ការប្រកួតពូល E និងពូល F ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ បានបញ្ចប់កាលពីយប់មិញ។ បារាំងឈរនៅចំណាត់ថ្នាក់លេខមួយក្នុងពូល E ក្រោយលទ្ធផលស្មើ ០-០ ជាមួយអេក្វាឌ័រ ស្វ៊ីសដែលបានទម្លាក់ហុងឌូរ៉ាស់ ៣-០ ស្ថិតនៅលេខពីរ រីឯពូល F អាហ្សង់ទីនឈ្នះនីហ្សេរីយ៉ា ៣-២ ប៉ុន្តែក្រុមទាំងពីរសុទ្ធតែទទួលបានកៅអីនៅវគ្គបន្ត ខណៈបូស្នី-ហឺហ្ស៊េហ្គោវីណា ទទួលបានបីពិន្ទុត្រឡប់ទៅផ្ទះវិញជាមួយនឹងជ័យជម្នះ ៣-១ លើអ៊ីរ៉ង់។ សម្រាប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយ បារាំងត្រូវប៉ះនីហ្សេរីយ៉ា អាហ្សង់ទីនជួបស្វ៊ីស។
អេក្វាឌ័រត្រូវការជ័យជម្នះយ៉ាងខ្លាំងក្នុងជំនួបជាមួយបារាំង ប៉ុន្តែលទ្ធភាពរបស់ពួកគេបានធ្លាក់ចុះបន្ទាប់ពីប្រធានក្រុម Antonio Valencia ត្រូវបានបណ្តេញចេញពីដើមតង់ទីពីរ ក្រោយបង្កកំហុសលើ Lucas Digne។ បារាំងមានឱកាសរកគ្រាប់បាល់បញ្ចូលទីជាច្រើនផងដែរ ជាពិសេសពីសំណាក់ Paul Pogba ប៉ុន្តែខ្សែការពាររបស់អេក្វាឌ័រតែងតែធ្វើការរារាំងបានល្អ។