កីឡាជាតិ
ជាតិ
ជើង​ឯក​​លី​ក​​កម្ពុ​ជា​មាន​​សិទ្ធិ​​ចូល​រួម​​ក្នុង​​ព្រឹត្តិការណ៍​​Toyota​ Mekong ​Club​ នៅ​​វៀត​ណាម​
11, Jun 2014 , 7:44 pm        
រូបភាព
ដោយ:
សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បានប្រកាសថា​ខ្លួន​សម្រេចចិត្ត​បញ្ជូន​ក្រុម​ទៅ​ចូលរួម​ក្នុង​ការប្រកួត​ពានរង្វាន់ Toyota Mekong Club Championship ដែល​ប្រមូលផ្ដុំ​ដោយមាន​វត្តមាន​ពិសេស​ពី​ក្លិប​ជើងឯក​ទាំងឡាយ ក្នុង​តំបន់​ទន្លេរ​មេគង្គ រួមមាន កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង វៀតណាម នាពេលខាងមុខ។



វេ​ប​សាយ​ផ្លូវការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី ១០ មិថុនា នោះ បាន​បញ្ជាក់ថា​ពានរង្វាន់​ជើងឯក​ប្រចាំ​តំបន់​មេគង្គ​ដំបូង​នេះ​នឹងត្រូវ​រៀបចំ​នៅ​កីឡដ្ឋាន Hang Day Stadium ពីថ្ងៃ​ទី៣១ ខែតុលា ដល់​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅ​ទីក្រុង​ហាណូយ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម។

ប្រភព​ខាងលើ​បន្ថែមថា ការសម្រេចចិត្ត​នេះ​គឺ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើក​ទីមួយ រវាង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ជាមួយ​ក្រុមហ៊ុន​តូយ៉ូតា  ហើយ​ភាគី​ទាំងពីរ​រំពឹងទុក​ថា​នឹង​បន្ត​ធ្វើការ​រួមគ្នា​យ៉ាង​ជិតស្និទ្ធ​សម្រាប់​គម្រោងផ្សេងៗក្នុងពេល អនាគត​ដែល​រួមចំណែក​ធ្វើអោយ​បាល់ទាត់​នៅ​កម្ពុ​ជាមាន​ភាព​រីកចម្រើន។

តាម​គម្រោង​ក្រុម​ដែលមាន​សិទ្ធ​ចូល​លេង​ក្នុង​ពានរង្វាន់​នេះ​បាន​គឺ​ចាំបាច់​ជា​ជើងឯក​ប្រចាំ​លី​ក​នៃ​ប្រទេស​ទាំង ៤ ខណៈ​ក្រុមហ៊ុន​ផលិត​រថយន្ត TOYOTA  ជា​អ្នក​ឧបត្ថម្ភ​ធំ៕


© រក្សាសិទ្ធិដោយ thmeythmey.com