កីឡាអន្តរជាតិ
អន្តរជាតិ
សម្រាប់​​ការ​ប្រកួត​​នា​​រាត្រី​​នេះ​​បារាំង​ និង​​អ៊ីតាលី ​រំ​ពឹង​​បោះ​ជំហាន​​ទៅ​កាន់​​វគ្គ​​បន្ត​
20, Jun 2014 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ីតាលី​របស់លោក Cesare Prandelli និង​ក្រុម​ជម្រើសជាតិ​បារាំង​របស់លោក Didier Deschamps អាច​នឹង​បោះជំហាន​ដ៏​ធំ​មួយ​ឆ្ពោះទៅកាន់​ការប្រកួត​ជុំ​ទី២នៃ​យុទ្ធនាការ World Cup ប្រសិនបើ​ពួកគេ​ទទួល​ជ័យជម្នះ​ក្នុងការ​ប្រកួត​ដ៏​សំខាន់​របស់​ពួកគេ​នៅ​រាត្រី​នេះ។



ក្រុម​ជម្រើសជាតិ​អ៊ីតាលី នឹងត្រូវ​ជួប​ជាមួយនឹង​កូ​ស្តា​រី​កា ក្នុងការ​ប្រកួត​មួយ​រវាង​ក្រុម​ដែល​មិនទាន់​ចាញ់​ក្នុង​ពូ​ល D ក្នុង​ក​ទីក្រុង Recife នា​វេលា​ម៉ោង១១យប់ (ម៉ោង​នៅ​កម្ពុជា)។ ក្រុមបាល់ទាត់​ជម្រើសជាតិ​បារាំង និង​ក្រុម​ស្វ៊ី​ស ដែល​សុទ្ធសឹង​បានទទួល​ជ័យជម្នះ​ក្នុងការ​ប្រកួត​បើកឆាក​នៃ​ពូ​ល E របស់​ពួកគេ​នោះ នឹងត្រូវ​ធ្វើការ​ប្រកួត​បន្ទាប់ពីនោះ​នា​វេលា​ម៉ោង២ទៀបភ្លឺ ក្នុង​ទីក្រុង Salvador។

ក្នុងការ​ប្រកួត​ពូ​ល​ដូចគ្នានេះ ក្រុម​ជម្រើសជាតិ​ហុង​ឌូ​រ៉ា​ស និង​អេក្វាទ័រ នឹងត្រូវ​ប្រកួត​គ្នា​នៅ​ទីក្រុង Curitiba នៅវេលា​ម៉ោង៥ទៀបភ្លឺ។ ថ្ងៃ​ប្រកួត​នៅ​រាត្រី​នេះ នឹងមិន​ក្លាយជា​ការប្រកួត​ដ៏​ងាយស្រួល​ឡើយ​សម្រាប់​ក្រុម​ជើង​ខ្លាំង​មកពី​តំបន់​អឺរ៉ុប​ទាំងពីរ។ តារាឆ្នើមៗរបស់​ក្រុម​អ៊ីតាលី នឹងត្រូវ​ង​តែ​ជួប​ជាមួយនឹង​ក្រុម​កូ​ស្តា​រី​កា ដែល​បាន​ដណ្តើមយក​ជ័យជម្នះ​ដ៏​មិន​នឹកស្មាន​ដល់​មួយ​តាមរយៈ​ការ​ផ្តួល​ក្រុម​អ៊ុយ​រូ​ហ្គា​យ ៣-១ កាលពី​ថ្ងៃ​សៅរ៍។

លោក Prandelli ប្រហែលជា​មិនមាន​ការភ្ញាក់ផ្អើល​ឡើយ ខណៈដែល​សមាជិក១១នាក់​របស់​ក្រុម​កូ​ស្តា​រី​កា លេង​ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប ហើយ​បីនាក់​ទៀត​លេង​ក្នុង​ក្របខ័ណ្ឌ Major League Soccer របស់​សហរដ្ឋអាមេរិក។ ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច Joel Campbell របស់​កូ​ស្តា​រី​កា ដែល​បានបញ្ចប់​រដូវ​កាល​មួយ​ជាមួយនឹង​ក្លិប Olympiakos ក្នុងប្រទេស​ក្រិ​ក​ក្នុងនាម​ជា​កីឡាករ​កម្ចី​ពី​ក្លិប Arsenal នោះ បាន​សន្យាថា ក្រុម​អ៊ីតាលី​នឹងមាន​ការប្រកួត​ដ៏​ស្វិតស្វាញ​មួយ។

កីឡាករ​រូបនេះ​បាន​និយាយ​ទាំង​ជឿជាក់ថា៖ «យើង​មានការ​ស្ងប់​អារម្មណ៍ និង​ត្រជាក់ចិត្ត ហើយ​យើង​សង្ឃឹមថា នឹង​ឈានទៅ​ប្រកួត​ក្នុង​ជុំ​ទី២» ។ ប៉ុន្តែ សមត្ថភាព​បញ្ជូន​បាល់​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​របស់​អ៊ីតាលី បានធ្វើ​ឲ្យ​ពួកគេ​គ្រប់គ្រង​យ៉ាង​ល្អ​លើ​ក្រុម​អង់គ្លេស ហើយ​ខ្សែបម្រើ​ជើងចាស់ Daniele de Rossi បាន​បញ្ជាក់ថា៖ «យើង​តែងតែ​គោរព​ដល់​គូប្រកួត​របស់លោក ប៉ុន្តែ យើង​មិន​ខ្លាច​ក្រុម​ណា​ឡើយ»។ Gianluigi Buffon ដែលជា​ប្រធាន​ក្រុម និង​ជា​អ្នកចាំទី​របស់​អ៊ីតាលី មាន​ភាពរឹងមាំ​ឡើងវិញ ហើយ​អាច​នឹង​ចូល​ជំនួស​កន្លែង​របស់គេ​ពី​អ្នក​ចាត់​ទី Salvatore Sirigu៕

ប្រែ​សម្រួល​ដោយ ផេង សំណាង


© រក្សាសិទ្ធិដោយ thmeythmey.com