កីឡាអន្តរជាតិ
អន្តរជាតិ
តុលាការសម្រេចឱ្យក្លិប Juventus បង់ប្រាក់ឈ្នួលឱ្យ Ronaldo ១០លានដុល្លារថែមទៀត
18, Apr 2024 , 5:39 pm        
រូបភាព
តុលាការអាជ្ញាកណ្តាលបញ្ជាឱ្យ ក្លិប Juventus បង់ប្រាក់សំណងទៅ Cristiano Ronaldo ៩,៨លានអឺរ៉ូ (១០លានដុល្លារ) ដែលជាប្រាក់ជំពាក់ថ្លៃបៀវត្សរ៍។



ក្លិប Juventus ជំពាក់ប្រាក់ឈ្នួល Ronaldo ប្រហែល ១៩,៥លានអឺរ៉ូ (២០,៨១លានដុល្លារ) ព្រមទាំងការកាត់ប្រាក់ខែដែលព្រមព្រៀងគ្នាអំឡុងជំងឺរាតត្បាតកូវីដ-១៩ ថែមទៀត។ 
 
បើតាមសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាល ក្លិប Juventus ត្រូវបង់ប្រាក់ពាក់កណ្តាល តាមការស្នើរបស់ខ្សែប្រយុទ្ធវ័យ ៣៩ឆ្នាំ សញ្ជាតិព័រទុយហ្កាល់ បច្ចុប្បន្នកំពុងប្រកបអាជីព នៅទឹកដីប្រទេសអារ៉ាប៊ីសាអូឌីត ក្លិប Al Nassr។ យ៉ាងណាក៏ដោយ ក្រោយពេលមានសេចក្តីសម្រេចពីតុលាការអាជ្ញាកណ្តាល ក្លិប Juventus ក៏ចេញបកស្រាយ និងសុំពិនិត្យមើលសេចក្តីសម្រេចរបស់តុលាការ។
 
«ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានបញ្ជាក់ពីសុពលភាពនៃកិច្ចព្រមព្រៀងកាត់បន្ថយសំណង សម្រាប់ Ronaldo ដែលលេងឱ្យ Juventus អំឡុងរដូវកាល ២០២០-២១។ ពួកគេបានយល់ព្រមមួយផ្នែកនូវសំណើរដែលធ្វើឡើងដោយ Ronaldo ដោយបញ្ជាក់ពីការទទួលខុសត្រូវមុនកិច្ចសន្យារបស់ Juventus ដែលបណ្តាលមកពីការចរចាមិនបានសម្រេច ហើយបញ្ជាឱ្យចុងចោទបង់ប្រាក់ប្រហែល ១០លានដុល្លារ។ Juventus ក៏មានការគាំទ្រផ្នែកផ្លូវច្បាប់ផ្ទាល់ខ្លួន ដូច្នេះការត្រួតពិនិត្យទៅលើការសម្រេចចិត្តរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងត្រូវបានធ្វើឡើង ដើម្បីភាពត្រឹមត្រូវ។»។​ នេះបើតាមការប្រកាសរបស់ក្លិប ​Juventus។
 
Ronaldo ធ្លាប់បានលេងឱ្យ Juventus ដោយផ្ទេរពី Real Madrid ក្នុងឆ្នាំ ២០១៨ ដោយគេក៏បានជួយក្រុមរហស្សនាមសេះបង្កង់ឈ្នះពាន Serie A ចំនួន ២លើក, Italian Cup ១លើក និង Super Cup ចំនួន ២លើកថែមទៀត មុនពេលចាកចេញទៅចូលរួមជាមួយក្លិបចាស់ Manchester United ក្នុងឆ្នាំ ២០២១៕

Tag:
 Juventus
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com