ជាតិ
អណ្តើកដែលឃើញនៅស្រះបាយ័ននឹងរក្សាទុកសារមន្ទីរសម្រាប់ការស្រាវជ្រាវ
27, Apr 2024 , 1:59 pm        
រូបភាព
អគ្គនាយលអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ (អាវស) ចុះពិនិត្យចម្លាក់សត្វអណ្តើក។ រូបភាព៖ សោម កក្កដា
អគ្គនាយលអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ (អាវស) ចុះពិនិត្យចម្លាក់សត្វអណ្តើក។ រូបភាព៖ សោម កក្កដា
សៀមរាប៖ ផ្ទុះការភ្ញាក់ផ្អើលជាមួយនឹងចម្លាក់សត្វអណ្ដើតដែលអាជ្ញាធរជាតិអប្សរា តាមរយៈក្រុមកំណាយស្រាវជ្រាវ បានប្រទះឃើញនៅបាតស្រះខាងកើតប្រាសាទបាយ័ន។ ភ្លាមៗ ចម្លាក់បុរាណនេះ ត្រូវបានយកចេញទៅតម្កល់ទុកនៅសារមន្ទីរ សម្រាប់ការអភិរក្ស និងការងារស្រាវជ្រាវនាពេលអនាគត។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានឱ្យដឹងថា​ ក្រុមការងារកំណាយស្រាវជ្រាវនៅស្រះ ខាងកើតប្រាសាទបាយ័ន បានប្រទះឃើញចម្លាក់សត្វអណ្តើកមួយដែលគេបញ្ចុះនៅបាតស្រះ។ លោកបន្ថែមថា នេះជារឿងអស្ចារ្យមួយ ស្របពេលដែលអាជ្ញាធរជាតិអប្សរា កំពុងរៀបចំស្ដារនិងជួសជុល លើកតម្លៃឡើងវិញនៃស្រះប្រាសាទបាយ័នេះ។ កន្លងមក ស្រះខាងកើតនេះបានគោករីងទឹក ស្ទើរបាត់បង់​រូបរាងទាំងស្រុង ដោយសារការទុកចោល និងពុំមានប្រព័ន្ធបញ្ចូលទឹក។ នៅក្នុងឆ្នាំ២០២៣ គម្រោងស្ដារ និងលើកតម្លៃឡើងវិញនៃស្រះនេះ​បានចាប់ផ្តើម  ដោយមានការធ្វើកំណាយស្រាវជ្រាវគ្រឹះ និងបាតស្រះជាដើម។ 
 

ចម្លាក់សត្វអណ្តើកដែលប្រទះឃើញនៅបាតស្រះខាងកើតប្រាសាទបាយ័ន នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។ រូបភាព៖ សោម កក្កដា 

លោក ឡុង កុសល បានបន្ថែមថា ដើម្បីលើកតម្លៃរមណីយដ្ឋានអង្គរឱ្យមានភាពរស់រវើក​ដូចសម័យបុរាណឡើងវិញ អាជ្ញាធរជាតិអប្សរា មានផែនការស្ដារស្រះខាងកើតទាំងពីរជ្រុងឡើងវិញ ឱ្យសមនឹងតម្លៃដែលបុព្វបុរសសម័យដើមលោកបានប្រឹងកសាង។ លោក កុសល លើកឡើងដូច្នេះថា៖« 
យើងឃើញថា ប្រាសាទបាយ័នមានស្រះខាងកើតពីរ អាជ្ញាធរជាតិអប្សរា​ក៏មានផែនការលើកតម្លៃឡើងវិញ អ្វីដែលកសាងនៅសតវត្សទី១២ ក្រោមព្រះហស្ដរបស់ព្រះបាទ​ជ័យវរ្ម័នទី៧ យើងត្រូវបង្ហាញជាថ្មីនៅសតវត្សទី២១នេះ»។ 
 
បាតស្រះដែលគេបញ្ចុះចម្លាក់សត្វអណ្តើក
បុរាណវិទូលោក សោម កក្កដា ដែលធ្វើការនៅការដ្ឋានកំណាយស្រះបាយ័នទិសឦសាន បានឱ្យដឹងថា ក្រុមការងាររបស់លោកបានប្រទះឃើញចម្លាក់អណ្ដើតនេះនៅថ្ងៃទី១៩ មេសា ក្នុងជម្រៅដី​មិនជ្រៅប៉ុន្មានទេ ប្រហែល១០ស.ម។ លោកបន្តថា៖ «ពេលយើងធ្វើកំណាយ​ យើងដឹងថាវានៅទីតាំងនោះហើយ តែយើងមិនទាន់សន្និដ្ឋានថាមានអ្វីខ្លះនៅក្នុងនោះទេ»។
 
តាមការរៀបរាប់របស់លោក កក្កដា អណ្ដើកនៅស្រះបាយ័ននេះ មានទម្រង់ខុសគ្នា​ពីអណ្ដើកដែលគេប្រទះឃើញនៅ កណ្ដាលស្រះស្រង់ កាលពីឆ្នាំ២០២០។ អណ្ដើកនេះមានភ្នែកតូច បែរមុខទៅខាងត្បូង និងងាកក្បាលទៅរកប្រាសាទ។ 
 

ស្រះខាតកើតប្រាសាទបាយ័ន កំពុងធ្វើកំណាយជួសជុលឡើងវិញ​ នាថ្ងៃទី២៥ មេសា ឆ្នាំ២០២៤។

នៅថ្ងៃទី២២ មេសា អណ្តើកនៅស្រះបាយ័ននេះ ត្រូវបានលើកយកទៅរក្សាទុកសម្រាប់ការអភិរក្ស នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ។ ការណ៍នេះក្រៅពីដើម្បីសុវត្ថិភាព ក៏មានការគិតគូរពីការជួសជុល ថែរក្សាចម្លាក់អណ្តើកនេះសម្រាប់ការស្រាវជ្រាវទៅថ្ងៃអនាគតផងដែរ។ អណ្តើកនេះមានទំហំបណ្ដោយ ៥៧ស.ម ទទឹង៤៧ស.ម និងកម្រាស់២១ស.ទ។
 
បុរាណវត្ថុរាប់មិនអស់ បាននិងកំពុងកប់នៅក្រោមដី ដែលយើងមិនបានដឹងទាំងអស់។ ចំណុចនេះ លោក ឡុង កុសល ទទូចសុំឱ្យប្រជាពលរដ្ឋយល់ពីកិច្ចការអភិរក្សនានានៅតំបន់រមណីយដ្ឋានអង្គរ និងចូលរួមសហការជាមួយចាំបាច់។ លោកលើកឡើងដូច្នេះថា៖« ​អ្វីៗដែលស្ថិតនៅក្រោមដី​ដែលយើងគិតថាបានបាត់បង់ គឺនៅទីនោះ គ្រាន់តែយើង​ត្រូវការពេលវេលាក្នុងការសិក្សា ស្រាវជ្រាវ បញ្ជាក់បង្ហាញថា ទីនោះពិតជាមានបន្សល់ទុក ស្នាដៃបុព្វបុរស​យើងច្រើនអនេក។ តួយ៉ាងដូចជាទីទួលបុរាណ កន្លែងស្លាកស្នាមជាច្រើនដែលអប្សរាតែងអភិរក្ស ដើម្បីជាគុណប្រយោជន៍ សម្រាប់ការសិក្សាស្រាវជ្រាវបន្ថែមទៀត ព្រោះយើងមិនអាចមើល​នឹងភ្នែក​ផ្ទាល់ទេ ទាមទារការសិក្សាស្រាវជ្រាវជាបន្តបន្ទាប់»៕
 
 
 
 
 
 
 
 

Tag:
 ចម្លាក់អណ្ដើក
  បាយ័ន
© រក្សាសិទ្ធិដោយ thmeythmey.com