អន្តរជាតិ
ក្រុមហ៊ុន ​Thai Airways មិនរងផលប៉ះពាល់ពីជម្លោះនៅតំបន់មជ្ឈិមបូព៌ា
15, Apr 2024 , 8:59 pm        
រូបភាព
ជើងហោះហើររបស់ក្រុមហ៊ុន Thai Airways ទៅកាន់តំបន់អឺរ៉ុប មិនបានរងផលប៉ះពាល់ពីការកើនឡើងនៃភាពតានតឹងក្រោយអ៊ីរ៉ង់វាយប្រហារលើអុីស្រាអែលឡើយ។ ប្រធានមន្រ្តីពាណិជ្ជកម្មក្រុមហ៊ុន បានបញ្ជាក់បែបនេះ ស្របភាពភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាកំពុងកើនឡើងខ្លាំង។

 
ក្រោយអ៊ីរ៉ង់បានវាយប្រហារផ្លូវអាកាសលើអុីស្រាអែលលើកដំបូង ចាប់តាំងពីជម្លោះនៅតំបន់កាហ្សាផ្ទុះឡើងក្នុងឆ្នាំ២០២៣ ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាកាន់តែកើនឡើងមួយកម្រិតទៀត។ ការធ្វើដំណើរផ្លូវអាកាសពីអាស៊ីទៅមកអឺរ៉ុប អាចនឹងរងផលប៉ះពាល់មួយចំនួន។​ ការប៉ះទង្គិចរវាងប្រទេសទាំងពីរ បានធ្វើឱ្យប្រទេសមួយចំនួនដូចជាអុីស្រាអែលជាដើមបិទជើងហោះហើរទាំងអស់ នៅថ្ងៃទី១៤ ខែមេសា។ 
 
យ៉ាងណាមិញ ការហោះហើររបស់ក្រុមហ៊ុន Thai Airways ទៅកាន់តំបន់អឺរ៉ុប មិនបានរងផលប៉ះពាល់ឡើយ ដោយក្រុមហ៊ុនមួយនេះ បានផ្តាស់ប្តូរជើងហោះហើរ ទៅក្រៅដែនអាកាសអ៊ីរ៉ង់។
 
«ការហោះហើរទៅអឺរ៉ុប ដែលជាប្រពៃណីត្រូវឆ្លងកាន់តំបន់មជ្ឈិមបូព៌ា ពេលនេះក្រុមហ៊ុន Thai Airways បានកែប្រែផែនការហោះហើរមួយចំនួន ដោយឱ្យមានការហោះហើរនៅក្រៅដែនអាកាសអ៊ីរ៉ង់»។ លោក Korakot Chatasingha ប្រធានមន្រ្តីពាណិជ្ជកម្មក្រុមហ៊ុន Thai Airways បានបញ្ជាក់បែបនេះ។ បើតាមលោក Korakot ការកក់ជើងហោះហើរ នៅតែបន្តដំណើរដូចធម្មតា និងមិនត្រូវបានលុបចោលឡើយ។ 
 
ចំណែក លោក Chai Eamsiri ប្រធានប្រតិបត្តិក្រុមហ៊ុន Thai Airways បានបញ្ជាក់ថា ប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយចំនួន បានបិទដែនអាកាស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី១៤ ខែមេសា។ 
 
គួររម្លឹកថា អ៊ីរ៉ង់ បានវាយប្រហារផ្លូវអាកាសលើអុីស្រាអែល ក្រោយអុីស្រាអែល បានវាយប្រហារលើស្ថានកុងស៊ុលខ្លួននៅស៊ីរី ដោយបានសម្លាប់មន្រ្តីអ៊ីរ៉ង់មួយចំនួន៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com