អន្តរជាតិ
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង នឹងផ្ទេរអំណាចនៅខែក្រោយ ក្រោយដឹកនាំប្រទេសជិត២០ឆ្នាំ
15, Apr 2024 , 6:22 pm        
រូបភាព
 
 
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង ប្រកាសនៅថ្ងៃទី១៥ ខែមេសា ថា លោកនឹងចុះចេញពីតំណែងនៅខែឧសភាខាងមុខ ដោយផ្ទេរតំណែងឱ្យឧបនាយករដ្ឋមន្រ្តី ឡរ៉ែន វង់ ដែលជាមេដឹកនាំជំនាន់ទី៤។

 
ទីបំផុតទៅ លោក លី សៀនឡុង អាចផ្ទេរតំណែងនាយករដ្ឋមន្រ្តីបានហើយ បន្ទាប់ពីពន្យារពេលច្រើនឆ្នាំ។ លោក លី ប្រកាសតាមបណ្ដាញសង្គមនៅថ្ងៃទី១៥ ខែមេសា លោក នឹងចុះចេញពីតំណែងនៅថ្ងៃទី១៤ ខែឧសភា។ ឧបនាយករដ្ឋមន្ត្រី ឡរ៉ែន វង់ ដែលមានឈ្មោះជាអ្នកស្នងតំណែងរបស់បក្សកាន់អំណាចសកម្មភាពប្រជាជន (PAP) នឹងស្បថចូលកាន់តំណែងនៅថ្ងៃបន្ទាប់។
 
លោក វង់ ដែលជារដ្ឋមន្រ្តីហិរញ្ញវត្ថុផងនោះ នឹងក្លាយជានាយករដ្ឋមន្រ្តីទី៤ របស់សិង្ហបុរី។
 
លោក លី ដែលកាន់តំណែងតាំងពីខែសីហា ឆ្នាំ២០០៤ ក្នុងវ័យ៥២ឆ្នាំ និយាយថា ការផ្ទេរអំណាច ជារឿងសំខាន់របស់ប្រទេសទាំងអស់។ លោកសរសេរលើគណនីបណ្ដាញសង្គមរបស់លោកដូចៗគ្នាថា លោក វង់ និងមេដឹកនាំជំនាន់ទី៤ បានធ្វើការដើម្បីទទួលបានទំនុកចិត្តពីប្រជាជន ពិសេសអំឡុងពេលវិបត្តិជំងឺកូវីដ-១៩។ លោកស្នើឱ្យប្រជាជនទាំងអស់ ផ្ដល់ការគាំទ្រលើលោក វង់ និងក្រុមមេដឹកនាំជំនាន់ថ្មី។
 
ចំណែកលោក វង់ និយាយថា លោកនឹងប្រឹងប្រែងបំពេញការងារដើម្បីប្រទេស និងប្រជាជន។ ក្នុងវីដេអូមួយ លោក វង់ អះអាងថា លោកទទួលយកការទទួលខុសត្រូវជាមេដឹកនាំជាមួយស្មារតីកាតព្វកិច្ច៕
 

Tag:
 សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com