ជាតិ
សេដ្ឋកិច្ច
កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨ ០០០លានដុល្លារ​ ក្នុងត្រីមាសទី១
18, Apr 2024 , 8:19 pm        
រូបភាព
រូបតំណាង៖ ដំណើរនៃការវេចខ្ចប់ស្វាយរបស់ក្រុមហ៊ុនមួយនៅកម្ពុជាដើម្បីនាំទៅទីផ្សារចិន
រូបតំណាង៖ ដំណើរនៃការវេចខ្ចប់ស្វាយរបស់ក្រុមហ៊ុនមួយនៅកម្ពុជាដើម្បីនាំទៅទីផ្សារចិន
៣ខែមកនេះ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយបណ្តាប្រទេសដៃគូចំនួន១៤​ នៃ​កិច្ចព្រមព្រៀង សេដ្ឋកិច្ចគ្រប់ជ្រុងជ្រាយតំបន់(អាសិប/ RECP)បានប្រមាណ ៨ ៣៦៤លានដុល្លារ។ ទំហំនេះបាន កើនឡើង ក្នុងអត្រា ១៤,៧២ភាគរយ បើធៀបនឹងត្រីមាសទី១ ក្នុងឆ្នាំ២០២៣។​

 
របាយការណ៍ពីលោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ក្នុងចំណោមទំហំពាណិជ្ជកម្មនេះ ការនាំចេញរបស់កម្ពុជាមានប្រមាណ ២​ ៦៩៥,៦៥ លានដុល្លារ កើន ជាង ២៥,៧៦ភាគរយ។ រីឯការនាំចូលវិញពីប្រទេសដៃគូវិញមាន ៥ ៦៦៩,១៤ លានដុល្លារ កើន ១០, ១៣ភាគរយ។ 
 
បើតាមលោក ប៉ែន សុវិជាតិ ការនាំចេញរបស់កម្ពុជា ភាគច្រើនជាទំនិញចាំបាច់ និងសម្ភារប្រើប្រាស់ ប្រចាំថ្ងៃ ដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប​ សម្ភារធ្វើដំណើរ គ្រឿងឧបភោគបរិភោគ(អង្គរ គ្រាប់ធញ្ញជាតិ ត្រី សាច់) គឺនៅតែរក្សាបានកំណើនយ៉ាងល្អប្រសើរ។ លោក ​ប៉ែន សុវិជាតិ បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ​​ថា៖ «នេះជាសញ្ញាវិជ្ជមានមួយគួរឱ្យមានមោទនភាព ក្នុងនាមយើងជាប្រទេសនាំចេញនូវទំនិញចាំបាច់ ខណៈប្រទេសជាទីផ្សាររបស់មួយចំនួន បានរឹតត្បិត និងសន្សំសំចៃក្នុងការបញ្ជាទិញណាដែលមិនចាំបាច់ »។​ 
 
គួររំលឹកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលមានកម្ពុជាជាសមាជិកផងនោះ ត្រូវបានចូលជាធរមាន នៅថ្ងៃទី១មករា ឆ្នាំ២០២២ បន្ទាប់ពីចរចាអស់ជិត១០ឆ្នាំ។ កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលមានទំហំសរុបប្រមាណ ២៦,២ទ្រីលានដុល្លារនេះ បានអនុញ្ញាតឲ្យកម្ពុជារួចពន្ធលើទំនិញជាច្រើនពិសេសទំនិញកសិកម្ម ទំនិញកសិកម្មកែច្នៃ ទំនិញឧស្សាហកម្ម ជាដើម។
 
ប្រទេសដែលជាសមាជិកនៃកិច្ចព្រមព្រៀង​ពាណិជ្ជកម្មនេះ ក្រៅពីប្រទេសទាំង១០នៅក្នុងតំបន់អាស៊ាន ក៏មានប្រទេសជប៉ុន ចិន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ផងដែរ។
 
សម្រាប់ត្រីមាសទី១នេះ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេស-តំបន់ក្នុងពិភពលោក បានជិត១២,៧ពាន់លានដុល្លារអាម៉េរិក។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាមាន ៦ ៣១៦,៨៤លានដុល្លារ កើន១៧,១៥ភាគរយ ខណៈការនាំចូលមានតម្លៃ ៦​ ៣៨៩,៤០លានដុល្លារកើនជាង៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៣។ នេះបើរបាយការណ៍របស់អ្នកនាំពាក្យរក្រសួងពាណិជ្ជកម្មដដែល៕ 

Tag:
 ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com