អន្តរជាតិ
ត្រឹមត្រីមាសដំបូង គ្រោះមហន្តរាយធ្វើឱ្យចិនខាតបង់ ៣,៣ពាន់លានដុល្លារ
15, Apr 2024 , 11:09 am        
រូបភាព
ភ្លើងឆេះព្រៃនៅក្នុងខេត្ត Yunnan។ រូបភាព xinhua
ភ្លើងឆេះព្រៃនៅក្នុងខេត្ត Yunnan។ រូបភាព xinhua
រដ្ឋាភិបាលចិន នៅថ្ងៃទី ១៣ ខែមេសា បានលើកឡើងថា ទឹកជំនន់ គ្រោះរាំងស្ងួត រញ្ជួយដី និងលក្ខខណ្ឌត្រជាក់នៅចិន បានធ្វើឱ្យខាតបង់សេដ្ឋកិច្ចប្រមាណ ៣,២៨ពាន់លានដុល្លារនៅក្នុងត្រីមាសទីមួយ នៃឆ្នាំ២០២៤។

 
ក្រសួងគ្រប់គ្រងគ្រាអាសន្នចិន បានលើកឡើងពីការខូចខាតដោយសារសីតុណ្ហភាពត្រជាក់ ការរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រ នៅខេត្តស៊ីនជាំង ការបាក់ដីនៅភាគនិរតីប្រទេស ខេត្តយូណាន និងការជន់លិចនៅទន្លេលឿង។
 
ក្រសួងបានបង្ហាញក្នុងរបាយការណ៍មួយថា គ្រោះមហន្តរាយទាំងនោះ បានសម្លាប់មនុស្សចំនួន​ ៧៩នាក់ ខណៈដែលមនុស្ស ១១ម៉ឺននាក់ត្រូវបង្ខំឱ្យផ្លាស់ប្តូរទីលំនៅបន្ទាន់ និងការតាំងទីលំនៅថ្មី។ មនុស្ស១០,៤ លាននាក់នៅទូទាំង ២៦តំបន់ និងខេត្តត្រូវបានរងផលប៉ះពាល់ ក្នុងរយៈពេលនោះ។
 
បន្ថែមពីនេះក៏មានគ្រោះធម្មជាតិផ្សេងទៀតរួមមានគ្រោះរាំងស្ងួតនៅភាគនិរតីដែលប៉ះពាល់ ដល់ដំណាំចំនួន ៤២៤,០០០ ហិកតា ព្យុះខ្សាច់នៅភាគពាយព្យ និងភ្លើងឆេះព្រៃនៅភាគនិរតី និងភាគខាងត្បូង។
 
តាមរបាយការណ៍មួយផ្សេងទៀតចេញផ្សាយកាលពីខែមករា គ្រោះមហន្តរាយធម្មជាតិកាល ពីឆ្នាំមុននៅចិនបានបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចផ្ទាល់ចំនួន ៤៧,៧ពាន់លានដុល្លារ ជាមួយនឹងមនុស្សចំនួន ៦៩១ នាក់បានស្លាប់ ឬបាត់ខ្លួន។ 
 
ក្នុងខែដដែលនោះ ក្រសួង បានសម្គាល់ថា ខ្លួនគ្រោងនឹងធ្វើយុទ្ធនាការរយៈពេល ៣ឆ្នាំ ដើម្បីដោះស្រាយបញ្ហាដែលរាំងស្ទះ ដល់ពេលវេលាឆ្លើយតបក្នុងអំឡុងពេលគ្រោះមហន្តរាយ និងគ្រោះថ្នាក់ រួមទាំងសុវត្ថិភាព ផលិតកម្មក្នុងវិស័យដូចជាការជីកយករ៉ែជាដើម៕
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com