កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ វៀតណាម និងថៃ ឈ្នះរៀងខ្លួន ឯឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ចាញ់
18, Apr 2024 , 10:49 am        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម ២៣ឆ្នាំ វៀតណាម និង ថៃ សុទ្ធតែរកបានជ័យជម្នះនៅជំនួបបើកឆាកការប្រកួត AFC Asian Cup ឆ្នាំ២០២៤ ស្របពេល ឥណ្ឌូណេស៊ី​​ និងម៉ាឡេស៊ី ចាញ់។



U23 វៀតណាម បានយកឈ្នះ កូវែត ៣-១ ក្នុងជំនួបបើកឆាកពូល D ដែលធ្វើឡើងនៅកីឡដ្ឋាន Al Janoub ប្រទេសកាតា នៅថ្ងៃទី១៧ ខែមេសា។ តាមរយៈជ័យជម្នះនេះ បានជួយវៀតណាម ឈរកំពូលតារាង ស្របពេល អ៊ូសបេគីស្ថាននៅលេខ២ បណ្តោះអាសន្ន បន្ទាប់ពីយកឈ្នះម៉ាឡេស៊ី ២-០។
 
ក្នុងជំនួបបើកឆាកពូល C ថៃ អាចយកឈ្នះក្រុមខ្លាំងអ៊ីរ៉ាក់ ២-០ ស្របពេលម្ចាស់ការពារតំណែងជើងឯក អារ៉ាប៊ីសាអូឌីត ឈ្នះតាហ្ស៊ីគីស្ថាន ៤-២។ អារ៉ាប៊ីសាអូឌីត ឈរកំពូលតារាងពូល C បណ្តោះអាសន្ន ខណៈថៃនៅលេខ២។
 
ក្រុមពីអាស៊ីអាគ្នេយ៍មួយទៀត ឥណ្ឌូណេស៊ី បានរងបរាជ័យក្រោមថ្វីជើងក្រុម្ចាស់ផ្ទះកាតា នៅជំនួបបើកឆាកពូល A ក្នុងលទ្ធផល ២-០ ស្របពេលអូស្ត្រាលី និងហ្សកដានី ចែកគ្នាមួយពិន្ទុម្នាក់ ក្រោមប្រកួតស្មើ ១-១។
 
ដោយឡែក ក្រុមខ្លាំងកូរ៉េខាងត្បូង និងជប៉ុន ក៏រកបាន៣ពិន្ទុដូចគ្នានៅជំនូបបើកឆាកពូល B។ កូរ៉េខាងត្បូង ឈ្នះ អេមីរ៉ាតអារ៉ាប់រួម ១-០ ឯ ជប៉ុន ឈ្នះចិន ១-០ ដូចគ្នា។ កូរ៉េខាងត្បូង ឈរកំពូលតារាង និងជប៉ុននៅលេខ២បណ្តោះអាសន្ន។
 
ក្រុមជើងឯក ជើងឯករង និងលេខ៣ ពីព្រឹត្តិការណ៍ U23 Asian Cup នេះ នឹងបានកៅអីទៅអូឡាំពិករដូវក្តៅ ក្រុងប៉ារីស​ ឆ្នាំ២០២៤ ដោយស្វ័យប្រវត្តិ ស្របពេលក្រុមលេខ៤ ទទួលបានកៅអីជម្រុះ ជាមួយក្រុម U23 African Cup ដើម្បីតប្រជែងគ្នាយក១កៅអីចុងក្រោយទៅកាន់ប្រទេសបារាំង៕

Tag:
 AFC Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com