កីឡាអន្តរជាតិ
អន្តរជាតិ
Messi ជាកីឡាករល្អជាងគេបំផុតលើពិភពលោក ខណៈ ​Ronaldo លំដាប់ទី១០
16, Apr 2024 , 10:00 am        
រូបភាព
កីឡាករបាល់ទាត់ល្អបំផុតទាំង ១០លើពិភពលោក ត្រូវបានបង្ហាញឈ្មោះ និងមានចំណាត់ថ្នាក់ ដោយផ្អែកលើសមត្ថភាព និងសមិទ្ធិផលពានរង្វាន់កំណត់ត្រានានា ដែលពួកគេសម្រេចបាន អំឡុងពេលប្រកបអាជីព ក្នុងវិស័យបាល់ទាត់ទំនើប។ ខ្សែប្រយុទ្ធ Lionel Messi ត្រូវបានចាត់ថ្នាក់ជាកីឡាករល្អជាងគេបំផុត ខណៈគូប្រជែង Cristiano Ronaldo ស្ថិតនៅលំដាប់ទី១០ ។ នេះបើតាមការចាត់ថ្នាក់របស់កាសែត Daily Mail។

រឿងមួយដែលតែងតែកើតឡើងជាប្រចាំនៅក្នុងដួងចិត្តរបស់អ្នកគាំទ្រ ដែលស្រលាញ់វិស័យបាល់ទាត់ គឺផ្អែកទៅលើការបញ្ចេញមតិខុសៗគ្នា ថាតើកីឡាកររូបណា ដែលលេងបានល្អខ្លាំងជាងគេ ឬក៏កីឡាករណា ដែលតែងស៊ុតបាល់បានល្អជាងគេ។ អ្នកខ្លះលើកឡើងអំពីបច្ចេកទេសដ៏ប៉ិនប្រសប់នៃកីឡាករ​ ពីរបៀបញ៉ាក់បាល់ ការស៊ុត ការឈ្នះពាននានាជាដើម។
 
ពិតណាស់នៅក្នុងវិស័យបាល់ទាត់ទំនើបនាសតវត្សរ៍ទី២១ ភាគច្រើនដែលអ្នកគាំទ្រតែងលើកយកមកនិយាយនោះ គឺការជជែកវែកញែករវាងថា តើខ្សែប្រយុទ្ធឆ្នើមកំពូលនាបច្ចុប្បន្ននោះ គឺ Lionel Messi ឬក៏ Cristiano Ronaldo ហើយម្នាក់ណាជាកីឡាករដែលល្អបំផុត ក្នុងវិស័យមួយនេះ?
 
ខាងក្រោមនេះជាចំណាត់ថ្នាក់កីឡាករល្អបំផុតទាំង ១០លើពិភពលោក បើតាមការកត់ត្រារបស់កាសែត Daily Mail៖

១. Lionel Messi
​បុរសសញ្ជាតិអាហ្សង់ទីន អាចនឹងត្រូវចាត់ទុកបានថាជាកីឡាករល្អជាងគេបង្អស់លើពិភពលោក ព្រោះតែការឈ្នះពានរង្វាន់កីឡាករល្អកំពូល Ballon d’Or ដល់ទៅ ៨លើក ច្រើនជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ។​ Messi ធ្លាប់ចំណាយពេល ១៧ឆ្នាំ ដ៏អស្ចារ្យបំផុតជាមួយនឹងក្លិប Barcelona ដែលជាទីកន្លែងជួយដល់គេឈ្នះពានរង្វាន់ជាច្រើនក្នុងអាជីព ហើយត្រូវបានគេស្គាល់ពាសពេញពិភពលោក។
 
សមិទ្ធិផល ដែលធ្វើឱ្យរូបគេបានផ្តាច់ចេញពីការជជែករវាងនឹង​ Cristiano Ronaldo នោះ គឺការឈ្នះពានលំដាប់ពិភពលោក FIFA World Cup 2022 ក្នុងប្រទេសកាតា ក៏ជាពេលដែលគេបានស៊ុតចូលការប្រកួតសរុបចំនួន ៧គ្រាប់ ដោយក្នុងនោះរួមទាំងបាល់ពិន័យ ១១ម៉ែត្រចំនួន ៤គ្រាប់។
 
២. Pele
លោក Pele ត្រូវបានគេចាត់ទុកជាបិតាបាល់ទាត់សម័យទំនើប ហើយជាវីរបុរសសម្រាប់ប្រទេសប្រេស៊ីលថែមទៀត។ លោក Pele បានរក្សាកំណត់ត្រាដែលពិបាកនឹងមានកីឡាករណាអាចធ្វើបាន ក្នុងនាមជាកីឡាករដែលឈ្នះពាន World Cup ចំនួន ៣លើកម្នាក់ឯង ដោយការឈ្នះលើកដំបូងក្នុងឆ្នាំ ១៩៥៨, ១៩៦២ និងឆ្នាំ ១៩៧០។
  


៣​. Diego Maradona
លោក Diego Maradona ក៏ត្រូវបានចាត់ទុកជាកីឡាករល្អបំផុតមួយរូបប្រចាំប្រវត្តិសាស្ត្របាល់ទាត់ ជាពិសេសអំឡុងការប្រកួត World Cup ឆ្នាំ ១៩៨៦ ទល់នឹងក្រុមអង់គ្លេស។ ជាបុរសមួយរូប ត្រូវបានគេចងចាំថាជា បុរសដៃព្រះ«Hand of God» ​ដោយបានយកដៃទះចូលទី ហើយឈ្នះឱកាសឡើងវគ្គផ្តាច់ព្រ័ត្រ World Cup និងបានឈ្នះពានសម្រាប់ប្រទេសអាហ្សង់ទីន។ Messi ដែលជាបុគ្គលមួយរូប តែងត្រូវបានប្រៀបធៀបទៅនឹងលោក Maradona ក៏ធ្លាប់បានប្រើដៃទះបាល់ចូលទីម្តង ពេលប្រកួតទល់នឹងក្រុម Getafe ។
  


៤.  Johan Cruyff


លោក Cruyff ក៏ជាវីរបុរសមួយរូបសម្រាប់ប្រទេសហូឡង់ ក៏ដូចជាក្រុម Barcelona។ លោក ​Cruyff​ ត្រូវបានគេជឿជាក់ថាជាបុរសមួយរូប ដែលស្វែងរកឃើញនៅបច្ចេកទេសបាល់ទាត់ថ្មីមួយ ដែលមានឈ្មោះថា «Total Football» ដែលជាបច្ចេកទេសមួយដ៏ពូកែ ក្នុងការលេងបាល់ ហើយគ្រប់គ្រងបាល់។ បច្ចុប្បន្នបច្ចេកទេសនេះ ត្រូវបានបន្ត​ប្រើប្រាស់ដោយអ្នកចាត់ការលោក Pep Guardiola និងលោក ​Mikel Arteta។
  


៥.  Zinedine Zidane

លោក Zidane ត្រូវបានគេចងចាំមិនភ្លេចចំពោះអាកប្បកិរិយាខឹងសម្បារ ដោយបានយកក្បាលទៅបុកកីឡាករអ៊ីតាលីម្នាក់អំឡុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០០៦ ដែលធ្វើឱ្យបារាំងរបូតពានរង្វាន់ពិភពលោក។ តែយ៉ាងណាបុរសសញ្ជាតិបារាំង​រូបនេះ ត្រូវបានគេស្គាល់ថា ជាបុរសមួយរូប ដែលមានជំនាញដ៏ពូកែនៅក្នុងការបញ្ជូនបាល់ ក៏ដូចជាការស៊ុតបាល់ លាយឡំបច្ចេកទេសញ៉ាក់បាល់ អំឡុងជំនាន់លោកនៅជាកីឡាករលេងឱ្យក្រុម Real Madrid។ 
 
ជារឿងដ៏គួរឱ្យចងចាំមួយទៀតនោះ គឺការស៊ុតបាល់លើអាកាស (Volley) បញ្ចូលទីក្នុងការប្រកួតពានរង្វាន់ Champions League វគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០០២ ដែលជាពេលលោកបានធ្វើឱ្យបាល់ទាត់ ក្លាយជាទៅសិល្បៈនៃការលេង នាបច្ចុប្បន្ន។



៦. Alfredo di Stefano

លោក Alfredo di Stefano ជាអតីតកីឡាករមួយរូប ដែលស៊ុតបាល់បញ្ចូលទីច្រើនជាងគេទី២ ប្រចាំក្លិប Real Madrid ឈរពីក្រោម Cristiano Ronaldo។ លោក Stefano បានជួយ Real Madrid ឈ្នះពាន European Cup ចំនួន ៥លើក ដែលជាពាន UEFA Champions League ពេលបច្ចុប្បន្ន។
 
៧. ​Ronaldo Nazario
វីរបុរសសញ្ជាតិប្រេស៊ីល ដែលបានឈ្នះពាន World Cup ចំនួន ២លើក ជាមួយនឹងពាន Ballon d’Or ២លើក ធ្លាប់បានបង្ហាញបច្ចេកទេសនៃការញ៉ាក់បាល់ ក៏ដូចជាការស៊ុតបាល់ដ៏មានជំនាញ ដើម្បីបំប៉ោងសំណាញ់ទីលើគូប្រកួត អំឡុងពេលលោកប្រកបអាជីពជាកីឡាករ។ យ៉ាងលោក Ronaldo Nazario ក៏ត្រូវបានបង្ខំចិត្តបញ្ចប់អាជីពនៅត្រឹមវ័យ​ ៣៤ឆ្នាំ ​ព្រោះតែបញ្ហារបួសញាំញី។
 
៨.  Garrincha
ជាវីរបុរសក្រុមប្រេស៊ីលមួយរូប ដោយលោកក៏បានរួមចំណែកជួយប្រេស៊ីលឈ្នះពាន World Cup ឆ្នាំ ១៩៥៨ និងបានឈ្នះជាកីឡាករល្អប្រចាំការប្រកួតពេល World Cup ឆ្នាំ ១៩៦២ ដែលជាការឈ្នះពានពិភពលោកជាលើកទី២ ជាមួយនឹងលោក Pele ដែលបានរបួសកាលនោះ។
 
៩.  Zico 
វីរបុរសប្រេស៊ីលបន្ថែមមួយរូបទៀត ​បើទោះជាមិនធ្លាប់បានឈ្នះពាន World Cup ដោយផ្ទាល់ជាមួយនឹងក្រុមប្រេស៊ីល ប៉ុន្តែលោកក៏បានរួមចំណែកដ៏ធំនៅក្នុងក្រុមជម្រើសជាតិ ដែលឈ្នះ World Cup។ លោក Zico ត្រូវបានគេស្គាល់ថា ជាបុរសដែលមានបច្ចេកទេសបញ្ចប់ទីបានមុតស្រួចបំផុត ដែលមានរហស្សនាមថា«Deal Ball» ​ជាការស៊ុតពីចម្ងាយក្នុងពេល World Cup ឆ្នាំ ១៩៨២។
 
១០. ​Cristiano Ronaldo
ពិតជាភ្ញាក់ផ្អើលដែល Ronaldo ស្ថិតនៅចំណាត់ថ្នាក់ទី១០ ។ បុរសសញ្ជាតិព័រទុយហ្កាល់ ស័ក្តិសមស្ថិតនៅចំណាត់ថ្នាក់លេខ ២ បន្ទាប់ពី Lionel Messi ព្រោះតែរូបគេក៏បានឈ្នះពានរង្វាន់ Ballon d’Or លើកទី៥​ ប្រចាំអាជីព។ Ronaldo ជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេបង្អស់លើពិភពលោក។
 
កីឡាករវ័យ ៣៩ឆ្នាំ ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ បានជួយក្រុមឈ្នះពានអន្តរជាតិលើកដំបូង UEFA Euro 2016 និងមាននាមជាកីឡាករដែលស៊ុតបាល់ឱ្យក្រុមជម្រើសជាតិច្រើនជាងគេ លើពិភពលោកដល់ទៅ ១២៨គ្រាប់។ កីឡាករក្រុម Al Nassr ក៏កាន់កាប់កំណត់ត្រាកីឡាករស៊ុតបាល់ច្រើនជាងគេក្នុងពានរង្វាន់ UEFA Champions League និងជាកីឡាករឈ្នះពានរង្វាន់នេះច្រើនជាងគេ ៥លើកថែមទៀត៕



Tag:
 (Lionel Messi
  Top 10)
© រក្សាសិទ្ធិដោយ thmeythmey.com