ជាតិ
ព្រះមហាក្សត្រ
ករណីផ្ទុះគ្រាប់៖ ព្រះមហាក្សត្រ ប្រទានព្រះរាជសាររំលែកមរណទុក្ខជូនក្រុមគ្រួសារជនរងគ្រោះ ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ រូបពីហ្វេសប៊ុក Royal Du Cambodge។
× ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះរាជហទ័យសេចក្ដីរន្ធត់ឥតឧបមា ក្រោយទទួលដំណឹងថា មានយោធិនពលី និងយោធិនរងរបួស ជាច្រើននាក់ ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ។
«ខ្ញុំមានសេចក្ដីសោកស្ដាយជាទីបំផុត និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃយោធិន ដែលជាអ្នកស្នេហាជាតិ ហើយបានពលីក្នុងបេសកម្មបម្រើជាតិ មាតុភូមិ និងសូមឱ្យវិញ្ញាណក្ខន្ធយោធិនពលីទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។ នេះជា ព្រះរាជសាររំលែកមរណទុក្ខជូនក្រុមគ្រួសារជនរងគ្រោះ របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
ព្រះមហាក្សត្រ ក៏បានព្រះរាជទានជូនពរដល់ប្រជានុរាស្រ្ត និងក្រុមយោធិន ដែលរងរបួស សម្រាកព្យាបាលនៅមន្ទីរពេទ្យទាំងអស់ ឱ្យឆាប់ជាសះស្បើយផងដែរ។
នាយទាហាន ២០នាក់ បានពលីក្នុងហេតុការណ៍ ផ្ទុះឃ្លាំងគ្រាប់បច្ចេកទេសយោធភូមិភាគទី៣ ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលកើតឡើងនៅម៉ោង២ និង២៥នាទីរសៀល កាលពីថ្ងៃទី២៧មេសា។ ឧបទ្ទវហេតុផ្ទុះគ្រាប់នេះ ក៏មានពលរដ្ឋ មួយចំនួនទៀត បានរងរបួសដែរ។
ក្នុងហេតុការណ៍នេះ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់ការឧបត្ថម្ភជាថវិកា ជូនគ្រួសារយោធិនពលី ចំនួន២ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រួសារសព។ ចំពោះយោធិនដែលរងរបួសក្នុងឧបទ្ទវហេតុនេះ ក្នុងម្នាក់ៗចំនួន ២០លានរៀល ៕
Tag:
ផ្ទុះគ្រាប់
កំពង់ស្ពឺ
ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com