កីឡាជាតិ
ជាតិ
World Cup៖ ៤ក្រុម​តំណាង​ទ្វីបអាស៊ី​សុទ្ធ​តែ​ធ្លាប់​មាន​ប្រវត្តិ​ប្រកួត​ជាមួយ​ខ្មែរ
31, May 2014 , 4:05 pm        
រូបភាព
វាអាចត្រឹមតែក្តីសុបិន្តប៉ុណ្ណោះ​ក្នុងការមើលឃើញ​វត្តមាន​របស់ក្រុមកីឡាបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នៅក្នុងព្រឹត្តិការណ៍ប្រកួត​​កីឡា​បាល់ទាត់ពានរង្វាន់ពិភពលោក (FIFA World Cup)។ ប៉ុន្តែ​ប្រវត្តិ​សាស្ត្រ​ក៏​មិនសូវ​អន់​ប៉ុន្មាន​សម្រាប់​ក្រុម​ដែល​កំពុង​មាន​ចំណាត់​ថ្នាក់​ទី​១៩០​នៃ​​តារាង​ FIFA មួយនេះ ពីព្រោះ​ថា ក្រុម​ចំនួន​៤ (អូស្ត្រាលី កូរ៉េខាងត្បូង ជប៉ុន និងអ៊ីរ៉ង់) ​ដែល​តំណាង​អោយ​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីបអាស៊ី (AFC) សម្រាប់​ព្រឹត្តិការណ៍ World Cup នៅ​ប្រេស៊ីល សុទ្ធ​តែ​ធ្លាប់​ជួប​ប្រកួត​ជាមួយ​ជម្រើស​ជាតិ​កម្ពុជា​កាលពី​ជាង​៤០ ទៅ​៥០​ឆ្នាំមុន។



បើ​​យោង​តាម​កំណត់​ត្រា​ប្រកួត​ដែល​ទទួល​ស្គាល់​ដោយ​សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) កម្ពុជាធ្លាប់​មាន​ប្រវត្តិ​ជួប​ជាមួយ​ជម្រើស​ជាតិអូស្ត្រាលី​ម្តងដែល​បញ្ចប់ក្នុងលទ្ធផល​ស្មើគ្នា ជួបកូរ៉េខាងត្បូង​៨លើក (ឈ្នះ១ ចាញ់៧) ជួប​ជប៉ុន២លើក (ចាញ់ទាំងពីរលើក) និងជួបអ៊ីរ៉ង់២លើក (ចាញ់ទាំងពីរលើក)។

កាលពី​ឆ្នាំ​១៩៦៥ ​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង​របស់​លោក គឹម អ៊ីលស៊ុង ដែល​មាន​បញ្ហា​ការទូត​ជាមួយ​បណ្តា​ប្រទេស​ជាច្រើននោះ ​មិនអាច​រៀបចំ​ការ​ប្រកួត​ជម្រុះ World Cup នៅ​ទឹក​ដី​របស់​ខ្លួន​បាន​ឡើយ។ ដោយសារ​តែ​ទំនាក់​ទំនង​ដ៏ល្អ​ជាមួយ​កម្ពុជា​ដែលមាន​ព្រះករុណា​សម្តេចឪ ព្រះបាទ នរោត្តម សីហនុ ជាព្រះប្រមុខ​រដ្ឋ ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​បាន​ក្លាយ​ជា​ទឹក​ដី​កណ្តាល​នៃការប្រកួត​រវាងក្រុមជម្រើស​ជាតិកូរ៉េខាងជើង និងក្រុមអូស្ត្រាលីសម្រាប់​វគ្គ​ជម្រុះ​ឆ្ពោះ​ទៅ​កាន់ World Cup ឆ្នាំ​១៩៦៦ ។

នាពេលនោះ ការ​ក្រុម​កូរ៉េខាង​ជើង​បាន​ប្រកួត​ឈ្នះ​ទាំងពីរ​ជើង​ក្នុងលទ្ធ​ផល ៦-១ និង​៣-១ ដោយមាន​អ្នក​ទស្សនា​ប្រមាណ​៤ម៉ឺននាក់ ខណៈអង្គ​សម្តេចឪ បាន​រៀបចំ​ឲ្យ​ក្រុមអ្នក​ទស្សនាពាក់កណ្តាលគាំទ្រ​អូស្ត្រាលី និងពាក់កណ្តាល​ទៀត​គាំទ្រ​កូរ៉េខាងជើង។ ឆ្លៀតក្នុងឱកាសនោះ សម្តេចឪ បាន​រៀបចំ​ឲ្យមាន​ការ​ប្រកួតមិត្តភាព​ជាមួយ​អូស្ត្រាលី ពោលគឺ​ពីរ​ថ្ងៃបន្ទាប់ពី​ពួកគេបញ្ចប់​យុទ្ធនាការ​ប្រកួតជាមួយ​​កូរ៉េខាងជើង។

ចន្លោះពី​ឆ្នាំ​១៩៦៦ដល់​ឆ្នាំ​២០០៦ អូស្ត្រាលី​ជា​សមាជិក​នៃសហព័ន្ធកីឡា​បាល់ទាត់​ទ្វីប​អូសេអានី (OFC) ប៉ុន្តែបច្ចុប្បន្ន​ត្រូវ​បាន​បញ្ចូល​ជា​សមាជិក​សហព័ន្ធ​កីឡា​បាល់ទាត់ទ្វីបអាស៊ី​ (AFC) វិញ។ នាការ​ប្រកួត​មិត្តភាព​កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​១៩៦៥នោះ កម្ពុជា និងអូស្ត្រាលី​បាន​បញ្ចប់​ក្នុងលទ្ធផល​ដោយគ្មាន​ការ​ស៊ុត​បាល់​បញ្ចូលទី។

ក្រុម​បី​ផ្សេងទៀត​ដែល​តំណាងឲ្យទ្វីបអាស៊ី​សម្រាប់ព្រឹត្តិការណ៍​ប្រកួត​នៅ​ប្រេស៊ីលរួមមាន កូរ៉េខាងត្បូង ជប៉ុន និងអ៊ីរ៉ង់។​កាលពី​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​១៩៧១ កូរ៉េខាងត្បូង​បាន​យក​ឈ្នះកម្ពុជា ២-០ ក្នុងការប្រកួត​ជម្រុះពូល A នៃព្រឹត្តិការណ៍ President’s Cup នៅទីក្រុងសេអ៊ូល។ នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​១៩៧២ ក្រុមទាំងពីរ​បាន​ជួបគ្នាសម្រាប់ការប្រកួតពូល B នៃ​ព្រឹត្តិការណ៍​ដណ្តើមពាន​រង្វាន់​ទ្វីបអាស៊ីនៅទីក្រុង​បាងកក ដោយ​កូរ៉េខាងត្បូង​បានយក​ឈ្នះក្នុងលទ្ធផល ៤-១ ។ ឈាន​ដល់​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​១៩៧២ ពួកគេ​បាន​ជួបគ្នា​ក្នុងព្រឹត្តិការណ៍​រំលឹក​ខួប​ទីក្រុង​ហ្សាការតានៅ​ប្រទេសឥណ្ឌូនេស៊ី ដោយ​កូរ៉េខាង​ត្បូង​បន្តយក​ឈ្នះក្នុងលទ្ធ​ផល ២-០ បន្ថែមទៀត។

នៅ​ឆ្នាំ​១៩៧២​ដដែល កម្ពុជា​បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​សេអ៊ូល សម្រាប់ព្រឹត្តិការណ៍ប្រកួត​ជម្រុះជុំទីមួយ President’s Cup នា​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​១៩៧២ ដោយ​ម្ចាស់ផ្ទះ​យក​ឈ្នះ​ក្នុងលទ្ធផល​ ៣-១ ។ នៅឆ្នាំ​១៩៧៣ នា​ថ្ងៃខែ​ឆ្នាំ​ដដែល និងព្រឹត្តិ​ការណ៍​ដដែល​ ម្ចាស់​ផ្ទះកូរ៉េខាងត្បូង​បាន​បន្តបំបាក់កម្ពុជាក្នុងលទ្ធផល ៦-០ ។

ជំនួបលើក​ទី៦​រវាងក្រុមទាំងពីរ​បាន​ប្រព្រឹត្តិទៅ​នៅ​ទីក្រុង​បាងកក នា​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​១៩៧៣ ក្នុងព្រឹត្តិការណ៍ King’s Cup របស់ថៃ ខណៈ​កូរ៉េខាងត្បូង​បាន​បន្ត​ជ័យ​ជម្នះ​របស់​ខ្លួន​ក្នុងលទ្ធផល ៥-០ ។ ទោះបី​ជាយ៉ាងណាក៏​ដោយ មោទនភាព​ ក៏​បាន​កើតឡើង​ផង​ដែរ​សម្រាប់​ក្រុម​កម្ពុជា នា​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​១៩៧៤ ដោយនៅ​ពេលនោះ កម្ពុជា​មានលទ្ធភាព​យក​ឈ្នះ​កូរ៉េខាងត្បូង​ក្នុងលទ្ធផល ១-០ នៅ​កីឡដ្ឋានក្រុងសេអ៊ូល សម្រាប់​ការ​ប្រកួត​ជម្រុះ President’s Cup។ ជំនួប​ចុងក្រោយរវាងក្រុម​ជម្រើស​ជាតិទាំងពីរ គឺ​នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​១៩៧៤ នៅទីក្រុង​បាងកក ក្នុងព្រឹត្តិការណ៍ King’s Cup ដោយ​កូរ៉េខាងត្បូង​បានយក​ឈ្នះក្នុងលទ្ធផល ២-១ ។

ងាក​ទៅ​មើល​ជំនួប​ជាមួយ​ក្រុម​ជម្រើស​ជាតិសាមួរ៉ៃជប៉ុន​វិញ​ម្តង កម្ពុជា​ធ្លាប់​ប៉ះជាមួយ​ចំនួន​ពីរ​លើក ហើយ​បរាជ័យ​ទាំងពីរ​លើក។ កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​១៩៧០ ពួក​គេ​បាន​ជួបគ្នា​នៃការ​ប្រកួត​ជម្រុះពូល B ក្នុងព្រឹត្តិការណ៍ Asian Games ក្នុងទីក្រុង​បាងក​ក ដោ​យជប៉ុន​បាន​យក​ឈ្នះ​ក្នុងលទ្ធផល ១-០ ។ ពីរឆ្នាំក្រោយមក ពោលគឺនៅ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​១៩៧២ ក្រុមទាំងពីរ​បាន​ជួបគ្នា​ក្នុង​ព្រឹត្តិកា​រណ៍ Merdeka Cup នៅក្នុងទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយជប៉ុន​បន្តយក​ឈ្នះក្នុ​ងលទ្ធផល ៤-១ ។

សម្រាប់​ជំនួប​ជាមួយ​ក្រុម​ជម្រើសជាតិអ៊ីរ៉ង់ កម្ពុជា​ធ្លាប់មាន​ប្រវត្តិចាញ់​ទាំងពីរលើក​ផង​ដែរ។ ពួកគេ​បានជួបគ្នានៅ​ក្នុងព្រឹត្តិការណ៍​ជម្រើស​ជើង​ឯក​ទ្វីបអាស៊ី​នា​ឆ្នាំ​១៩៧២ ។ នាការ​ប្រកួត​ជម្រុះ​តាមពូល​នា​ថ្ងៃទី​៧ ខែឧសភា នៅកីឡដ្ឋាន Suphachalasai ក្នុងបាងកក អ៊ីរ៉ង់​បាន​យក​ឈ្នះក្នុងលទ្ធផល ២-០ ។ នៅ​ថ្ងៃទី​១៦ ខែឧសភា ក្រុម​ទាំងពីរ​បាន​ប៉ះគ្នា​នៅក្នុងការប្រកួតវគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយអ៊ីរ៉ង់​បាន​យក​ឈ្នះ​ក្នុងលទ្ធផល ២-១ ។ មួយគ្រាប់​ដែលកម្ពុជាវាយ​បកបាននោះ គឺ​ជាការស៊ុត​បញ្ចូល​ទី​របស់កីឡា​ករ ស្លៃម៉ា​ន សាលីម៕



© រក្សាសិទ្ធិដោយ thmeythmey.com