កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមក្រូអាស៊ីចាត់ទុកថាជំនួបជាមួយម៉ិកស៊ិកគឺជាការប្រកួតផ្តាច់ព្រ័ត្រ
× លោក NikoKovac បាននិយាយថា ក្រុមក្រូអាស៊ីរបស់លោកនឹងប្រឈមមុខនឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃ World Cup ដោយខ្លួនពួកគេផ្ទាល់នៅពេលជួបជាមួយនឹងក្រុមម៉ិកស៊ិកនៅរាត្រីនេះ ខណៈដែលការទទួលជ័យជម្នះមួយនឹងធ្វើឲ្យពួកគេឈ្នះកៅអីទៅលេងវគ្គ១៦ក្រុមចុងក្រោយ។
ក្រុមជម្រើសជាតិក្រូអាស៊ី បានធ្វើការវាយបកពីការបរាជ័យក្នុងការប្រកួតបើកឆាករបស់ពួកគេក្នុងលទ្ធផល ៣-១ ក្រោមថ្វីជើងរបស់ក្រុមម្ចាស់ផ្ទះប្រេស៊ីល ក្នុងការប្រកួតពូល A ជាមួយនឹងជ័យជម្នះយ៉ាងកក់ក្តៅ ៤-០ លើក្រុមកាមេរូនកាលពីថ្ងៃពុធមុន ដើម្បីរក្សាធ្វើឲ្យក្តីសង្ឃឹមនៃការឈានទៅវគ្គបន្តនៅតែនៅរស់។
ខ្សែប្រយុទ្ធ Mario Mandzukic បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ក្នុងតង់ទី២ ខណៈដែលក្រុមក្រូអាស៊ីមួយនេះ បានទម្លាក់ក្រុមកាមេរូន ដែលនៅសល់សមាជិកត្រឹមតែ១០នាក់ ឲ្យធ្លាក់ចេញពីយុទ្ធនាការនេះទាំងភាពអាម៉ាស។ កីឡាករទាំងពីរនាក់របស់ក្លិប Wolfsburg ដែលរួមមានខ្សែប្រយុទ្ធ IvicaOlic និងខ្សែបម្រើ Ivan Perisic ក៏បានរកគ្រាប់បាល់បញ្ចូលទីផងដែរ ប៉ុន្តែ ក្រុមក្រូអាស៊ីនៅតែឈរក្នុងចំណាត់ថ្នាក់លេខ៣នៅលើតារាងពីក្រោយក្រុមលេខ១ប្រេស៊ីល និងម៉ិកស៊ិក ដដែល។
លោក Kovac ដឹងថា ក្រុមរបស់លោកនឹងត្រូវប្រឈមមុខនឹងឧបស័គ្គដ៏ធំមួយនៅពេលជួបជាមួយនឹងក្រុមរបស់លោក Miguel Herrera ក្នុងទីក្រុង Recife ក្រោយពីម៉ិកស៊ិកបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយក្រុមម្ចាស់ផ្ទះប្រេស៊ីល។ អ្នកចាំទីរបស់ម៉ិកស៊ិក Guillermo Ochoa បានធ្វើឲ្យខ្លួនគេទទួលការចាប់អារម្មណ៍ក្នុងយុទ្ធនាការ World Cup ជាមួយនឹងការសង្គ្រោះបាល់បានយ៉ាងល្អជាច្រើន ក្នុងនោះរាប់បញ្ចូលទាំងការទះបាល់ចេញពីការតែតរបស់កីឡាករ Neymar ក្នុងទីក្រុង Fortaleza កាលពីអង្គារមុន ផងដែរ។
លទ្ធផលស្មើនៅពេលជួបជាមួយនឹងក្រុមក្រូអាស៊ី នឹងគ្រប់គ្រាន់ក្នុងការធ្វើឲ្យម៉ិកស៊ិកឈានទៅវគ្គបន្ត ក្រោយពីការបញ្ចប់លទ្ធផល ០-០ ជាមួយប្រេស៊ីល និងជ័យជម្នះ ១-០ លើកាមេរូន។ ស្របពេលជាមួយគ្នានេះ ក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ និងស៊ីលី នឹងធ្វើការប្រជែងគ្នាដើម្បីចំណាត់ថ្នាក់លេខ១ក្នុងពូល B នៅរាត្រីនេះ និងសង្ឃឹមថា ពួកគេអាចគេចផុតពីការជួបប្រកួតជាមួយនឹងក្រុមម្ចាស់ជើងពិភពលោក៥សម័យកាល ប្រេស៊ីល។ ដោយឡែក ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល ត្រូវបានរំពឹងថា នឹងត្រូវជួបការប្រកួតជាសាមញ្ញមួយដើម្បីដណ្តើមកៅអីទៅវគ្គ១៦ក្រុមចុងក្រោយនៃយុទ្ធនាការ World Cup ខណៈដែលលទ្ធផលស្មើនឹងគ្រប់គ្រាន់សម្រាប់ពួកគេ៕
កម្មវិធីប្រកួតនារាត្រីនេះ
អូស្ត្រាលី ជួប អេស្ប៉ាញ–11 យប់
ហូឡង់ ជួប ឈីលី –11 យប់
កាមេរូន ជួប ប្រេស៊ីល – 3 ទៀបភ្លឺ
ក្រូអាស៊ី ជួប ម៉ិកស៊ិក – 3 ទៀបភ្លឺ
ប្រែសម្រួលដោយ ផេង សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com