ជាតិ
សេដ្ឋកិច្ច
អ្នកសេដ្ឋកិច្ច សហជីព និងអ្នកនយោបាយ គាំទ្រគម្រោងព្រែកជីកហ្វូណន
18, Apr 2024 , 9:42 am        
រូបភាព
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) (រាប់ពីឆ្វេងរូបទី១), លោក ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពជា(រូបទី២) និងលោក គង់ មូនីកា សមាជិកព្រឹទ្ធសភាមកពីគណបក្សឆន្ទៈខ្មែរ(រូបទី៣)។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) (រាប់ពីឆ្វេងរូបទី១), លោក ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពជា(រូបទី២) និងលោក គង់ មូនីកា សមាជិកព្រឹទ្ធសភាមកពីគណបក្សឆន្ទៈខ្មែរ(រូបទី៣)។
ភ្នំពេញ៖ ក្រុមអ្នកវិនិយោគលើការដឹកជញ្ចូន សហជីព និងអ្នកនយោបាយ គាំទ្រគម្រោងព្រែកជីកហ្វូណន។ ពួកគេយល់ឃើញថា គម្រោងនេះ ផ្ដល់ផលប្រយោជន៍ដល់ការដឹកជញ្ជូនទំនិញ និងទាក់ទាញការវិនិយោគបន្ថែម។ ប៉ុន្តែពួកគេ ក៏ចង់ឱ្យរដ្ឋាភិបាលបង្ហាញគម្រោងលម្អិត ដើម្បីឱ្យភាគីពាក់ព័ន្ធចូលរួមផ្ដល់មតិ និងជៀសវាងធ្លាក់ចូលក្នុងអន្ទាក់ចិន។

 
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) យល់ឃើញថា គម្រោងជីកព្រែក តភ្ជាប់ប្រព័ន្ធទឹកមួយនេះ ជាគម្រោងល្អ ហើយនឹងក្លាយជាប្រភពទឹកសំខាន់ សម្រាប់ពលរដ្ឋតាមមូលដ្ឋាន អាចធ្វើកសិកម្មបានផងដែរ។ លោកបន្តថា គម្រោងនេះ បម្រើផលប្រយោជន៍គ្រប់វិស័យ សម្រាប់ការដឹកជញ្ជូនទំនិញ។ មេសហជីពរូបនេះ គាំទ្រឱ្យមានការជីកព្រែក និង​អភិវឌ្ឍន៍គម្រោងឱ្យបានលឿន។ ប៉ុន្តែអ្វីដែលលោក ស្នើសុំរដ្ឋាភិបាលនោះ គឺកុំប្រើប្រាស់អំណាចបណ្ដេញពលរដ្ឋដែលរស់នៅទីតាំងអភិវឌ្ឍន៍ចេញ ហើយបើត្រូវឱ្យរុះរើចេញ ក៏ត្រូវផ្ដល់សំណងឱ្យបានសមរម្យ។ 
 
សូមស្ដាប់ លោក អាត់ ធន់៖ 



 
ចំណែក លោក ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជា ក៏មើលឃើញពីផលចំណេញច្រើន នៃគម្រោងជីកព្រែកហ្វូណនដែរ។ លោកថា គម្រោងនេះនឹងបន្ថយការចំណាយលើការ​ដឹកជញ្ជូន ការកកស្ទះទំនិញ ហើយមិនបណ្ដាលឱ្យខូចខាតផ្លូវ។ ប្រធានសមាគម អះអាងទៀតថា ប្រព័ន្ធផ្លូវថ្មីនេះនឹងជួយបង្កើតឱ្យមានភាពបៃតង តាមបណ្ដោយដងព្រែកផងដែរ។ 
សូមស្ដាប់ លោក ស៊ិន ចន្ធី៖ 



 
រីឯ លោក គង់ មូនីកា សមាជិកព្រឹទ្ធសភាមកពីគណបក្សឆន្ទៈខ្មែរ គាំទ្រលើគម្រោងព្រែកជីកហ្វូណន ដែលជាគម្រោងអភិវឌ្ឍប្រទេសជាតិ។ យ៉ាងណាក៏ដោយ លោកស្នើឱ្យរដ្ឋាភិបាល បង្ហាញផែនការលម្អិតនៃគម្រោងនេះ ដើម្បីភាគីពាក់ព័ន្ធបានដឹងពីផលប្រយោជន៍ និងផលប៉ះពាល់នានា ដូចជាបញ្ហាបរិស្ថាន សំណងពលរដ្ឋ និងផលចំណេញជាដើម។ អ្នកនយោបាយរូបនេះ ក៏សង្ឈឹមថារដ្ឋាភិបាលសិក្សាបានច្បាស់លាស់លើគម្រោងចំណាយ ហើយជៀសវាងកម្ពុជា ធ្លាក់ក្នុងអន្ទាក់បំណុលរបស់ចិន។ 
 
សូមស្ដាប់ លោក គង់ មូនីកា៖ 



 
សូមជម្រាបថា ការតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រនេះ មានប្រវែងសរុប ១៨០ គីឡូម៉ែត្រ។ គម្រោងជីកព្រែកនេះ រដ្ឋគ្រោងចំណាយ ១ ៧០០លានដុល្លារ គឺរដ្ឋមិនមែនខ្ចីលុយបរទេសមកសាងសង់នោះទេ។ គម្រោងនេះ ស្ថិតនៅក្នុងទម្រងវិនិយោគ BOT (កិច្ចសន្យាសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ) ដូចគ្នានឹងគម្រោងផ្លូវល្បឿនលឿនព្រះសីហនុ និងគម្រោងព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅដែរ។
 
ព្រែកហ្វូណន ឆ្លងកាត់ខេត្តចំនួន៤ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានពលរដ្ឋសរុប ១,៦លាននាក់ រស់នៅអមសងខាងព្រែកជីក។ ​ព្រែកនេះ មានប្រវែងទទឹងខាងលើ ១០០ម៉ែត្រ, ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ ម៉ែត្រ (ជម្រៅនាវា ៤,៧ ម៉ែត្រ)៕ 
 

Tag:
 ព្រែកហ្វូណន
© រក្សាសិទ្ធិដោយ thmeythmey.com