សេដ្ឋកិច្ច
អន្តរជាតិ
ត្រឹម៣ខែ ចិនទិញដំឡូងមីវៀតណាមជាង ៤០០លានដុល្លារ
19, Apr 2024 , 10:19 am        
រូបភាព
កសិករប្រមូលផលដំឡូងមីនៅវៀតណាម ។ រូបភាព ៖ Cong Thuong
កសិករប្រមូលផលដំឡូងមីនៅវៀតណាម ។ រូបភាព ៖ Cong Thuong
ការនាំចេញដំឡូងមី និងផលិតផលដំឡូងមីរបស់វៀតណាម បានកើនឡើងយ៉ាងខ្លាំងនៅខែមីនា ដោយចិនជាទីផ្សារប្រើប្រាស់ធំបំផុត។ រយៈពេល​ ៣​ខែ​​ឆ្នាំ​នេះ ចិន​បាន​ចំណាយ​ប្រាក់​ជាង ​៤០០​លាន​ដុល្លារ ​ទិញ​ដំឡូង​មី និង​ផលិតផល​ដំឡូង​មី​ពី​​វៀតណាម។

 
ក្នុងរយៈពេល៣ខែឆ្នាំនេះ ការនាំចេញដំឡូងមី និងផលិតផលដំឡូងមីរបស់វៀតណាម សម្រេចបានចំនួន ៩៤៤ ៩៣០តោន គិតជាតម្លៃ ៤៣០,៤៤លានដុល្លារ។ បរិមាណនាំចេញនេះ ធ្លាក់ចុះ ៣,៣ភាគរយ ​ប៉ុន្តែគិតជាតម្លៃ គឺកើនឡើង ១៥,៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៣។​ នេះបើតាមសារព័ត៌មានវៀតណាម Thanh Nien។
 
ទាក់ទងនឹងតម្លៃនាំចេញជាមធ្យមក្នុងរយៈពេល ៣ខែឆ្នាំនេះ ដំឡូងមី និងផលិតផលដំឡូងមីមានតម្លៃដល់ ៤៥៥,៥ ដុល្លារក្នុងមួយតោន កើនឡើង ១៩,៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។
 
បើតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម នៅខែមីនា ឆ្នាំ២០២៤ ចិននៅតែជាទីផ្សារនាំចេញដំឡូងមី និងផលិតផលដំឡូងមីដ៏ធំបំផុតរបស់វៀតណាម ដែលស្មើនឹង ៩៤,២៤ភាគរយ នៃការនាំចេញសរុបរបស់ប្រទេសនេះ ឈានដល់ ២៩៩ ២៦០តោន គិតជាតម្លៃមាន ១៣៣,៥៦លានដុល្លារ ដែលកើនឡើង ៥០,៧ភាគរយ ក្នុងបរិមាណ និង ៥៥,១ភាគរយ ជាតម្លៃធៀបនឹងខែកុម្ភៈ។
 
សម្រាប់ ៣ខែឆ្នាំនេះ ចិនជាទីផ្សារនាំចេញដំឡូងមី និងផលិតផលដំឡូងមីដ៏ធំបំផុតរបស់វៀតណាម។ ជាក់ស្តែង ចិនបាននាំចូលផលិតផលដំឡូងមី និងដំឡូងមីចំនួន ៨៩០ ៥៥០​តោន ដែលមានតម្លៃសរុបជាង ៤០០លានដុល្លារ ដែលកើនឡើង ២០,៧ភាគរយគិត ជាតម្លៃធៀបគ្រាដូចគ្នាក្នុងឆ្នាំ២០២៣។
 
យោងតាមស្ថិតិរបស់ទីភ្នាក់ងារគយចិន ប្រទេសថៃ វៀតណាម ឡាវ និងកម្ពុជា ជាទីផ្សារចំនួន ៤ ដែលផ្គត់ផ្គង់ដំឡូងមីច្រើនជាងគេ សម្រាប់តម្រូវការអ្នកប្រើប្រាស់នៅចិន។
 
គួរកត់សម្គាល់ថា រយៈពេល២ខែឆ្នាំនេះ វៀតណាមបានវ៉ាដាច់ថៃ ​ក្លាយជាទីផ្សារដ៏ធំបំផុត ដែលផ្គត់ផ្គង់ម្សៅដំឡូងមីទៅកាន់ចិន ជាមួយនឹងបរិមាណ ២៦៧ ៩៣០តោន មានតម្លៃ ១៣៧,៩៤ លានដុល្លារ ដែលកើនឡើង ១០,៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៣៕ 

Tag:
 ចិន ​
  វៀតណាម
  ដំឡូងមី
© រក្សាសិទ្ធិដោយ thmeythmey.com