កីឡាអន្តរជាតិ
អន្តរជាតិ
ជំនួប​ក្រុម​មិន​ស្គាល់​ចាញ់ អាហ្ស​ង់ទីន-​បែល​ហ្ស៊ិក​ រី​ឯគ្រូ​កូស្តា​រីកា​​ខ្លាច​ការធ្វើពុត​របស់ Robben
05, Jul 2014 , 2:25 pm        
រូបភាព
ដោយ: រួបរួម
វគ្គ៨​ក្រុម​ចុងក្រោយ​នៃព្រឹ​ត្តិការណ៍ World Cup ឆ្នាំ២០១៤ ដល់​វេលា​ក្នុង​ការ​​ស្វែង​រកពីរក្រុ​ម​បន្ថែម​ទៀត​សម្រាប់ការ​ប្រកួ​តវគ្គ​១/២​ផ្តាច់​ព្រ័ត្រ ដោយ​អាហ្សង់ទីន ត្រូវប៉ះ​ជាមួយ​បែលហ្ស៊ិកនា​វេលាម៉ោង​១១នាត្រីនេះ មុន​ជំនួប​រវាងហូឡង់ និងកូស្តារីកា នា​វេលាម៉ោង​៣ទៀបភ្លឺ។



សម្រាប់ជំនួបនៅ​លើ​ទីលាន Estadio Nacional de Brasilia ខ្សែកា​រពារ​ឆ្វេងរ​បស់អា​ហ្សង់ទីន Marco Rojo ត្រូវអវត្ត​មាន​ដោយ​សារជា​ប់ពិន័​យ ដោយ​ទីតាំងរបស់គេ​អាច​នឹងត្រូវ​ជំនួស​ដោយ Jose Basanta ។ Sergio Aguero ប្រហែល​ជាមិនអាច​ជាប់ក្នុ​ងជម្រើស​ដំបូង​ឡើយ ដោយសារ​បញ្ហា​របួស ខណៈ Rodrigo Palacio អាចជំនួស​ដោយ​ Ezequiel Lavezzi។ ងាក​ទៅ​ក្រុម​បែលហ្ស៊ិក​វិញ ខ្សែ​បម្រើ Steven Defour បាន​រួចផុត​ការពិន័យ​ហើយ បន្ទាប់ពី​ទទួល​កាតក្រហម​នា​ជំនួប​ជាមួយ​កូរ៉េខា​ងត្បូង ខណៈ​ខ្សែការពារ Thomas Vermaelen ក៏​មិន​មាន​បញ្ហា​អ្វីទៀត​ដែរ។
អាហ្សង់ទីន និង​បែលហ្ស៊ិ​ក ធ្លាប់​ជួបគ្នា​ចំនួន​៤លើក រួម​បញ្ចូលពីរលើកនៅ​ក្នុងព្រឹត្តិការណ៍ World Cup ដោយ​បែលហ្ស៊ិក​បាន​យក​ឈ្នះ ១-០ នៅ​វគ្គ​ជម្រុះ​តាមពូល​ក្នុង​ឆ្នាំ​១៩៨២ ហើយ​អាហ្សង់ទីន​ បាន​សងសឹក​ក្នុងលទ្ធ​ផល ២-០ វិញនៅ​វគ្គ​ពាក់ក​ណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ឆ្នាំ​១៩៨៦ ។

បែល​ហ្ស៊ិក​ដែល​ស្គាល់​ជាតិ​បរាជ័យ​ឡើយ​ក្នុង​ចំណោម​២១ប្រកួត​ ដែលក្នុ​ងនោះ​អ្នក​ចាំទី Thibaut Courtois លេងក្នុង​ជម្រើស​ដំ​បូង ហើយអាហ្សង់ទីន​ក៏​មិន​ដែល​ស្គាល់ចាញ់​ផង​ដែរក្នុងចំណោម​២៥ប្រកួតចុងក្រោយក្រោម​វត្តមាន​របស់​ខ្សែប្រយុទ្ធ Messi (ឈ្នះ​១៨ ស្មើ​៧ ) ។

រី​ឯ​ការ​ប៉ះគ្នា​នៅ​លើ​ទីលាន Arena Fonte Nova វិញ កូស្តារីកា​ត្រូវ​បង្ហាញ​វត្តមាន​ជាលើក​ដំបូង​នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​នៃព្រឹត្តិការណ៍ World Cup។ ស្របពេល​ជាមួយ​គ្នា​នេះ គ្រូបង្វឹក​កូស្តារីកា លោក Jorge Luis Pinto សម្តែង​ការព្រួយ​បារម្ភចំពោះខ្សែបម្រើហូឡង់ Arjen Robben តាមរយៈការ​​លើក​ឡើងថា កីឡាកររូបនេះ​ត្រូវ​តែទទួល​ការពិន័យ​ភ្លាម​ៗ​ប្រសិន​បើគេ​ធ្វើ​ពុត​ជាដួល​នា​ជំនួបនៅ​រាត្រីនេះ។

«ខ្ញុំ​ចង់​ស្នើ​សុំ​ទៅ Fifa និង​អាជ្ញាកណ្តាល​ឲ្យ​មើល​ការ​ប្រកួត​របស់ Robben។ យើងពិត​ជាបារម្ភ​ខ្លាំងណាស់អំពី​ការ​ធ្វើ​ពុត​ជាដួល​របស់គាត់។ គាត់​ច្បាស់​ជា​ត្រៀម​ធ្វើ​ដូច្នោះ»។ នា​ជំនួប​ជាមួយ​ម៉ិក​ស៊ិក Robben ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​ពុត​ជា​ដួល​រហូត​ដល់ទៅ​៣​ដង ហើយ​ក្រោយ​ការ​ប្រកួត ខ្សែបម្រើ​រូបនេះ បាន​ធ្វើ​ការសុំទោស​ ប៉ុន្តែមិនមែនករណី​គ្រាប់​បាល់​ដែលនាំឲ្យ​មាន​ការស៊ុត​បាល់​បញ្ចូលទី​នាំជ័យ​ជម្នះនោះ​ឡើយ»។

លោក Louis van Gaal គ្រូបង្វឹ​កហូឡង់ បានប​ញ្ជាក់​ក្រុមកីឡាករ​របស់លោក​នឹងមិនមើ​ល​ក្រុម​កូស្តារីកា​នោះ​ឡើយ ពីព្រោះ​ក្រុម​មកពី​តំបន់​អាមេរិក​កណ្តាល សម្រេច​បាន​លទ្ធផល​ដ៏​ល្អប្រសើរនាការ​ប្រកួតក​ន្លងម​ក។ ហូឡង់​ត្រូវអវត្តមានខ្សែបម្រើ Nigel de Jong ដោយ​សារ​បញ្ហារ​បួស ខណៈ Wesley Sneijder មិនទាន់​មាន​ភាព​ប្រាកដ​ប្រជា។

អ្នក​ចាំទីកូស្តារីកា Keylor Navas ប្រហែល​ជាលែង​មាន​បញ្ហា​អ្វី​ទៀត​ឡើយ​ចំពោះ​បញ្ហា​របួស​ស្មា ប៉ុន្តែ​ខ្សែការពារ Oscar Duarte និង Roy Miller ត្រូវអវត្តមាន។ Keylor Navas បាន​សង្គ្រោះ​បាល់​ជាង​៨៧​ភាគរយ​ពី​ការវាយ​សម្រុកពីគូ​ប្រកួត ខណៈ​ Bryan Ruiz បាន​ស៊ុត​បាល់បញ្ចូលទី​ឲ្យកូស្តា​រីកា សម្រាប់​ឱកាស​ដែលគេមាន​តែមួយលើកគត់នា​ជំនួប​ជាមួយ​ក្រិក​កន្លងមក៕




© រក្សាសិទ្ធិដោយ thmeythmey.com