៀត។
 
ស្ថិតក្នុងចំណាត់ថ្នាក់មហាសេដ្ឋីទី ២,៦៩២ របស់ Forbes ភាគហ៊ុននៅក្នុងក្រុមហ៊ុន OpenAI របស់ Altman ត្រូវបានគេប៉ាន់ស្មានថានឹងកើតតម្លៃដល់ ៨០ ពាន់លានដុល្លារ ក្នុងពេលដ៏ខ្លីខាងមុខ ដ្បិតប្រព័ន្ធ AI ផ្តើមវាយលុកក្នុងទីផ្សារពិភពលោកកាន់តែខ្លាំងឡើង។
 
កាលពីសប្តាហ៍មុន កំពូលតារាចម្រៀងអាម៉េរិក Taylor Swift ក៏ត្រូវបានគេដាក់ឈ្មោះជាសមាជិកនៃបញ្ជីមហាសេដ្ឋីរបស់ Forbes ផងដែរ ជាមួយនឹងទ្រព្យសម្បត្តិប្រមាណ ១,១ ពាន់លានដុល្លារអាម៉េរិក។ កើនចំណូលដ៏ច្រើន ដោយសារ Taylor Swift ទទួលបានជោគជ័យរបស់កម្មវិធីប្រគុំតន្ត្រី «The Eras Tour»៕
 

Tag:
 មហាដេដ្ឋី ChatGPT
  Sam Altman
© រក្សាសិទ្ធិដោយ thmeythmey.com