កីឡាអន្តរជាតិ
អន្តរជាតិ
លោក​ Loew​ និង​​លោក ​Klinsmann ​នឹង​​ជួប​គ្នា​​ក្នុង​ពេល​​អាល្លឺម៉ង់​ ប៉ះ​​សហរដ្ឋ​អាមេរិក​
26, Jun 2014 , 8:20 pm        
រូបភាព
ដោយ: ថ្មីៗ
មិត្តភាព​នឹងត្រូវ​ទុក​មួយ​ឡែក​ក្នុងការ​ប្រកួត World Cup នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅពេលដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​សហរដ្ឋអាមេរិក​របស់​លោក JurgenKlinsmannត្រូវ​ជួប​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​របស់លោក Joachim Loew ដើម្បី​ដណ្តើម​តំណែង​លេខ១ក្នុង​ពូ​ល G។



ក្រោយពី​ជួបគ្នា​ក្នុង​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក លោក Loew បាន​ក្លាយជា​គ្រូបង្វឹក​ជំនួយ​របស់លោក Klinsmann កាលពី​រយៈពេល១០ឆ្នាំ​កន្លងទៅ ដែល​នៅពេលនោះ​គ្រូបង្វឹក​ទាំងពីរ​ត្រូវបាន​ផ្តល់​តំណែង​ក្នុង​ក្រុម​ជម្រើសជាតិ ក្រោយពី​ការទទួលបាន​លទ្ធផល​ដ៏​ខកចិត្ត​ក្នុង​ព្រឹត្តិការណ៍ Euro ឆ្នាំ២០០៤ ខណៈដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាល្លឺម៉ង់ បានបញ្ចប់​ការប្រកួត​ចែក​ពូ​ល​ដោយ​មិន​ស្គាល់​ជ័យជម្នះ​សោះ។

ក្រោម​ការដឹកនាំ​របស់​ពួកគេ អាល្លឺម៉ង់ បាន​ក្លាយជា​ក្រុម​ដែលមាន​ភាព​មុត​ស្រួច​ក្នុងការ​តំបន់​ប្រយុទ្ធ ខណៈដែល​កីឡាករ​វ័យក្មេង​ប្រកបដោយ​ទេពកោសល្យ​ដូចជា Lukas Podolskiនិង Bastian Schweinsteiger ត្រូវបាន​ផ្តល់ឱកាស​ឲ្យ​ចូល​លេង។ ប៉ុន្តែ បច្ចុប្បន្ន ពួកគេ​នឹងត្រូវ​ជួបគ្នា​ក្នុង​កីឡដ្ឋាន Arena Pernambucoក្នុង​ទីក្រុង Recife ក្នុងនាម​ជា​គូបដិបក្ខ ខណៈដែល​ក្រុម​ទាំងពីរ​មាន​បួន​ពិន្ទុ​ដូចគ្នា។

ស្របពេល​ជាមួយគ្នានេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់រ​បស់​ខ្សែប្រយុទ្ធ Cristiano Ronaldo នឹង​ប្រឈមមុខ​នឹង​ការធ្លាក់​ចេញ​ត្រឹម​ជុំ​ទី១នៃ​យុទ្ធនាការ World Cup នៅ​រាត្រី​នេះ បើទោះបី​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់​ពិភពលោក​របស់​ពួកគេ​បង្ហាញ​ពី​ភាព​អស្ចារ្យ​ក្នុងការ​ប្រកួត​ចុងក្រោយ​របស់​ពួកគេ​ក្នុង​ពូ​ល G ជាមួយនឹង​ក្រុមបាល់ទាត់​ជម្រើសជាតិ​ហ្គា​ណាក៏ដោយ។

កីឡាករ​របស់​ក្លិប Real Madrid រូបនេះ បាន​ឈាន​ជើង​ទៅ​ប្រកួត World Cup រួម​ជាមួយនឹង​ខ្សែប្រយុទ្ធ Lionel Messi របស់​អា​ហ្ស​ង់​ទីន និង Neymar របស់​ប្រេ​ស៊ី​ល ក្នុងនាម​ជាតា​រា​ឆ្នើម​ម្នាក់​ក្នុងចំណោម​តារាឆ្នើមៗផ្សេងទៀត​របស់​ពិភពលោក។ ក្រុមបាល់ទាត់​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ ដែលមាន​ចំណាត់ថ្នាក់​លេខ៤នៅ​លតា​រាង​របស់ FIFA នោះ កំពុងតែ​ស្ថិតនៅ​បាត​តារាង​នៃ​ពូ​ល G ដោយមាន១ពិន្ទុ​ពី​ការប្រកួត​របស់​ពួកគេ​ជាមួយនឹង​ក្រុម​អាមេរិក និង​អាល្លឺម៉ង់។ ការបញ្ចប់​ត្រឹម​លទ្ធផល​ស្មើ​ក្នុងការ​ប្រកួត​រវាង​ក្រុម​អាមេរិក និង​អាល្លឺម៉ង់ នឹងធ្វើ​ឲ្យ​ហ្គា​ណា និង​ព័រ​ទុយ​ហ្គា​ល់ ត្រូវ​ត្រឡប់ទៅផ្ទះ​វិញ៕

កម្មវិធី​ប្រកួត​នៅ​រាត្រី​នេះ
Portugal v Ghana –11 យប់
USA v Germany –11 យប់
Algeria v Russia – 3 ទៀបភ្លឺ
South Korea v Belgium – 3 ទៀបភ្លឺ

ប្រែ​សម្រួល​ដោយ ផេង សំណាង



© រក្សាសិទ្ធិដោយ thmeythmey.com