ដូចបណ្តាខេត្តអតីតទឹកដីខ្មែរដទៃទៀតផងដែរ បុរីរម្យដែលស្ថិតនៅភាគឦសានប្រទេសថៃ ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ជារៀងរាល់ឆ្នាំ។ ប៉ុន្តែបើតាមព្រះភិក្ខុ វីរិយ៉ា ធីរបញ្ញោ ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីរបស់ពលរដ្ឋនៅទីនោះ មានលក្ខណៈដាច់ដោយឡែកពីប្រតិទិននៅកម្ពុជា និងនៅថៃ រួមទាំងមានដំណាក់កាលនៃត្រណមតូច ត្រណមធំថែមទៀតផង។
សង្ក្រាន្ត ឬពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក នឹងប្រព្រឹត្តទៅពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ពោលគឺពីថ្ងៃ៥កើត ដល់ថ្ងៃ៨កើត ខែចេត្រ។ ទោះពេលវេលានៃការរៀបចំសង្ក្រាន្តនៅថៃ មានលក្ខណៈស្រដៀងនៅខ្មែរក៏ដោយ ប៉ុន្តែពលរដ្ឋខ្មែរបុរីរម្យ មានកម្មវិធីដាច់ដោយឡែក ទៅតាមប្រពៃណីទំនៀមទម្លាប់របស់ខ្លួន។
រូបតំណាង៖ អ្នកស្រុកបុរីរម្យជួបជុំគ្នាច្រៀងរាំកម្សាន្ត ដើម្បីអមអរឆ្នាំថ្មី។ រូបថត៖ ព្រះភិក្ខុវិរិយ៉ា ធីរបញ្ញោ
ភិក្ខុ វីរិយ៉ា ធីរបញ្ញោ ដែលគង់នៅវត្តយាង ឃុំរន្តូល ស្រុកក្រសាំង ខេត្តបុរីរម្យ មានសង្ឃដីកា ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា ខ្មែរបុរីរម្យនិយមហៅ «បុណ្យខែចេត្រ» ឬ «បុណ្យសង្ក្រាន្ត» ជំនួសឱ្យពាក្យ «បុណ្យចូលឆ្នាំថ្មី»។
មុនថ្ងៃចូលឆ្នាំថ្មីមកដល់ អ្នកស្រុកបុរីរម្យ មិនមានការរៀបចំផ្ទះសម្បែង និងកាត់សម្លៀកបំពាក់ថ្មីៗទុកនោះទេ។ ករណីនេះ ព្រះអង្គ វីរិយ៉ា ធីរបញ្ញោ បានបញ្ជាក់ថា មកពីអ្នកមិនមានការរៀបចំគ្រឿងសក្ការៈ ឬធ្វើពិធីទទួលទេវតាឆ្នាំថ្មីឡើយ។
ឈានដល់ថ្ងៃចូលឆ្នាំ ព្រះអង្គមានសង្ឃដីការៀបរាប់ថា អ្នកស្រុកភាគច្រើននាំគ្នាយកចង្ហាន់ និងទេយ្យទានផ្សេងៗទៅប្រគេនព្រះសង្ឃនៅទីវត្តអារាម ហើយអ្នកខ្លះ និមន្តព្រះសង្ឃបង្សុកូលឧទ្ទិសមគ្គផលដល់បុព្វការីជនរបស់ខ្លួនដែលបានចែកឋានទៅ។
អ្នកខេត្តបុរីរម្យរៀបចំអាហារភេសជ្ជៈ ត្រៀមទទួលអ្នកលេងរបាត្រុដិ។ រូបថត៖ រូបថត៖ ព្រះភិក្ខុវិរិយ៉ា ធីរបញ្ញោ
ដូចជាពលរដ្ឋនៅកម្ពុជាផងដែរ ក្រៅពីធ្វើបុណ្យទាន ខ្មែរបុរីរម្យ នាំគ្នាលេងល្បែងប្រជាប្រិយនានា ដូចជាទាញព្រ័ត្រ ចោលឈូង រាំអង្រែ រាំឆ្វែលត្បាល់ សកម្មភាពច្រៀងលេងកម្សាន្ត និងការជួបជុំញាតិមិត្តក្នុងភូមិយ៉ាងរីករាយ។
ត្រណមតូច ត្រណមធំ ក្នុងខែចេត្រ
ការអបអរបុណ្យចូលឆ្នាំថ្មីរបស់អ្នកស្រុកបុរីរម្យ គឺចាប់ផ្តើមតាំងពីថ្ងៃ១កើត ខែចេត្រមកម្ល៉េះ ពោលគឺចាប់ពីថ្ងៃទី៩ ខែមេសានេះ។ ពីថ្ងៃ១កើត ដល់៣កើត ខែចេត្រ គឺគេឱ្យតមតូច តម៣ថ្ងៃ។ គណៈកម្មការវត្ត អ្នកគ្រប់គ្រងភូមិ ដើរគោះគង ទូងស្គរ ប្រកាសអ្នកស្រុក អ្នកស្រែចម្ការ ពុកម៉ែបងប្អូនគ្រប់ផ្ទះ ឱ្យនាំគ្នាតម។
តមរយៈពេល៣ថ្ងៃដំបូងនេះ ត្រូវបានព្រះភិក្ខុ វិរិយ៉ា ធីរបញ្ញោ ពន្យល់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ ថា៖ «យើង [អ្នកនៅក្នុងភូមិ] ឈប់សម្រាកពីការងារស្រែចម្ការទាំងអស់ ហើយនាំគ្នាមកលេងបោះអង្គញ់
អ្នកខេត្តបុរីរម្យរៀបចំអាហារភេសជ្ជៈ ត្រៀមទទួលអ្នកលេងរបាត្រុដិ។ រូបថត៖ រូបថត៖ ព្រះភិក្ខុវិរិយ៉ា ធីរបញ្ញោ
ទាញព្រ័ត្រ ចោលឈូង ច្រៀងលេងកម្សាន្ត រាំអង្រែ រាំឆ្វែលត្បាល់ រួមទាំងជួបជុំញាតិមិត្តក្នុងភូមិយ៉ាងរីករាយទាំងអស់គ្នា»។
តំណមនេះ ក៏មានការលើកលែងផងដែរសម្រាប់អ្នកដែលត្រូវបំពេញការងាររដ្ឋបាលជាចាំបាច់ អ្នកដែលត្រូវបំពេញការងារសាងសង់ រួមទាំងពលរដ្ឋដែលនៅក្រៅស្រុក ប៉ុន្តែមានការលើកទឹកចិត្តខ្ពស់សម្រាប់ពលរដ្ឋដែលធ្វើស្រែចម្ការឱ្យសម្រាក ដើម្បីជួបជុំគ្នាបង្កើនភាពសប្បាយរីករាយក្នុងភូមិ។
ក្រោយត្រណមរយៈពេល៣ថ្ងៃ ពលរដ្ឋ អាចធ្វើស្រែចម្ការ ត្បាញ ឬសកម្មភាពការងារនានារបស់ខ្លួន ជាធម្មតាឡើងវិញ។ ពីថ្ងៃទី៨រោច ដល់ថ្ងៃទី១៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១ ដល់ថ្ងៃទៅ៧ ខែឧសភា គឺជាពេលវេលានៃតំណមធំ របស់អ្នកស្រុកបុរីរម្យ។
«៧ថ្ងៃនេះ គេហៅថាតមធំ។ តមធំ គឺយើងតម អត់ឱ្យធ្វើការងារដូចតមតូចដែរ ដោយលើកទឹកចិត្តការជួបជុំរបស់អ្នកភូមិ ឱ្យពួកគាត់នាំគ្នារាំច្រៀង និងលេងល្បែងប្រជាប្រិយរួមគ្នា»។ នេះជាការបញ្ជាក់របស់ព្រះភិក្ខុ វិរិយ៉ា ធីរបញ្ញោ។
អ្នកខេត្តបុរីរម្យធ្វើពិធីស្រង់ព្រះ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី។ រូបថត៖ ព្រះភិក្ខុវិរិយ៉ា ធីរបញ្ញោ.
តាមជំនឿពីបុរាណរបស់អ្នកស្រុកខ្មែរបុរីរម្យ អ្នកស្រុករូបណាដែលមិនតមការងារនៅក្នុងរយៈពេលនៃត្រណមតូច និងត្រណមធំនេះ អាចនឹងជួបគ្រោះកាចក្នុងជីវិត ដូចជា ត្រូវរន្ទះបាញ់ ការវិនាសទ្រព្យសម្បត្តិ កើតជំងឺ ឬរោគដែលមើលមិនងាយជាសះស្បើយ...ជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ ភិក្ខុសង្ឃដែលមានព្រះជន្ម៣០វស្សា ពន្យល់ថា ដោយពិនិត្យមើលហេតុ និងផលទៅ ការណ៍ដែលចាស់ៗបុរាណឱ្យអនុវត្តត្រណមក្នុងខែចេត្រនេះ គឺគ្រាន់តែចង់ឱ្យអ្នកស្រុកគ្រប់រូប
សម្រាកពីការងារ សម្រាកពីការនឿយហត់ទាំងឡាយ មកជួបជុំកូនចៅបងប្អូន ញាតិមិត្ត
ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយជុំគ្នា ត្រៀមទទួលឆ្នាំថ្មីប៉ុណ្ណោះ។
បើតាមព្រះភិក្ខុ វិរិយ៉ា ធីរបញ្ញោ ថ្ងៃទី៦នៃការតមធំដែលត្រូវនឹងថ្ងៃទី១៣រោច ខែចេត្រ អ្នកស្រុកបុរីរម្យ
នៅតាមភូមិនីមួយៗនាំគ្នាលេងត្រុដិ ដើម្បីរៃអង្គាសបច្ច័យ ចូលវត្ត ឬ សម្រាប់សាងវត្តសាងសាលាឱ្យកូនចៅបានរៀនសូត្រ។ ក្រៅនោះខ្មែរបុរីរម្យក៏ជុំគ្នាធ្វើបុណ្យពូនភ្នំខ្សាច់ និងមានព្រះសង្ឃសូត្រមន្តនៅតាមវត្តអារាមនានាពេលល្ងាចផងដែរ។
«ដល់ព្រឹកថ្ងៃទី១៤រោចថ្ងៃសីល ត្រូវនឹងថ្ងៃដាច់ខែចេត្រ អ្នកស្រុកនាំគ្នាដាក់បាត្រ ឆ្លងត្រណម និមន្តលោកមកស្រោចទឹក មុជទឹកឱ្យចាស់ទុំ ស្រោចទឹកដាច់ខែចេត្រ ធ្វើបុណ្យស្រង់ព្រះ សូមខមាទោសព្រះសង្ឃ ព្រះពុទ្ធ ដែលយើងបានធ្វើខុសកន្លងមក ហើយក៏នាំគ្នាចូលឆ្នាំថ្មីតែម្តង»។
ព្រះភិក្ខុ វិរិយ៉ា ធីរបញ្ញោ បានបញ្ជាក់ថា អ្នកស្រុកបុរីរម្យអត់មានសំពះទេវតា ឬទទួលទេវតាអ្វីឡើយ ពោលអ្នកស្រុកគឺនាំគ្នាធ្វើបុណ្យ និងលេងល្បែងប្រជាប្រិយនានាប៉ុណ្ណោះ ដើម្បីលាឆ្នាំចាស់ និងទទួលឆ្នាំថ្មី។ នេះជាទំនៀមទម្លាប់ពីបុរាណរបស់ស្រុកខ្មែរបុរីរម្យ ដែលបានអនុវត្តមកទល់សព្វថ្ងៃ មានលក្ខណៈខុសគ្នាពីអ្នកស្រុកខ្មែរ និងអ្នកស្រុកថៃ ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនៅថ្ងៃទី៥កើត ដល់៨កើត រៀងរាល់ខែចេត្រ។
ព្រះអង្គបានបន្ថែមថា៖ «ចូលឆ្នាំយើងទីនេះ គឺដាច់ខែចែត្រ មានន័យថាជាថ្ងៃដាច់ឆ្នាំចាស់។ ពីបុរាណកាល គឺលោកធ្វើតែអ៊ីចឹង»។
បើតាមសង្ឃដីការបស់ព្រះភិក្ខុ វិរិយ៉ា ធីរបញ្ញោ អ្នកស្រុកដែលមានដូនតាខ្មែរស្ថិតនៅប្រទេសថៃនាពេលបច្ចុប្បន្ន មិនថាអ្នកនៅខេត្តបុរីរម្យទេ សូម្បីអ្នកខេត្តសុរិន្ទ ស្រះកែវ ឧប្បល និងស៊ីសាកេត ជាដើម ក៏តមធ្វើការក្នុងពិធីចូលឆ្នាំថ្មីដែរ។
ព្រះអង្គបានអះអាង៖ « ឱ្យតែខ្មែរ តមទាំងអស់!។ នៅទីនេះ[ប្រទេសថៃ] គ្រប់ខេត្តដែលមានពលរដ្ឋដូនតាខ្មែរ គឺគេតមគ្រប់គ្នាហ្នឹង លើកតែអ្នកចេញទៅធ្វើការ ឬរកស៊ីនៅក្រៅស្រុក ក្រៅខេត្ត បានគេមិនតម ហើយអនុវត្តបុណ្យចូលឆ្នាំថ្មីតាមបែបសៀម»៕