ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ចូលឆ្នាំខ្មែរ៖មនុស្ស ១១នាក់ស្លាប់ និង២៤នាក់របួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ នាថ្ងៃទី៣
16, Apr 2024 , 2:20 pm        
រូបភាព
រូបពី ស្នងការដ្ឋាននគរបាលជាតិ
រូបពី ស្នងការដ្ឋាននគរបាលជាតិ
មនុស្ស ១១នាក់ បានស្លាប់ និង២៤នាក់ រងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កាលពីថ្ងៃទី១៥ ខែមេសា ដែលជាថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំខ្មែរ។ យោងតាមការផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ គ្រោះថ្នាក់ចរាចរណ៍ទាំង១៨លើកនេះ កើតឡើងដោយសារ បើកបរមិនគោរពសិទ្ធ, ល្មើសល្បឿន, មិនពាក់មួកសុវត្ថិភាព និងស្រវឹង។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្សាយលើគេហទំព័ររបស់ខ្លួនថា មានករណីគ្រោះថ្នាក់ចរាចរណ៍ ១៨លើក កាលពីថ្ងៃទី១៥ ខែមេសា។ មនុស្ស ១១នាក់ បានស្លាប់ ក្នុងនោះមានស្ដ្រី២នាក់។

ចំណែក ១៧នាក់រងរបួសធ្ងន់ ស្ដ្រីមាន៧នាក់។ មនុស្ស ៧នាក់ផ្សេងទៀត បានរងរបួសស្រាល។
 
តាមការបញ្ជាក់របស់អង្គភាពដដែលនេះ គ្រោះថ្នាក់ចរាចរណ៍ទាំងនេះ កើតឡើងដោយសារបើកបរមិនគោរពសិទ្ធ, ល្មើសល្បឿន, មិនពាក់មួកសុវត្ថិភាព និងស្រវឹង។ នេះបើយោងតាមការផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដូច្នេះ៕

Tag:
 (ចូលឆ្នាំខ្មែរ
  ចរាចរណ៍)
© រក្សាសិទ្ធិដោយ thmeythmey.com